Connect with us

ព័ត៌មានជាតិ

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មានចំណតសម្រាប់ចត​អាកាស​យាន​ចំនួន ៣៨ចំណត

បានផុស

នៅ

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មានចំណតសម្រាប់ចត​អាកាស​យាន​ចំនួន ៣៨ចំណត ហើយអាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០,០០០តោន ក្នុងមួយឆ្នាំ។ អាកាសយាន្តដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរថ្មីនេះ បានចាប់ផ្តើមបើកដំណើរការ ទទួលជើងហោះហើរលើកដំបូង កាលពីព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបើកដំណើរការទទួលជើងហោះហើរផ្លូវការនេះ រៀបចំឡើងក្រោម​អធិបតីភាព​លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុម​ហ៊ុន​វិនិយោគផងដែរ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើម​សាងសង់​កាល​ពីខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១,១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលាន​យន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) មានភាគហ៊ុនិក១៖ ក្រុមហ៊ុន​វិនិយោគយូណាន (Yunnan Investment Group) មានភាគហ៊ុនចំនួន ៧៦.៦%, ២៖ ក្រុម​ហ៊ុន​សំណង់យូណាន (Yun​nan Construction Group) មានភាគហ៊ុនចំនួន ២០% និង ៣៖ ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) មានភាគហ៊ុនចំនួន ៣.៤%។

អាកាសយានដ្ឋានថ្មី​ ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបាន​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្រេច​ដាក់​ឈ្មោះ​ជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូ​ម៉ែត្រ ​ពីក្រុងសៀមរាប។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានទទួលលេខកូដជាផ្លូវការពីសមាគម​ដឹក​ជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពី​អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ មានចំណតសម្រាប់ចត​អាកាស​យាន​ចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២​លាននាក់ ក្នុងមួយឆ្នាំ ចាប់​ពី ២០៤០។

ជាមួយគ្នានេះ អាកាសយាន្តដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០,០០០តោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦,០០០តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០៤០ ព្រម​ទាំង​អាចទទួលជើងហោះហើរបានពី ៦៥,៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២,៧០០ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០៤០។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជា​អ្នក​នាំពាក្យ​អាកាស​ចរស៊ីវិល បានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ ពិធីសម្ពោធជាផ្លូវការ អាកាស​យាន្ត​ដ្ឋាន​អន្តរ​ជាតិ​សៀមរាបអង្គរថ្មី នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម