ព័ត៌មានជាតិ
ក្រុមហ៊ុនធំមួយរបស់កូរ៉េសហការជាមួយសាកលវិទ្យាល័យអន្ដរជាតិផ្តោតលើការបណ្ដុះបណ្ដាលផ្នែកសុខាភិបាល
ក្រុមហ៊ុន Wannabe Group (វ៉ាន់ណាប៊ីគ្រុប) ដែលជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េខាងត្បូង បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់(MOU)ជាមួយសាកលវិទ្យាល័យអន្ដរជាតិរយៈពេល៥ឆ្នាំ ដើម្បីជំរុញការបណ្ដុះបណ្ដាលផ្នែកសុខាភិបាល ។

អនុស្សារណៈយោគយល់នេះត្រូវបានចុះហត្ថលេខាកាលពីរសៀលថ្ងៃទី២០ខែតុលាឆ្នាំ២០២៣រវាងលោក Jeon Young-cheol (ជុន យុងឈុល) ប្រធានក្រុមហ៊ុន wannabe group (វ៉ាន់ណាប៊ីគ្រុប)ជាមួយលោក បណ្ឌិតសភាចារ្យ នេត បារ៉ុម សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអន្ដរជាតិនៅសាកលវិទ្យាល័យអន្ដរជាតិ។

លោកបណ្ឌិតសភាចារ្យ នេត បារ៉ុម បានមានប្រសាសន៍ថា កន្លងមកសាកលវិទ្យាល័យអន្ដរជាតិ បានធ្វើការសហប្រតិបត្តិការជាមួយបណ្ដាដៃគូបរទេសជាច្រើន ដែលក្នុងនោះភាគច្រើនជាមួយប្រទេសកូរ៉េ ក្នុងន័យផ្ដល់ចំណេះ និងជំនាញបានពេញលេញសម្រាប់និស្សិតដែលបាននិងកំពុងសិក្សាក្នុងក្របខណ្ឌសាកលវិទ្យាល័យអន្ដរជាតិ សម្រាប់មុខជំនាញបច្ចេកវិទ្យា វិទ្យាសាស្រ្ដសុខាភិបាលដូចជាទន្ដសាស្រ្ដជាដើម។

លោកបាមបន្តថា សម្រាប់ការចុះអនុស្សារណៈជាមួយភាគីកូរ៉េនាពេលនេះ គឺជាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត ដើម្បីពង្រឹងនិងពង្រីកគុណភាពនៃការបណ្ដុះបណ្ដាលអប់រំ ដោយប្រើប្រាស់បច្ចេកវិទ្យាMetaverse។ បច្ចេកវិទ្យានេះ គឺអាចអនុញ្ញាតឱ្យយើងមានភាពងាយស្រួលក្នុងការរៀននិងបង្រៀនពីចម្ងាយ ដោយប្រើបច្ចេកវិទ្យាបំប្លែងពិភពនិម្មិតឱ្យដូចទៅនឹងពិភពពិតដែលយើងកំពុងរស់នៅ ហើយមានគុណភាពល្អប្រសើរជាងបច្ចេកវិទ្យាមួយចំនួន ដែលយើងកំពុងពេញនិយមប្រើប្រាស់នាពេលសព្វថ្ងៃ។

លោក Jeon Young-cheol (ជុន យុងឈុល) ប្រធានក្រុមហ៊ុនWannabe group បានបញ្ជាក់ថាពិភពលោកបច្ចុប្បន្នបានដើរដល់បដិវដ្ដន៍ឧស្សាហកម្ម ៤.០ ដែលជាសម័យកាលនៃបច្ចេកវិទ្យាឌីជីថល ហើយបច្ចុប្បន្នេះ សម្រាប់ប្រទេសកូរ៉េ ជាពិសេសគឺក្រុមហ៊ុន Wannabe group របស់លោក កំពុងធ្វើការយ៉ាងសកម្មជាមួយនឹងបច្ចេកវិទ្យាMetaverse ខណៈដែលប្រទេសកូរ៉េរបស់លោក កំពុងតែស្ថិតក្នុងដំណើរការយ៉ាងពេញច្រើនរហូតដល់ខ្ទង់ម៉ឺនទីតាំងក្នុងស្រុក។ ដោយឡែក លោកមើលឃើញថា សម្រាប់កម្ពុជា ដែលជាប្រទេសកំពុងរៀបចំខ្លួនដើម្បីឈានចាប់យកបច្ចេកវិទ្យាទំនើបៗ គឺទាមទារជាចាំបាច់ណាស់នូវបទពិសោធន៍ និងជំនាញគ្រប់គ្រាន់ ដើម្បីឈានចូលក្នុងសង្គមបច្ចេកវិទ្យាបានដោយរលូន និងអាចទាញយកប្រយោជន៍យ៉ាងមហិមាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកបានបញ្ជាក់ឱ្យដឹងថា Metaverse សំដៅលើពិភពលោកដែលបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាការពិភពនិម្មិត ដើម្បីឲ្យស្រដៀងទៅនឹងពិភពពិតដែលយើងរស់នៅ។ នៅក្នុងពិភពនិម្មិតនេះ មិនត្រឹមតែមានអន្តរកម្មជាមួយមនុស្សផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្មភាពប្រើប្រាស់ដោយប្រើរូបតំណាងផងដែរ ដែលអាចជួយឱ្យក្រុមហ៊ុនជុំវិញពិភពលោករីកចម្រើននាពេលអនាគត។ វាគឺជាវិស័យឧស្សាហកម្មដ៏ជោគជ័យមួយ ដែលត្រូវបានចាត់ទុកជាឧស្សាហកម្មមួយ និងជាការវិនិយោគដែលកំពុងទទួលការចាប់អារម្មណ៍ខ្ពស់។
WANNABE GROUP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ក្នុងគោលដៅជំរុញ “ប្រព័ន្ធសុខុមាលភាពដែលទ្រទ្រង់ដោយខ្លួនឯង” “self-sustaining welfare system”។ WANNABE GROUP មានទស្សនវិស័យជួយមនុស្សដែលមានជំនាញព័ត៌មានវិទ្យា និងបច្ចេកវិទ្យាខ្សោយក្នុងការសម្របខ្លួនឱ្យទាន់ពេលវេលា និងអាចឈរជើងបានដោយរឹងមាំក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី ៤ នេះ៕







-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


