ព័ត៌មានជាតិ
លោកទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការជំរុញនវានុវត្តន៍ និងចីរភាពក្នុងសកម្មភាពមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ
ភ្នំពេញ ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការជំរុញនវានុវត្តន៍ និងចីរភាពក្នុងសកម្មភាពមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលប្រព្រឹត្តិទៅចាប់ថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៣ សណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលាថ្នាក់តំបន់នេះ បានរៀបចំឡើងដោយអាជ្ញាធរមីន និងទទួលការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលមានប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណៈរដ្ឋកូរ៉េ និង UNDP ជាដៃគូ ព្រមទាំងមានការចូលរួមពី ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតប្រចាំកម្ពុជា តំណាងស្ថាប័ននានា និងគណៈប្រតិភូកម្ពុជា និងប្រទេសក្នុងតំបន់រួមមានប្រទេសឡាវ ហ្វីលីពីន ថៃ និងវៀតណាម។

លោក ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា វិបត្តិ និងជម្លោះក្នុងតំបន់និងពិភពលោកប៉ុន្មានឆ្នាំកន្លងនេះ បានជំរុញឲ្យមានការកើនឡើងនៃការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស និងកើនឡើងផ្ទៃដីមានមីន ព្រមទាំងបានបង្កើតជាបញ្ហាប្រឈម និងហានិភ័យថ្មីៗជាបន្តបន្ទាប់ទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត ក៏ដូចជាជំរុញឲ្យរដ្ឋ និងតំបន់ចំនួន ៦០ ទទួលរងគ្រោះដោយសារគ្រាន់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផងដែរ។ ទោះបីជាមានការខិតខំប្រឹងប្រែងជាទ្រង់ទ្រាយអន្តរជាតិក្នុងហាមប្រាមការប្រើប្រាស់មីន គ្រាប់មីននៅតែត្រូវបានបន្តប្រើប្រាស់នៅក្នុងស្ថានភាពជម្លោះនានា។ អាស៊ី ត្រូវបានគេចាត់ចូលជាទ្វីបដែលរងគ្រោះខ្លាំងដោយសារគ្រាប់មីន ហើយប្រទេសមួយចំនួននៃតំបន់អាស៊ាន រួមមាន មីយ៉ានម៉ា ថៃ កម្ពុជា ឡាវ វៀតណាម និងហ្វីលីពីន ជាប្រទេសដែលរងគ្រោះខ្លាំងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា បញ្ហាមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែជាបញ្ហាប្រឈមសម្រាប់កម្ពុជា ប៉ុន្តែដោយសារកត្តាសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងការដាក់ចេញនូវទស្សនវិស័យដឹកនាំច្បាស់លាស់របស់រាជរដ្ឋាភិបាល កម្ពុជាអាចដោះស្រាយបាន និងឈានទៅសម្រេចគោលដៅរបស់ខ្លួន។
លោកទេសរដ្ឋមន្ត្រី បានយកឱកាសនោះសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានឆន្ទៈបន្តការពារសន្តិភាព និងស្ថិរភាពសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ដូចអ្វីថ្មីៗនេះក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសង្កត់ធ្ងន់ថា “សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ គឺជាមូលដ្ឋានសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងមនុស្ស ហើយប្រសិនបើគ្មានសន្តិភាពទេ សិទ្ធិ និងសេរីភាពរបស់មនុស្ស មិនអាចការពារបានឡើយ ហើយភាពរុងរឿង និងការអភិវឌ្ឍក៏មិនអាចកើតមានឡើងផងដែរ”។

លោកទេសរដ្ឋមន្ត្រី បានបន្តថ្លែងទៀតថា ជាមួយនឹងសមិទ្ធផលសម្រេចបាន និងជំនាញរបស់កម្ពុជា កម្ពុជានឹងបន្តចូលរួមក្នុងការកសាងសមត្ថភាពតាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាល ទទួលទស្សនកិច្ចសិក្សា និងផ្តល់ព័ត៌មាននានាជាមួយស្ថាប័ននានាទាំងក្នុងនិងក្រៅតំបន់ ដើម្បីរួមគ្នាបញ្ចប់នូវសោកនាដកម្ម និងភាពឈឺចាប់ដែលបង្កដោយគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះនៅកម្ពុជា នៅតំបន់ និងទូទាំងពិភពលោក៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


