ព័ត៌មានជាតិ
ក្រសួង ត្រៀមរៀបចំប្រឡងបាក់ឌុបរួចរាល់ ខណៈមានបេក្ខជនចូលរួមប្រឡងជាង ១៣ ម៉ឺននាក់
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០២ វិច្ឆិកានេះថា ក្រសួង បានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប រួចរាល់ហើយ ទាំងមណ្ឌល និងបរិស្ថានជុំវិញមណ្ឌលប្រឡង ដើម្បីត្រៀមស្វាគមន៍បេក្ខជនចូលរួមប្រឡងប្រមាណជាង ១៣ ម៉ឺននាក់។

លោកស្រី បានបន្តថា គិតត្រឹមថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ដំណើរការរៀបចំ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានរួចរាល់ហើយ និងប្រកបដោយរលូន ហើយកន្លងមកមានមណ្ឌលប្រឡង ១ កន្លែង នៅរាជធានីភ្នំពេញ គឺ វិទ្យាល័យជាស៊ីមចំរើនរដ្ឋ ដែលជួបហានិភ័យទឹកជំនន់ ក្រសួងអប់រំ ដោះស្រាយបានទាន់ពេលវេលា ដោយយកសាលាបឋមសិក្សាកូលាបទី ១ ជំនួសវិញ និងបានជូនព័ត៌មានដល់បេក្ខជន និងសាធារណជនរួចហើយផងដែរ។

លោកស្រី បន្តទៀតថា «ថ្ងៃនេះដែរ ក្រសួង ក៏បានកំពុងប្រជុំណែនាំបច្ចេកទេសដល់គណៈមេប្រយោគទូទាំងប្រទេសសម្រាប់ប្រឡងសញ្ញាបត្រទុតិយភូមិឲ្យអនុវត្តប្រកបដោយគោលការណ៍ដូចដែលបានចែងទុករបស់ក្រសួងអប់រំ ដើម្បីឲ្យដំណើរការប្រឡងប្រព្រឹត្តិទៅដោយរលូន យុត្តិធម៌ និងទទួលបានទាំងអស់គ្នា»។

ទន្ទឹមនេះ លោកស្រី ក្នុងនាម ក្រសួង បានផ្ដាំផ្ញើដល់ប្អូនៗ ជាបេក្ខជនប្រឡងទាំងអស់ សូមខិតខំប្រឹងប្រែងរៀនសូត្រអានឯកសារសង្ខេបមេរៀនឡើងវិញឲ្យបានរួចរាល់មុនពេលចូលប្រឡង ថែរក្សាសុខភាព និងគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ តាមដានព័ត៌មានទាក់ទិននឹងដំណើរការប្រឡង ពិសេសតាមដាននូវអ្វីដែលក្រសួងអនុញ្ញាត និងមិនអនុញ្ញាត ដែលមានក្នុងគោលការណ៍ ដើម្បីចៀសវាងបញ្ហានានាអាចកើតមានក្នុងដំណើរការប្រឡង។ ដូចគ្នានេះដែរ សំណូមពរឲ្យបេក្ខជនទាំងអស់ នាំគ្នាទៅមើលឈ្មោះមុនថ្ងៃប្រឡង នៅថ្ងៃទី ៥ ឲ្យបានគ្រប់ៗ គ្នា ដើម្បីបានដឹងពីបន្ទប់ប្រឡង និងលេខតុ ឲ្យបានច្បាស់ ដើម្បីឲ្យថ្ងៃប្រឡងបេក្ខជនអាចធ្វើដំណើរទៅប្រឡង និងចូលប្រឡងដោយភាពជឿជាក់ និងទទួលបានលទ្ធផលជោគជ័យ។

គួរបញ្ជាក់ថា ឆ្នាំនេះ ក្រសួង នឹងរៀបចំការប្រឡងបាក់ឌុបរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ០៦ និងថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២ នាក់ កើនឡើងជាងឆ្នាំមុន (៩២៧៧ នាក់) ស្រី ៧៣.២៧៨ នាក់ ចែកជា ២២៧ មណ្ឌល ត្រូវជា ៥.៥៤៣ បន្ទប់។ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩ នាក់ (ស្រី ២៤៧៨៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦.០៣៣ នាក់ (ស្រី ៤៨.៤៨៩ នាក់)។ ចំណែកគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុប ២៩.៥២៥ នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន ៤.១២៦ នាក់ និងមកពីថ្នាក់រាជធានី-ខេត្តចំនួន ២៥.៣៩៩ នាក់។
ជាមួយគ្នានេះដែរ ក្រសួង នឹងកំណត់យកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ខេត្តផ្សេងៗ នៅទូទាំងប្រទេស៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


