Connect with us

ព័ត៌មានជាតិ

លោក ម៉ក់ ជីតូ ប្រាប់សមត្ថកិច្ច និងពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់ «៣កុំ ១រាយការណ៍» ជុំវិញបទល្មើសគ្រឿងញៀន

បានផុស

នៅ

ដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា និងប្រសិទ្ធភាព កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលដ្ឋនៅតាមមូលដ្ឋាន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវទិសស្លោក «៣កុំ ១រាយការណ៍»។ នេះជាការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ក្នុងពិធីផ្សព្វផ្សាយគោលការណ៍ណែនាំនៃការប្រយុទ្ធប្រឆាំងគ្រឿង ញៀន នៅខេត្តរតនគិរី​ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិសស្លោក «៣កុំ ១រាយការណ៍» នេះ គឺលោកនាយឧត្តមសេនីយ៍ ម៉ក់​ ជីតូ ចង់បញ្ជាក់ដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់ កុំពាក់ព័ន្ធនឹងគ្រឿងញៀន កុំអន្តរាគមន៍ក្នុងបទល្មើសគ្រឿងញៀន និងកុំលើកលែងឱ្យសោះចំពោះបទល្មើសគ្រឿងញៀន ហើយជាពិសេស ត្រូវរាយការណ៍រាល់សកម្មភាពដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ លោកនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា សាធារណៈ​ជនទាំងអស់ត្រូវរាយការណ៍ ផ្ដល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃ ផលិត និងទីតាំងស្ដុកទុកគ្រឿងញៀន ដើម្បីឱ្យសមត្ថកិច្ចចុះទប់ស្កាត់ បង្ក្រាប និងចាត់វិធានការបានទាន់ពេលវេលា។

លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង​នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បាន​ណែនាំ​ដល់​មន្រ្តី​អនុវត្ត​ច្បាប់​​ទាំងអស់ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​បន្ថែមលើការងារតាមដាន​ ស៊ើបអង្កេត​ ស្រាវជ្រាវ និងបង្រ្កាប​បទ​ល្មើស​ទាក់ទង​នឹង​គ្រឿងញៀន ជាពិសេសទប់ស្កាត់​ការបង្វែរ​សារធាតុ​គីមី​ផ្សំ​ពី​ជំនួញ​ស្រប​ច្បាប់ យក​ទៅ​កែច្នៃ​ផលិតជា​គ្រឿងញៀន​ខុស​ច្បាប់។

លោកនាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ពីទិសដៅការងារអាទិភាពចំនួន៥ចំណុច ដែលត្រូវបានដាក់ចេញដោយ​លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី​ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន ការងារអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រឿងញៀនឱ្យកាន់តែទូលំទូលាយ ការគ្រប់គ្រង-ត្រួតពិនិត្យសារធាតុគីមីផ្សំឱ្យបានច្បាស់លាស់ បន្ដខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការហូរចូលគ្រឿងញៀនពីក្រៅប្រទេស ទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀន និងជាពិសេសលុបបំបាត់ការចែកចាយ ប្រើប្រាស់គ្រឿងញៀនតាមទីតាំងសប្បាយដ្ឋាន ដូចជា ខារ៉ាអូខេ ក្លឹបកម្សាន្ដ ជាដើម។

លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវម្ចាស់ការដឹកនាំអនុវត្តនូវសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យសកម្មថែមទៀត​ ដោយត្រូវពង្រឹងការអនុវត្តគោលនយោបាយ​ភូមិ-ឃុំ​-សង្កាត់ មានសុវត្ថិភាព ក៏ដូចជាយន្តការភូមិ-ឃុំ​-សង្កាត់​ គ្មានគ្រឿងញៀន​ និងយកចិត្តទុកដាក់ពង្រឹងយន្តការការិយាល័យទំនាក់ទំនងព្រំដែន ព្រមទាំងចូលរួមក្នុងការងារប្រឆាំងការសម្អាតប្រាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះផងដែរ។

នាយឧត្តមសេនីយ៍រូបនេះ បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ជាកិច្ចការដែលត្រូវចូលរួមទាំងអស់គ្នា គឺ​រួមគិត​ រួមធ្វើ និងរួមទទួលខុសត្រូវ​រៀងៗខ្លួន​ ស្របតាមយុទ្ធសាស្ត្រពហុវិស័យស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម