Connect with us

ព័ត៌មានជាតិ

អាហារូបករណ៍សន្តិភាព សម្ដេចតេជោ ហ៊ុន សែន នឹងផ្ដល់ដល់សិស្សឆ្នើមទូទាំងប្រទេស ២០០ កន្លែង

បានផុស

នៅ

អាហារូបករណ៍​ដែល​ត្រូវ​បាន​ប្រសិទ្ធិនាម​ថា “អាហារូបករណ៍​សន្តិភាព សម្ដេច​តេជោ ហ៊ុន សែន” នឹង​ផ្ដល់​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ដែល​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រសិក្សា​នៅ​សាកលវិទ្យាល័យ​កម្ពុជា​ ចំនួន ២០០ កន្លែង សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​វគ្គ​សិក្សា​ទី១B (Term 1B) ឆ្នាំ​សិក្សា​២០២៣-២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង​អប់រំ​ យុវជន និង​កីឡា បានឲ្យ​ដឹង​ថា អាហារូបករណ៍​សន្តិភាព សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២៣-២០២៨ នឹង​ត្រូវ​ប្រគល់​ជូន​ដល់​ជយ​លាភី​ដែល ជា​សិស្សានុសិស្ស​ឆ្នើម​ទូទាំង​ប្រទេស​កម្ពុជា ដែល​ចង់​បន្ត​ការ​សិក្សា​កម្រិត​ឧត្ដម​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ដើម្បី​អាច​ជួយ​លើក​កម្ពស់​សន្តិភាព កសាង​ភាព​សុខដុមរមនា​​ក្នុង​សង្គម និង​ដើរតួ​ជា​ឯកអគ្គរាជទូត​សុឆន្ទៈ​ដើម្បី​ទំនាក់ទំនង​សន្តិភាព​ទាំង​ក្នុង​ថ្នាក់​ជាតិ និង​​អន្តរជាតិ​។

ជាង​នេះ​ទៀត ការ​ផ្ដល់​អាហារូបករណ៍នេះ​គឺ​​ជា​​ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បាន​​កំណត់​ជា​​វិស័យ​​អាទិភាព​ទី១។ អាហារូបករណ៍​ទាំង​នេះ ​មិន​ត្រឹម​តែ​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្សានុសិស្ស​តែ​ប៉ុណ្ណោះ​ទ ថែម​ទាំង​បាន​​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍជាតិ និង​ជួយ​ធ្វើ​សមាហរណកម្ម​​ប្រទេស​កម្ពុជា​​ទៅ​​ក្នុង​តំបន់ ក៏​ដូច​​ជា​​ទៅ​ក្នុង​សហគមន៍​​អាស៊ាន និង​ពិភព​លោក​ផង​ដែរ​។

សម្រាប់​សិស្ស​និស្សិត ដែល​ចង់​ទទួល​បាន​អាហារូបករណ៍​នេះ ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដែល​សាលា​បាន​កំណត់ គឺ​បើក​ចំហ​ដល់​សិស្សានុសិស្ស​កម្ពុជា ទាំង​អស់ដែល​មាន​បំណងបន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ លើ​មុខ​ជំនាញ​ដែល​សាកលវិទ្យាល័យ​កំណត់។ សិស្សានុសិស្ស​ដែល​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ និង​កំពុង​សិក្សា​នៅ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​​ផ្សេងៗ មិន​អាច​ដាក់ពាក្យ​ប្រឡង​បាន​ទេ។

សិស្សានុសិស្ស​ដែល​បាន​ប្រឡង​ជាប់សញ្ញាប័ត្រ​មធ្យម​សិក្សា ទុតិយភូមិ មាន​សិទ្ធិ​ដាក់ពាក្យ​ប្រឡង​អាហារូបករណ៍​នេះ​បានដោយ​មិន​កំណត់​ឆ្នាំ។ បេក្ខជន​នឹង​ត្រូវ​ប្រឡង​លើ​វិញ្ញាសា​ចំណេះ​​ដឹង​​ទូទៅ និង​ភាសា​អង់គ្លេស និង​ត្រូវ​ទទួល​ពិន្ទុ​មធ្យម​ភាគ​យ៉ាង​តិច ៧៥% ទើប​អាច​ទទួល​បាន​អាហារូបករណ៍។

ដូចនេះ សម្រាប់​សិស្សានុសិស្ស​ ដែល​ចង់​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​អាច​ ទៅ​កាន់​ការិយាល័យ​ទទួល​ចុះ​ឈ្មោះ និង​ផ្ដល់​ព័ត៌មាន នៅ​សាកលវិទ្យាល័យ​កម្ពុជា​ដើម្បី​បំពេញ​បែប​បទ ឬ​អាច​ទាក់ទង តាម​រយៈ​ទូរស័ព្ទ ០២៣ ៩៩៣ ២៧៦ ឬ ០៧០ ៩៩០ ៥០៧ ឬ តាមរយៈ​អ៊ីម៉ែល [email protected]។ ហើយសាលា​នឹង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​២០ ខែ​ឆ្នូ ឆ្នាំ​២០២៣​នេះ និង​ធ្វើ​ការ​ប្រឡង​នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ខាង​មុខ​នេះ​។

​សូម​ជម្រាប​ថា ​ចំពោះ​ការ​ប្រសិទ្ធិនាម​អាហារូបករណ៍​ទាំង​​នេះ​ថា “អាហារូបករណ៍​សន្តិភាព សម្ដេច​តេជោ ហ៊ុន សែន” ដើម្បី​ដឹង​គុណ​ដល់​សម្ដេច​តេជោ​ជា “ស្ថាបនិក​សន្តិភាព​កម្ពុជា” និង​ជា “បិតា​លើ​គោល​នយោបាយ​ឈ្នះ​ឈ្នះ​នៃ​កម្ពុជា”។ ជាក់ស្ដែង ការ​ប្រសិទ្ធិនាម “អាហារូបករណ៍​សន្តិភាព សម្តេច​តេជោ ហ៊ុន សែន នេះ​ត្រូវ​បាន​ឯកភាព និង​ងាយ​ដោយ​សម្ដេច​អគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន នា​ថ្ងៃ​ទី២៥ ខែ​កក្កដា ឆ្នាំ២០២២​ កន្លង​ទៅ៕

រូបភាពដោយ៖ The University of Cambodia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម