ព័ត៌មានជាតិ
លោក ប៊ុន ភារិន ៖ វ័យណាក៏ដោយ ឲ្យតែចង់មានជំនាញបច្ចេកទេសវិជ្ជាជីវៈគឺអាចមករៀនបាន
សម្រាប់អ្នកដែលមានអាយុលើសពី៣០ឆ្នាំ តែមិនទាន់មានជំនាញវិជ្ជាជីវៈណាមួយសម្រាប់បំពេញការងារ ឬប្រកបរបរចិញ្ចឹមជីវិត នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ( NPIC ) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈលើកទឹកចិត្តពួកគេកុំទាន់អស់សង្ឃឹម ព្រោះសាលាជំនាញបច្ចេកទេសមិនរើសអាយុសិស្សក្នុងការសិក្សានោះទេ។
លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេស ( NPIC ) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈមិនប្រកាន់អាយុសិក្សានោះទេ ទោះពួកស្ថិតនៅក្នុងវ័យណាក៏ដោយ សាលានៅតែបើកឱកាសអ្នកដែលមានអាយុច្រើនដែលមិនទាន់មានចំណេះជំនាញវិជ្ជាជីវៈណាមួយ អាចមកសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈបានដើម្បីស្វែងរកការងារធ្វើ ឬប្រកបមុខរបរជីវិតចិញ្ចឹមជីវិត។

លោកមានប្រសាសន៍ថា ៖ « អ្នកដែលមានអាយុ ៣០ឆ្នាំ ៤០ឆ្នាំ ឬ៥០ ឆ្នាំ បើមិនទាន់មានមុខជំនាញទេ ត្រូវតែស្វះស្វែងមុខជំនាញ សាលាបណ្តុះបណ្តាលបច្ចេកទេសមិនប្រកាន់អាយុសម្រាប់មុខរបរវិជ្ជាជីវៈនោះទេ»។
លោកនាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសមានប្រសាសន៍បន្ថែមថា ក្រោយពីសិស្សរៀនជំនាញបច្ចេកទេស ចប់ ពួកគេអាចមានមុខរបរដោយខ្លួនឯងបាន បើមានដើមទុន តែបើមិនទាន់មានដើមទុននៅឡើយទេ ពួកគេអាចធ្វើការឲ្យគេក៏បាន។
លោកបានពន្យល់បន្ថែមថា ចង់រុញប្រទេសមួយ ឲ្យជឿនលឿន មានសេដ្ឋកិច្ចខ្ពស់ដរាបណា មនុស្សមានគុណភាព ដើម្បីប្រាក់ចំណូលខ្ពស់ ដូច្នេះមនុស្សត្រូវតែមានជំនាញខ្ពស់ដែរ ហើយបើចង់បានជំនាញខ្ពស់ទាល់តែពួកគេសិក្សានៅសាលា ។

គួរបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ជាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដ៏ធំនៅកម្ពុជាដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថាន NPIC កំពុងបណ្តុះបណ្តាលសិស្សនិស្សិតកម្ពុជាចាប់តាំងពីថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកំរិត១, កំរិត 2, និងកំរិត 3 ថ្នាក់បណ្តុះបណ្តាលវគ្គខ្លី ថ្នាក់ឧត្តមសិក្សា ថ្នាក់ក្រោយបរិញ្ញាបត្រ ដែលរួមមានជំនាញជាច្រើនដូចជា វិស្វកម្មអគ្គិសនី វិទ្យាសាស្រ្តកុំព្យូទ័រ វិស្វកម្មមេកានិក វិទ្យាសាស្រ្តអុបទិក វិស្វកម្មសំណង់ស៊ីវិលនិងស្ថាបត្យកម្ម វិស្វកម្មអេឡិចត្រូនិកនិងទូរគមនាគមន៍ វិស្វកម្មមេកានិករថយន្ត ទេសចរណ៍និងបដិសណ្ឋារកិច្ច។ បច្ចុប្បន្ន វិទ្យាស្ថាន NPIC មានដៃគូសហការជាមួយវិស័យរដ្ឋ និងឯកជន ទាំងក្នុងប្រទេស និងក្រៅប្រទេសចំនួន២២៦៕
កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកម្មវិធីអាទិភាពមួយរបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ មានសមត្ថភាព មានគុណធម៌ សីលធម៌ ចរិយាមាយាទ មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវលើការងារ មុខរបរ និងវិជ្ជាជីវៈរបស់ខ្លួនដែលអាចឆ្លើយតប បានទៅនឹងតម្រូវការទីផ្សារការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ ទាំងចំពោះមុខ និងទាំងអនាគត។


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


