ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ ករណីលោក កឹម សុខា មិនមែនជាករណីអាទិភាព ដែលត្រូវលើកយកមកដោស្រាយមុនគេ
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី០៦ ខែកុម្ភៈ នេះថា ការស្នើសុំបន្តសវនាការ គឺជាសិទ្ធិរបស់អ្នកស្នើ ប៉ុន្តែការសម្រេចស្ថិតនៅលើតុលាការ ម្យ៉ាងទៀតពេលនេះ តុលាការកំពុងតែមមាញឹកដោះស្រាយសំណុំរឿងកកស្ទះ ដូច្នេះសំណុំរឿងលោក កឹម សុខា ប្រហែលមិនមែនជាករណីអាទិភាព ដែលត្រូវយកមកដោះមុនគេនោះទេ។

លោក ជិន ម៉ាលីន បញ្ជាក់យ៉ាងដូច្នេះថា “ការស្នើសុំជាសិទ្ធិរបស់គាត់ ប៉ុន្តែការសម្រេចជាសិទ្ធិរបស់តុលាការ គ្មានអ្នកណាអាចបង្គាប់បញ្ជា ឬសម្រេចជំនួសតុលាការបានទេ ប៉ុន្តែបើតាមសង្កេតមើល ពេលនេះតុលាការកំពុងតែជាប់មមាញឹកនៅក្នុងយុទ្ធនាការដោះស្រាយការកកស្ទះក្នុងសំណុំរឿងព្រហ្មទណ្ឌ ហើយអាទិភាពនៃយុទ្ធនាការនេះ ផ្ដោតសំខាន់ទៅលើសំណុំរឿងព្រហ្មទណ្ឌ ដែលមានមនុស្សជាប់ឃុំ ដើម្បីឈានទៅដល់ការដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារ ដូច្នេះករណី កឹម សុខា នេះប្រហែលជាមិនមែនជាករណីអាទិភាព ដែលត្រូវយកមកដោះមុនគេនោះទេ ដោយសារ កឹម សុខា មិនជាប់នៅក្នុងឃុំទេ គាត់នៅក្រៅឃុំ និងមានសេរីភាព ដើរហើរ ជួបជុំ ប្រាស្រ័យទាក់ទងគ្រប់ពេលវេលាទាំងអស់ ប៉ុន្តែទោះជាយ៉ាងណា ការសម្រេចស្ថិតនៅលើតុលាការទាំងអស់ គ្មានអ្នកណាអាចបង្គាប់បញ្ជា ឬសម្រេចជំនួសតុលាការបានទេ”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានដាក់លិខិតជាថ្មី (លើកទី៣) ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌរបស់លោក គឹម សុខា ដែលបានផ្អាកកាលពីចុងខែមីនា ឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ហើយការស្នើសុំនេះ ដោយសំអាងថា ទី១, ដោយសារស្ថានភាពជំងឺ Covid-19 រាជរដ្ឋាភិបាលគ្រប់គ្រងបានទាំងស្រុងហើយ តាមរយៈក្រសួងសុខាភិបាល ទី២, ដើម្បីជៀសវាងការបន្តផ្អាកដំណើរការនីតិវិធី ជាពិសេសដើម្បីជៀសវាងការបន្តរំលោភបំពានលើសិទ្ធិ ក្នុងការទទួលបានការជំនុំជម្រះក្តីឆាប់រហ័ស និងយុត្តិធម៌របស់លោក កឹម សុខា។ ទី៣, ដើម្បីកុំឲ្យទុកសំណុំរឿងចាស់ចោលយូរពេក ពីព្រោះអង្គសវនាការបានធ្វើការដេញដោលយ៉ាងច្រើនរួចហើយ។
សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា ត្រូវបានផ្អាកជាបណ្តោះអាសន្នតាមរយៈលិខិតជូន ដំណឹងមួយរបស់លោក កូយ សៅ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ ដោយសារតែមានការរីករាល ដាល នៃជំងឺកូវីដ១៩ ហើយនឹងបន្តលុះត្រាតែមានការជូនដំណឹងជាថ្មី។

កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២៩២១ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានបដិសេធការស្នើសុំបន្តសវនាការរបស់ក្រុមមេធាវីការពារក្តីលោក កឹម សុខា ដោយសំអាងថា ពេលនេះការរីករាលដាលនៃជំងឺ Covid-19 នៅមានសភាពទន់ៗឡើយ ហើយក្រុមប្រឹក្សា ជំនុំជម្រះ នឹងពិចារណាបន្តសវនាការឡើងវិញនៅពេលសមស្របខាងមុខ ទីតាំងនេះបើយោងតាមលិខិតដែលទើបទទួលបាននៅព្រឹកនេះ។
លោក កឹម សុខា ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ យោងតាមក្រមព្រហ្មទណ្ឌបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណា ចក្រកម្ពុជា។ បទល្មើសនេះ អាចជាប់ពន្ធនាគារពី១៥ ឆ្នាំដល់៣០ឆ្នាំ បើរកឃើញការពិតដូចការចោទប្រកាន់នោះមែន៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


