ព័ត៌មានជាតិ
កម្ពុជាជាប្រទេសដំបូងគេនៅអាស៊ី ត្រូវបានបោះឆ្នោតធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាមីន
អង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបោះឆ្នោតជ្រើសតាំងកម្ពុជាជាប្រធាននិងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”។

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា ត្រូវបានប្រព្រឹត្តទៅជារៀងរាល់ ៥ ឆ្នាំម្តង ហើយកម្ពុជាគឺជាប្រទេសទី ៥ នៅលើសកលលោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ី ដែលធ្វើជាប្រធាននិងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ។ កិច្ចប្រជុំលើកទី ១ ធ្វើនៅប្រទេសកេនយ៉ា ឆ្នាំ២០០៤ លើកទី ២ នៅប្រទេសកូឡុំប៊ី ឆ្នាំ២០០៩ លើកទី ៣ នៅប្រទេសម៉ូសំប៊ិក ឆ្នាំ២០១៤ លើកទី ៤ នៅប្រទេសន័រវែស ឆ្នាំ២០១៩ និងលើកទី ៥ នៅប្រទេសកម្ពុជា ឆ្នាំ២០២៤ ខាងមុខ។

ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ កម្ពុជាបានជ្រើសយកទឹកដីខេត្តសៀមរាបសម្រាប់ការរៀបចំ និងមានការចូលរួមពីរដ្ឋសមាជិកចំនួន ១៦៤ ប្រទេស និងរដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ-ស្ថាប័ន ពិភពលោកជាច្រើនទៀត។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកាដែលកម្ពុជានឹងបញ្ជាក់ជូនសហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្ត ចំពោះការបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ និងពិនិត្យមើលលើវឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លងមក។ កម្ពុជា គ្រោងនឹងដាក់ចេញនូវការងារអាទិភាពចំនួន ៣ រួមមាន ៖
១. ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា
២. ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា៖ បោសសម្អាតមីនប្រឆាំងមនុស្ស និង
៣. ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម
ជាងនេះទៅទៀត កម្ពុជានឹងរៀបចំឱ្យមានជាសេចក្តីថ្លែងការណ៍ស្តីពីផែនការសកម្មភាព ៥ ឆ្នាំបន្ត សម្រាប់រដ្ឋសមាជិក និងភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្តន៍ដោយមានឈ្មោះថា “សេចក្តីថ្លែងការណ៍សៀមរាប-អង្គរ_ Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan” ដែលនឹងត្រូវប្រើប្រាស់ក្នុងឯកសារប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក៏បានសម្តែងការកោតសរសើរជូនចំពោះលោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអាជ្ញាធរមីន ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ សហគមន៍សកម្មភាពមីន និងគ្រប់ភាគីពាក់ព័ន្ធ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងចូលរួមចំណែកជំរុញឱ្យប្រទេសនិងប្រជាជនកម្ពុជា រួចចាកផុតពីទុក្ខវេទនាដោយសារមីនប្រឆាំងមនុស្សដែលជាមរតកសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា។
សម្តេចធិបតីក៏ថ្លែងអំណរគុណចំពោះរដ្ឋជាសមាជិកនៃអនុសញ្ញាអូតាវ៉ា និងសហគមន៍អន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចការសកម្មភាពមីន ក៏ដូចជាបានផ្តល់សេចក្តីទុកចិត្តជ្រើសតាំងកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។
គួរបញ្ជាក់ថា អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន។ អនុសញ្ញានេះគឺជាអនុសញ្ញារបស់អង្គការសហប្រជាជាតិ និងជាការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធ បង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ៕
-
សន្តិសុខសង្គម១២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


