ព័ត៌មានជាតិ
រកឃើញតំបន់ការពារធម្មជាតិ ២៧កន្លែង មានទីតាំងបេតិកភណ្ឌវប្បធម៌
ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញតំបន់ការពារធម្មជាតិចំនួន ២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ នៃតំបន់ការពារធម្មជាតិទាំង ៧៣កន្លែង។ នេះបើតាមផ្សាយផ្ដល់ព័ត៌មាន ពីក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ។

ការរកឃើញតំបន់ការពារធម្មជាតិ ២៧កន្លែងនេះ ត្រូវបានបង្ហាញនៅក្នុងពិធី “ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ” នៅថ្ងៃនេះ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ភឿង សក្ខណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងសិល្បៈ និង លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួង បរិស្ថាន។

លោក សេង សោត អគ្គនាយករង នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានមានប្រសាសន៍ថា សមិទ្ធិផលដ៏ត្រចះត្រចង់ និងមានសារប្រយោជន៍ដល់សង្គមជាតិដល់ការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងមរតកវប្បធម៌ឱ្យបានគង់វង្ស អាចលេចចេញជារូបរាងបាននាពេលនេះ ដោយសារតែគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការណែនាំរបស់ រដ្ឋមន្ត្រី សាយ សំអាល់ និងមានកិច្ចសហការល្អពីក្រុមការងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានធ្វើការយ៉ាងជិតស្និតជាមួយគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។

លោក សេង សោត មានប្រសាសន៍បន្តថា ជាលទ្ធផល នៅក្នុងចំណោមតំបន់ការពារធម្មជាតិទាំង ៧៣កន្លែង ក្រុមការងារបានរកឃើញតំបន់ការពារធម្មជាតិចំនួន ២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ ដោយមិនរាប់បញ្ចូលតំបន់ការពារទេសភាពអង្គរ តំបន់ការពារទេសភាពព្រះវិហារ និងតំបន់ការពារទេសភាពសម្បូរព្រៃគុក ដែលមានព្រះរាជក្រឹត្យ និងមានអង្គភាពគ្រប់គ្រងដោយឡែករួចទៅហើយ។ សំខាន់ជាងនេះទៅទៀត ក្រុមការងារបានរកឃើញទីតាំងបេតិកភណ្ឌវប្បធម៌ នៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដូចបានគោរពជម្រាបជូនខាងលើមានចំនួនកើនឡើង បើប្រៀបធៀបជាមួយទិន្នន័យដែលបានស្រាវជ្រាវ និងធ្វើការផ្សព្វផ្សាយកន្លងមក ដោយសាលាបារាំងចុងបូព៌ា។ ជាក់ស្តែងក្រុមការងារបានរកឃើញទីតាំងបេតិកភណ្ឌវប្បធម៌ ដែលមានក្នុង ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” មានចំនួនរហូតដល់ទៅ ១ ០៦៩កន្លែង។

បណ្ឌិតសភាចារ្យ ភឿង សក្ខណា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងទាំង២ ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ ដែលមានទីតាំងស្ថិតក្នុងតំបន់ការពារធម្មជាតិ និងជាតឹកតាងប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ ប្រពៃណីទំនៀមទំលាប់សាសនា និងព្រលឹងដូនតាបុព្វបុរសខ្មែរ តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។

គួរបញ្ជាក់ថា នៅអាណត្តិទី១ នៃព្រះរាជាណាចក្រកម្ពុជាទី២ រាជរដ្ឋាភិបាលបានបង្កើតតំបន់ការពារធម្មជាតិចំនួន ២៣កន្លែង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ ប៉ុន្តែ នេះមិនមែនមានន័យថា ព្រះរាជាណាចក្រកម្ពុជាទើបចាប់ផ្តើមបង្កើតតំបន់ការពារធម្មជាតិនោះទេ។ ជាអាទិ តំបន់អង្គរ ធ្លាប់មានងារជាឧទ្យានជាតិតាំងពីឆ្នាំ១៩២៥ មកម៉្លេះ ដែលជាតំបន់ការពារធម្មជាតិទី១ នៅកម្ពុជា ហើយក៏ជាតំបន់ការពារធម្មជាតិទី១ នៅអាស៊ីអគ្នេយ៍៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


