ព័ត៌មានជាតិ
លោក ស៊ីន ចាន់សេរីវុត្ថា៖ ចម្ងាយផ្លូវជិត ៥០គីឡូ តម្លៃ ៨ដុល្លារ ពីព្រលានទៅសៀមរាប ធៀបនឹងសេវាផ្សេងមិនខុសគ្នា
បើពិនិត្យតម្លៃដឹកជញ្ជូនតម្លៃរថយន្តក្រុង ៨ដុល្លារក្នុងម្នាក់ សម្រាប់រយៈចម្ងាយជិត៥០គីឡូម៉ែត្រ ពីព្រលានយន្តហោះថ្មី ទៅទីរួមខេត្តសៀមរាប ធៀបនឹងការសេវាដឹកជញ្ជូនផ្សេងទៀត គិតជាគីឡូម៉ែត្រ គឺសេវាដឹកជញ្ជូនទាំងពីរនេះមិនមានអ្វីខុសគ្នាទេ។

ចំពោះតម្លៃសេវាដឹកជញ្ជូនវិញ អាស្រ័យទៅលើជម្រើសរបស់អ្នកធ្វើដំណើរ បើសិនជាអ្នកធ្វើដំណើរគិតថាថ្លៃ អាចមានការជ្រើសរើសរកសេវាដឹកជញ្ជូនផ្សេងៗទៀត ដែលមិនស្ថិតនៅក្នុងសមាគមអ្នកដឹកជញ្ជូន ក្នុងអាកាសយានដ្ឋានក៏បានផងដែរ។ នេះជាការបញ្ជាក់របស់លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល។
ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា ចំពោះអ្នកដឹកជញ្ជូនផ្សេងៗទៀត នៅក្រៅប្រព័ន្ធ ដែលចង់ចូលក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មិនមានការហាមឃាត់នោះទេ ដោយត្រូវមកចុះបញ្ជីជាមួយសមាគមដឹកជញ្ជូន ព្រោះថា ការធ្វើបែបនេះ ដើម្បីរក្សានូវសណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់អ្នកធ្វើដំណើរនៅក្នុងអាកាសយានដ្ឋាន។

ចំណែកឯអ្នកនៅក្រៅប្រព័ន្ធផ្សេងទៀត ដែលមិនបានចុះបញ្ជីក៏អាចចូលដឹកជញ្ជូនអ្នកដំណើរបានដែរ ដូចគ្នានឹងព្រលានយន្តហោះផ្សេងៗទៀត ដោយមិនមានហាមឃាត់មិនឱ្យចូលនោះទេ។ ប៉ុន្តែបើត្រូវការចត គឺត្រូវបង់ថ្លៃចំណត។
អ្នកនាំពាក្យអាកាសចរស៊ីវិល លើកឡើងបែបនេះ គឺឆ្លើយតបនឹងការប្រតិកម្មរបស់សាធារណជនជុំវិញ ការលើកឡើងថា សេវាដឹកជញ្ជូនពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទៅទីរួមខេត្តសៀមរាប មានតម្លៃថ្លៃ។

ជុំវិញបញ្ហាញនេះ លោក ស៊ីន ចាន់សេរីវុត្ថា បានចេញមកពន្យល់អំពីករណីការប្រើប្រាស់សេវាដឹកជញ្ជូន នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីឱ្យប្រជាពលរដ្ឋ កាន់តែយល់ច្បាស់ និងអះអាងថា អ្នកធ្វើដំណើរអាចប្រើសេវាដឹកជញ្ជូនផ្សេងៗ តាមតម្រូវការបានផងដែរ។
លោកបន្តថា ចំពោះសេវាដឹកជញ្ជូនក្រៅប្រព័ន្ធ ត្រូវបានអនុវត្ដធម្មតា ដូចអាកាសយាន្ដដ្ឋានអន្ដរជាតិផ្សេងៗដទៃទៀត ដោយមិនមានការប្រែប្រួលនោះឡើយ ហើយក៏មិនមានការហាមឃាត់មិនឲ្យអ្នកដឹកជញ្ជូនចូលទៅដឹកអ្នកដំណើរ នៅក្នុងអាកាសយាន្ដដ្ឋាន សៀមរាប-អង្គរផងដែរ។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានសម្រេចផ្ទេរសិទ្ធិឲ្យក្រុមហ៊ុនមួយ ជាអ្នកធ្វើប្រតិបត្ដិការសេវាកម្មដឹកជញ្ជូន នៅក្នុងអាកាសយានដ្ឋាន ដែលមានតម្លៃ៖ រថយន្តធុនតូច ៣៥ដុល្លារមួយជើង និងឡានក្រុងតូច ៤០ដុល្លារមួយជើង ឬ៨ដុល្លារក្នុងម្នាក់។
លោកបន្ដថា ការបង្កើតសេវាកម្មនេះ គឺដោយសារតែអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាអាកាសយានដ្ឋានថ្មី ហើយមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីទីរួមខេត្ដសៀមរាប មិនទាន់មានសេវាដឹកជញ្ជូនសាធារណៈទៅដល់ទីនោះ ទើបអាកាសយាន្ដដ្ឋានសម្រេច ឱ្យមានប្រតិបត្តិការសេវាកម្មតាក់ស៊ី។
ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៊ិន (ខេមបូឌា) ឯ.ក នាពេលថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងអំពីតាក់ស៊ី នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយបានផ្ទេរសិទ្ធិឲ្យ Tourist Transport Association for Siem Reap International Airport (TTA) ធ្វើប្រតិបត្តិការសេវាកម្មតាក់ស៊ី ដើម្បីធានាការធ្វើដំណើររបស់ភ្ញៀវទេសចរ។
ដោយឡែកសម្រាប់ការខុសអក្សរ ឬពាក្យដែលដាក់នៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ជាកំហុសបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ ហើយត្រូវបានកែសម្រួលរួចរាល់ផងដែរ។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងបន្តធ្វើការត្រួតពិនិត្យលើការប្រើប្រាស់ភាសាខ្មែរ នៅក្នុងអាកាសយានដ្ឋានឱ្យបានប្រសើរជាងនេះ។ នេះជាការគូសបញ្ជាក់របស់លោក ស៊ីន ចាន់សេរីវុត្ថា៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន