ព័ត៌មានជាតិ
ក្បាលដី ជាង ៧០០ កន្លែង នៅឃុំប៉ាក់ខ្លង បានកំណត់វិនិច្ឆ័យរួចរាល់ តែតម្រូវឲ្យមានការពិនិត្យពីម្ចាស់កម្មសិទ្ធិ
មន្ត្រីជំនាញ បានកំណត់វិនិច្ឆ័យដីធ្លីជូនពលរដ្ឋនៅភូមិ ២ និងភូមិ ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា រួចរាល់ហើយ ប៉ុន្តែតម្រូវឲ្យពលរដ្ឋម្ចាស់កម្មសិទ្ធិមកផ្ទៀងផ្ទាត់ទិន្នន័យលម្អិតរយៈពេល ១៥ ថ្ងៃ មុននឹងចេញប្លង់ជាផ្លូវការ។

លោក ហ៊ាង ប៊ុណ្ណា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានលើកឡើងនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ នេះថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ដំណាក់កាលទី ៥) ដែលត្រៀមចេញចែកជូនពលរដ្ឋរស់នៅភូមិ ២ និងភូមិ មានក្បាលដីសរុបចំនួន ៧៦៦ ក្បាលដី។

លោក ហ៊ាង ប៊ុណ្ណា បន្ថែមថា ភូមិ ២ មានក្បាលដីសរុបចំនួន ៥៤៨ ក្បាល ក្នុងនោះក្បាលដីមានទិន្នន័យចំនួន ៣៨៣ ក្បាលដី និងគ្មានទិន្នន័យ ចំនួន ១៦៥ ក្បាលដី និងភូមិ ៣ ក្បាលដីសរុបចំនួន ២១៨ ក្បាលដី ក្នុងនោះក្បាលដីមានទិន្នន័យចំនួន ១៨៩ ក្បាលដី និងក្បាលដីគ្មានទិន្នន័យចំនួន ២៩ ក្បាលដី។

ទោះបីជាបែបនេះក្តី មន្ត្រីជំនាញ សូមអំពាវនាវដល់ពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិអចលនវត្ថុនីមួយៗ អញ្ជើញមកពិនិត្យទិន្នន័យដីធ្លីរបស់ខ្លួនឲ្យលម្អិត មុននឹងចេញបណ្ណសម្គាល់នៅថ្ងៃមុខ។ ករណីខុសឈ្មោះ ខុសទំហំទីតាំងដី ឬវាស់វែងជាន់ព្រំប្រទល់គ្នា ពលរដ្ឋតវ៉ាសុំឲ្យកែតម្រូវបានឡើងវិញ កុំចាំចេញប្លង់មកកែតម្រូវនាំចំណាយពេលវេលា និងថវិកាច្រើន។

ក្នុងពិធីប្រកាសផ្សព្វផ្សាយកំណត់វិនិច្ឆ័យដីធ្លីរយៈពេល ១៥ ថ្ងៃ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ថ្លែងថា រដ្ឋបាលខេត្ត និងមន្ទីរជំនាញ បានប្រឹងប្រែងលើការកំណត់វិនិច្ឆ័យ និងចេញបណ្ណសម្គាល់អចលនវត្ថុជូនពលរដ្ឋទូទាំងខេត្តឲ្យបាន ១០០ ភាគរយ។

ការបង្កើនដោះស្រាយការងារវាស់វែងវិនិច្ឆ័យ និងចេញបណ្ណសម្គាល់ដីធ្លីនេះ ធ្វើឡើងដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ ខណៈរស់នៅអាស្រ័យលើ និងធ្វើអាជីវកម្មដោយស្របច្បាប់ ចៀសវាងមានការរំលោភបំពានពីបុគ្គលណាម្នាក់។

លោក សុខ សុទ្ធី ក៏សំណូមពរដល់ពលរដ្ឋម្ចាស់កម្មសិទ្ធិដីធ្លីទាំងនេះ ត្រូវធ្វើយ៉ាងណាចូលរួមសហការជាមួយមន្ត្រីជំនាញ គ្រប់នីតិវិធីអនុវត្តដំណាក់កាលទី ៤ រហូតដល់ដំណាក់កាលចេញបណ្ណសម្គាល់កម្មសិទ្ធិបានដោយរលូន។ ទៀតសោត នៅពេលទទួលបានបណ្ណសម្គាល់អចលនវត្ថុហើយ ត្រូវរៀបចំទុកដាក់ឲ្យមានសុវត្ថិភាពល្អ ចៀសវាងបាត់ខូច ឬដាក់បញ្ចាំធនាគារជាដើម។

ការបិទផ្សាយអំពីតំបន់វិនិច្ឆ័យដីធ្លីរួចរាល់ហើយនេះ មានសារៈសំខាន់ ក្នុងន័យមន្ត្រីអាចជួយកែលំអឲ្យជាទិន្នន័យពិត និងត្រឹមត្រូវដែលឈានទៅដល់ការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីក្បាលដីសុក្រឹត និងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) រក្សាបាននូវប្រយោជន៍ឯកជន និងរដ្ឋក្នុងការបញ្ចប់វិវាទដីធ្លី៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


