ព័ត៌មានជាតិ
សំណង់ថ្មីថែមទៀត បន្តសាងសង់តាមដងស្ទឹងសង្កែ បំពានការណែនាំរបស់អភិបាលខេត្ត
សំណង់រឹងរំលោភបំពានដីមាត់ស្ទឹងសង្កែ ចាប់ផ្តើមកើតឡើងមួយករណីទៀតហើយ ក្រោយពីមានការផ្ទុះឡើងលើបណ្តាញសង្គមព្រោងព្រាត បានរិះគន់អ្នកមានលុយមានអំណាចបានសាងសង់ “រីសត” រំលោភបំពានដីចំណីស្ទឹងសង្កែកាលពីពេលកន្លងទៅនេះ។
ការរីករាលដាលសំណង់រឹងបំពានដីមាត់ស្ទឹងសង្កែជាបន្តបន្ទាប់នេះ ធ្វើឡើងក្រោយពីមានសំណង់រឹងមាំបំពានច្បាប់មួយបានកើតឡើង (រីសត) ដំបូងគេនៅប៉ែកខាងលើដែលជាគំរូទើបមានការសាងសង់បន្តគ្នាយ៉ាងរលូនបែបនេះ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព និងប៉ះពាល់ក្នុងការស្តារជួសជុលច្រាំងស្ទឹង ក្នុងរយះពេលណាមួយដែលត្រូវធ្វើការអភិវឌ្ឍន៍។
បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹងយូរឆ្នាំជាច្រើនគ្រួសារ បានលើកឡើងដោយពួកគាត់សុំមិនបញ្ចេញឈ្មោះថា “ពួកខ្ញុំបានរស់នៅយូរឆ្នាំហើយ តែពួកខ្ញុំមិនហានធ្វើបែបនេះទេបើទោះបីមានលុយសាងសង់ក៏ដោយ បើទោះបីមិនខ្លាចច្បាប់ ក៏ពួកខ្ញុំរអៀសខ្លួនខ្លាចខ្មាស់គេដែរ ព្រោះដីបែបនេះជាដីចំណីស្ទឹងដែលជាសម្បត្តិរដ្ឋគួរតែចូលរួមជួយថែរក្សាទាំងអស់គ្នា”។

ពួកគាត់បង្ហើបឲ្យដឹងទៀតថា ការសាងសង់ចុងក្រោយនេះគឺជាសំណង់រឹងជាលើកទី ៣ ហើយ ដែលបានបំពានលើដីចំណីស្ទឹងសង្កែ ស្ថិតក្នុងភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ។ សំណង់នេះបានសាងសង់ឡើងអស់រយះពេលជិត ២ ខែហើយ ដោយគ្មានការហាមឃាត់ណាមួយពីមន្ត្រីជំនាញឡើយ បើទោះបីបានសាងសង់រំលោភយកដីណីដងស្ទឹងទាំងស្រុងក៏ដោយ ក៏នៅតែមានការបុកគ្រឹះចាក់បេតុងខាងក្រោមហើយផ្នែកលើគឺគ្រោងដែកបានយ៉ាងរលូន។
លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បានដឹងអំពីសំណង់ដែលបានសាងសង់រំលោភដីចំណីស្ទឹង គ្មានច្បាប់អនុញ្ញាត។ លោកបានស៊ីញ៉េលើលិខិតមួយច្បាប់កាលពីថ្ងៃទី៣០ ខែសីហា ដើម្បីឲ្យម្ចាស់សំណង់ផ្អាកការសាងសង ព្រោះសំណង់រំលោភយកដីចំណីស្ទឹងដោយគ្មានច្បាប់អនុញ្ញាត។ តែលោកអភិបាលស្រុករូបនេះមិនបានបញ្ជាក់ថា តើតម្រូវឲ្យម្ចាស់សំណង់ត្រូវរុះរើសំណង់នោះចោលវិញឬយ៉ាងណានោះទេ។
សូមរំលឹកផងដែរថា ក្រោយពីមានករណីសាងសង់ “រីសត” រំលោភយកដីចំណីស្ទឹង ១ ករណីយ៉ាងចម្រូងចម្រាស់ លោក សុខ លូ អភិបាលខេត្តបាត់ដំបងក៏ចេញលិខិតជូនដំំណឹងដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវពិនិត្យទប់ស្កាត់ និងត្រូវបញ្ឈប់រាល់ការសាងសង់សំណង់នានាដែលបន្តរំលោភលើដីចំណីមាត់ស្ទឹង បឹងបួរ ឬ អូរព្រែក ដោយខុសច្បាប់។ ក្រោយការចេញការណែនាំ ក៏មានការសាងសង់បន្តនៅផ្នែកខាងក្រោមរហូតដល់ ២ ករណីបន្ថែមទៀត ធ្វើឲ្យពលរដ្ឋនិងមហាជនបន្តការរិះគន់លើករណីដដែលៗនេះតគ្នាដូចសត្វខ្យង។

ការបន្តសាងសង់សំណង់រឹងបំពានលើដីចំណីស្ទឹងនេះ បានកើតឡើង ២ ករណីបន្ថែមទៀតបន្ទាប់ពីសំណង់រឹង ប្រភេទ”រីសត”។ ក្រោយមកក៏មានការសាងសង់សំណង់កម្ពស់បីជាន់បានសាងសង់លើចំណីស្ទឹងស្ថិតនៅភូមិថ្កូវ សង្កាត់ក្តុល ដូនទាវ ក្រុងបាត់ដំបង ហើយក៏ត្រូវបានលោកអភិបាលក្រុងចេញសេចក្តីជូនដំណឹងឲ្យផ្អាកការសាងសង់បណ្ដោះអាសន្ន ។ ចំណែកករណីទី២ បានសាងសង់សំណង់រឹងស្ថិតនៅក្នុងភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ហើយលោកអភិបាលស្រុកឯកភ្នំក៏បានចេញសេចក្តីជូនដំណឹងឲ្យផ្អាកការសាងសង់ផងដែរ។
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ