ព័ត៌មានជាតិ
សាលាបឋមសិក្សារោងដំរី ក្រុងព្រៃវែង រៀបចំលក់នំខ្មែរ បញ្ឈប់លក់ភេសជ្ជៈ នំកញ្ចប់ទាំងស្រុង
សាលាបឋមសិក្សារោងដំរី ក្រុងព្រៃវែង បន្តការគិតគូរសុខភាពសិស្សានុសិស្ស ពិសេសពាក់ព័ន្ធនឹងអនាម័យ និងការលក់ចំណីអាហារក្នុងសាលា ដោយបានបញ្ឈប់លក់នំកញ្ចប់គ្រប់ប្រភេទ ភេសជ្ជៈគ្រប់ប្រភេទដែលប៉ះពាល់សុខភាពកុមារ ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះមក។

លោក អ៊ឹង សារឿង ទទួលបន្ទុកផ្នែក ហិរញ្ញិក វិន័យ បរិស្ថាន អនាម័យ ផ្នែកលក់ដូរក្នុងសាលា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នេះថា ដើម្បីធានាគុណភាព សុខភាព និងអនាម័យដល់សិស្សានុសិស្ស សាលាបានរៀបចំកន្លែងលាងដៃ ក្នុងនោះថ្នាក់រៀននីមួយៗមានកន្លែងលាងដៃ សាប៊ូ កន្សែងដៃ ធុងទឹក ដោយក្រុមប្រឹក្សាសិស្សដើរពិនិត្យបរិស្ថានជាប្រចាំ។

លោកគ្រូ អ៊ឹង សារឿង បានឱ្យដឹងបន្តថា ចំពោះអ្នកលក់ ជំហានទី១ គណៈគ្រប់គ្រងសាលា បានអញ្ជើញអាជ្ញាធរមានដូចជា ចៅសង្កាត់ មេភូមិ មេប៉ុស្ដិ៍ ក្រុមប្រឹក្សាសង្កាត់ និងអ្នកលក់ក្នុងសាលាទាំងអស់ មកពិភាក្សាគ្នារឿង ចំណីអាហារជូនសិស្សានុសិស្ស ដោយសម្រេចបញ្ឈប់ការលក់នំកញ្ចប់ទាំងស្រុង។ ជាមួយគ្នានេះ បានឱ្យអ្នកលក់ក្នុងសាលាទាំងអស់ធ្វើកិច្ចសន្យាលក់នំខ្មែរ ដោយក្នុងកិច្ចសន្យាមានឈ្មោះនំច្រើនបានលើកជាឧទាហរណ៍គំរូ។

លោកគ្រូ អ៊ឹង សារឿង បញ្ជាក់ថា ក្នុងកិច្ចសន្យាមានបម្រាម បើលក់នំកញ្ចប់ ឬភេសជ្ជៈណាមួយដែលប៉ះពាល់សុខភាពដល់កុមារ អ្នកលក់នឹងសុំឈប់លក់ក្នុងសាលាទៀត។ តាមការសង្កេតតាមដានឃើញថា រយៈពេលប៉ុន្មានថ្ងៃនេះ ការលក់នំចំណីក្នុងសាលាមានការផ្លាស់ប្ដូរទាំងស្រុង គឺលក់តែនំខ្មែរ និងភេសជ្ជៈលក់តែទឹកសុទ្ធ ទឹកសណ្ដែក គ្រាប់ជី ទឹកអំពៅ។ ជាពិសេសអាណាព្យាបាលសប្បាយចិត្តខ្លាំង ក្រោយពីពួកគាត់ជូនកូនមកដល់សាលា។

ជាមួយគ្នានេះ អ្នកលក់បានឆ្លើយតប និងបង្ហាញផលលំបាក ចំពោះវិធានការថ្មីនេះ គឺ នំខ្មែរខ្លះ លក់បានត្រឹមតែ ១ថ្ងៃ ឯនំខ្មែរខ្លះ លក់បានត្រឹមតែ ២ថ្ងៃ ដូចជាបាយទ្រាប នំប៉ោង ជាដើម។ ទោះយ៉ាងណា អ្នកលក់ទទួលយកទាំងអស់ ចំពោះវិធានការ និងកិច្ចសន្យា។

គ្រូទទួលបន្ទុកផ្នែក ហិរញ្ញិក វិន័យ បរិស្ថាន អនាម័យ ផ្នែកលក់ដូរក្នុងសាលាបឋមសិក្សារោងដំរី រូបនេះបានឱ្យដឹងបន្ថែមថា កន្លងមកសិស្សានុសិស្សសាលា ធ្លាប់មានបញ្ហាសុខភាពជាច្រើនដូចជា ហូបនំកញ្ចប់រួច ក្អួត ក្ដៅខ្លួន រាគ។ ជាមួយគ្នានេះ លោកសូមសំណូមពរសាលារៀនទាំងអស់ក្នុងប្រទេសជួយគាំទ្រការលក់នំចំណីខ្មែរផលិតក្នុងភូមិ ឃុំរបស់ខ្លួន ដែលប្រកបដោយអនាម័យ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ស្តីពី ការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជនក្នុងទិសដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ។ ទោះជាយ៉ាងនេះក្ដី ក្រសួង នៅសង្កេតឃើញថា សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួនមានអាការៈពុលចំណីអាហារ ទន់ដៃទន់ជើង និងឈានទៅដួលសន្លប់។ ជាមួយគ្នានេះ ក្រសួង បានផ្សព្វផ្សាយពីចំណីអាហារបង្កហានិភ័យដល់សុខភាពកុមារ និងហាមឃាត់នៅក្នុងគ្រឹះស្ថានសិក្សាមានច្រើនប្រភេទ ជាប្រភេទនំកញ្ចប់ ចាហ៊ួយមានថង់ប្លាស្ទីក ប្រហិត សាច់ក្រក់ចៀនបំពងខ្លាញ់ ទឹកភេសជ្ជៈកំប៉ុង ជើងមាន់ស្រោបថង់ប្លាស្ទីករបស់ចិន ឪឡឹកផ្អែមដាក់ក្នុងកញ្ចប់ផ្ទាស្ទីក ទឹកសឺរ៉ូលាយលក្ខ និងចំណីអាហារនំកញ្ចប់គ្រប់ប្រភេទ។

តាមរបាយការណ៍របស់មន្ត្រីសុខាភិបាល មូលហេតុនៃអាការៈខាងលើនេះ បណ្តាលមកពីការទទួលទានចំណីអាហារមិនមានសុវត្ថិភាព និងសុខុមាលភាព ការបរិភោគគ្មានតុល្យភាព ការគេងមិនគ្រប់គ្រាន់ បរិស្ថានសិក្សាខ្វះអនាម័យ ការខ្វះចន្លោះក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការលក់ដូរចំណីអាហារ និងការចាត់វិធានការអនុវត្តដែលមិនទាន់បានល្អប្រសើរនៅតាមគ្រឹះស្ថានសិក្សា៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ