Connect with us

ព័ត៌មានជាតិ

ស្ត្រីជាង ៤ម៉ឺននាក់ បានទៅពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដោយប្រើប័ណ្ណ ប.ស.ស.

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដំឡើងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់ស្ត្រីមានផ្ទៃពោះ ដែលជាសមាជិក ប.ស.ស. ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ ដើម្បីបន្តគាំពារស្រ្តីអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនមានអាយុក្រោម ២ឆ្នាំ។ បើតាមរបាយការណ៍ថ្មីមួយ គិតពីដើមខែសីហា ឆ្នាំ ២០២៣ ដល់ដើមសប្តាហ៍ទី ១ ខែតុលា ឆ្នាំ ២០២៣ មានស្ត្រីចំនួនជាង ៤ម៉ឺន ៣ពាន់នាក់ បានទៅពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេស ដោយប្រើប័ណ្ណ ប.ស.ស.។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ ឈ្មោះ កួន ស្រីទូច ដែលមកសម្រាលកូនទី ២ នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ដោយប្រើប័ណ្ណសមាជិក ប.ស.ស. ប្រាប់ថា គាត់មិនមានការចំណាយលុយ ក្នុងការសម្រាលកូន និងសម្រាកក្នុងមន្ទីរពេទ្យនោះទេ ហើយថែមទាំងទទួលបានលុយឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ៨០ម៉ឺនរៀលទៀត។

កម្មការិនីរូបនេះ លើកឡើងថា មុនពេលសម្រាលកូន គាត់ក៏ទទួលបានលុយ ៨ម៉ឺនរៀល សម្រាប់ការពិនិត្យផ្ទៃពោះម្តងផងដែរ។ កម្មការិនី កួន ស្រីទូច ប្រាប់ថា ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ គឺមិនពិបាកទេ ដោយមុនដំបូងត្រូវយកឯកសារ ទៅដាក់នៅការិយាល័យ ប.ស.ស. រួមមាន ប័ណ្ណ ប.ស.ស. អត្តសញ្ញាណប័ណ្ណ សៀវភៅពិនិត្យផ្ទៃពោះ ដើម្បីទទួលឯកសារបញ្ជាក់ពី ប.ស.ស. បន្ទាប់មកគឺភ្ជាប់ឯកសារនោះ យកទៅពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅមន្ទីរពេទ្យបានហើយ។ 

ចំណែកកម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ម្នាក់ទៀត ឈ្មោះ ជឹម ហ៊ា ដែលត្រៀមសម្រាលកូនដំបូង នៅមន្ទីរពេទ្យព្រះអង្គឌួងនេះដែរ ប្រាប់ថាគាត់តែងមកពិនិត្យផ្ទៃពោះ ជាទៀងទាត់តាមកាលកំណត់របស់គ្រូពេទ្យ។ កម្មការិនីរូបនេះ សម្តែងភាពរីករាយចំពោះការ ទទួលបានអត្ថប្រយោជន៍បន្ថែមពីការប្រើប័ណ្ណ ប.ស.ស. ដោយសារការពិនិត្យផ្ទៃពោះមិនអស់លុយ ហើយថែមទាំងទទួលបានលុយ ៨ម៉ឺនរៀលសម្រាប់ការពិនិត្យផ្ទៃពោះម្តង រួមនិងទទួលបានលុយ ៨០ម៉ឺនរៀល ពេលសម្រាលកូនទៀត។ បន្ថែមពីនេះ ក្រោយពេលសម្រាលកូន គាត់នឹងទទួលបានលុយឧបត្ថម្ភ រហូតដល់កូនអាយុក្រោម២ឆ្នាំផងដែរ។    

អនុប្រធានការិយាល័យនៃមន្ទីរពេទ្យព្រះអង្គឌួង ទទួលបន្ទុកផ្នែក ប.ស.ស. លោកស្រី ឃួន វ៉ាន់ឌី បង្ហាញថា រយៈពេល ៩ខែ ក្នុងឆ្នាំ ២០២៣នេះ មានស្ត្រីមកពិនិត្យផ្ទៃពោះ និងសម្រាលកូន ចំនួនជាង ២ម៉ឺន ៦ពាន់នាក់ នៅមន្ទីរពេទ្យព្រះអង្គឌួង តាមរយៈការប្រើប័ណ្ណ ប.ស.ស.។ លោកស្រី លើកទឹកចិត្តចំពោះស្ត្រីមានផ្ទៃពោះ មានប័ណ្ណ ប.ស.ស. មកពិនិត្យផ្ទៃពោះឲ្យបានទៀតទាត់ តាមកាលកំណត់របស់គ្រូពេទ្យ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ ក៏ដូចជាអាចទទួលបានប្រាក់ឧបត្ថម្ភពី ប.ស.ស. បានឆាប់រហ័សផងដែរ។

លោកស្រី បញ្ជាក់ថា ខាង ប.ស.ស. បានផ្តល់កម្មវិធីស្វ័យ ប្រវត្តិកម្មទិន្នន័យ មកខាងមន្ទីរពេទ្យ ដែលមានភាពងាយស្រួល សម្រាប់មន្ទីរពេទ្យអាចបញ្ចូលព័ត៌មានរបស់ស្ត្រីមកពិនិត្យ និងសម្រាលកូននៅក្នុងមន្ទីរពេទ្យ ហើយបញ្ជូនទៅកាន់ផ្នែក ប.ស.ស. វិញ បានឆាប់រហ័សដើម្បីបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនអ្នកជំងឺមានផ្ទៃពោះ។

សូមជម្រាបថា ក្រោយពេលដែលស្ត្រីមានផ្ទៃពោះ បានបំពេញតាមលក្ខខណ្ឌកំណត់ហើយនោះ ប.ស.ស. នឹងចាប់ផ្ដើមទទួលបានប្រាក់ឧបត្ថម្ភ ជា ៣ដំណាក់កាល ស្មើនឹងចំនួន ១៥លើក គឺចាប់តាំងពីពិនិត្យផ្ទៃពោះ ពេលសម្រាលកូន រហូតដល់កូនមានអាយុក្រោម ២ឆ្នាំ។

ក្នុងនោះសម្រាប់ដំណាក់កាលទី ១ ជាដំណាក់កាលដែលស្ត្រីទៅពិនិត្យផ្ទៃពោះចំនួន ៤ដង ដោយការពិនិត្យផ្ទៃពោះក្នុងមួយដងៗនឹងទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល។ ដំណាក់កាលទី ២ នៅពេលសម្រាល ដែលនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀលសម្រាប់កូនមួយ បើក្នុងករណីកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀល ហើយបើកូនភ្លោះបី នឹងទទួលបានរហូតដល់ ១លាន ៦សែនរៀល ព្រមទាំងប្រាក់ឧបត្ថម្ភផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ៥លានរៀលបន្ថែមទៀត។

ចំណែកដំណាក់កាលទី ៣ ជាដំណាក់ក្រោយសម្រាល រហូតកូនមានអាយុក្រោម ២ឆ្នាំ នឹងទទួលបានការឧបត្ថម្ភបន្ថែមចំនួន ១០លើក ដោយក្នុងមួយលើកៗទទួលបានថវិកាចំនួន ៨ម៉ឺនរៀល។ ក្នុងនោះមានការពិនិត្យសុខភាពសម្រាប់ម្តាយចំនួន ៣លើក និងការចាក់វ៉ាក់សាំងសម្រាប់កូន ចំនួន ៧លើក។ លើសពីនេះ ស្រ្តីមានផ្ទៃពោះទាំងអស់ ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស នឹងទទួលបានប្រាក់បំណាច់មាតុភាពចំនួន ១២០ភាគរយ នៃប្រាក់ឈ្នួល ដោយ ៥០ភាគរយទទួលបានពីម្ចាស់រោងចក្រ និង ៧០ភាគរយបានពី ប.ស.ស ព្រមទាំងអត្ថប្រយោជន៍ផេ្សងៗជាច្រើនទៀត។

គោលនយោបាយជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពី ការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំនេះ គឺជាការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុក្រោម ២ឆ្នាំ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ឲ្យស្របតាមគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

Sokha Hotels

ព័ត៌មានពេញនិយម