ព័ត៌មានជាតិ
សហគ្រិនខ្មែរ បង្កើតកម្មវិធីហិរញ្ញវត្ថុ ដើម្បីជំរុញអភិវឌ្ឍអាជីវកម្មនៅកម្ពុជា
សហគ្រិនខ្មែរ បានបង្កើតកម្មវិធីហិរញ្ញវត្ថុសម្រាប់ប្រមូលផ្តុំអាជីវកម្ម និងធនាគារ ឱ្យស្ថិតនៅក្បែរគ្នា ដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហា និងទទួលបានហិរញ្ញវត្ថុ ដែលជាផ្នែកឆ្ពោះទៅកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរស់រវើកនៅកម្ពុជា។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងថា កម្មវិធីហិរញ្ញវត្ថុ សម្រាប់អាជីវកម្ម ជាផ្នែកមួយនៃចក្ខុវិស័យរួមរបស់សហគ្រិនខ្មែរ ក្នុងការលើកកម្ពស់សហគ្រិនភាព នៅកម្ពុជា និងផ្តល់វេទិកាដើម្បីកសាងបរិយាកាសសហគ្រិនភាពឲ្យមានភាពលូតលាស់ ដោយផ្សារភ្ជាប់ធុរកិច្ចក្នុងស្រុក ជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីមានលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងឱកាសផ្សាភ្ជាប់បណ្តាញទំនាក់ទំនងផ្សេងៗទៀត។
បើតាមលោក ឈៀង វណ្ណមុនិណ្ឌ កម្មវិធីនេះ មានគោលបំណងផ្តល់នូវវេទិកាមួយសម្រាប់ធុរកិច្ច ក្នុងការរៀបចំអាជីវកម្ម ដើម្បីត្រៀមខ្លួនក្នុងការទទួលសេវាហិរញ្ញវត្ថុ ក៏ដូចជាធ្វើការសម្រេចចិត្តទទួលយកហិរញ្ញប្បទាននានា ដែលអាចជួយឱ្យធុរកិច្ច រីកដុះដាល និងជោគជ័យ ខណៈដែលស្ថាប័នហិរញ្ញវត្ថុអាចយល់កាន់តែច្បាស់អំពីតម្រូវការរបស់ធុរកិច្ច និងការកែច្នៃលើផលិតផលរបស់ស្ថាប័នដែលឆ្លើយតបតាមតម្រូវការទីផ្សារ។

ជាមួយគ្នានេះ លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ ជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ និងគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការនៃធនាគារអេស៊ីលីដាភីអិលស៊ី បានលើកឡើងថា ធនាគារ ក៏បានរួមចំណែកក្នុងប្រព័ន្ធអេកូឡូស៊ីនេះ ដោយការផ្តល់ប្រាក់កម្ចីដែលបានរៀបចំតាមតម្រូវការរៀងៗខ្លួន របស់សហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រួលដល់ការពង្រីកអាជីវកម្ម និងការវិនិយោគ។ បើតាមលោកស្រី ម៉ារ អមរា គោលដៅសំខាន់ គឺដើម្បីបង្កើនប្រាក់ចំណូល បង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយចីរភាព។
បច្ចុប្បន្ននេះ ហិរញ្ញវត្ថុគឺជាបញ្ហាប្រឈមមួយសម្រាប់ធុរកិច្ចជាច្រើនដែលទើបនឹងចាប់ផ្តើម ឬនៅពេលមានវិបត្ដិជាសកល ដូចជាផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ជាដើម។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក កម្ពុជា កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការស្តារឡើងវិញនៃសេដ្ឋកិច្ច។ របាយការណ៍នេះបានព្យាករណ៍ពីសន្ទុះ នៃកំណើនផ្នែកសេដ្ឋកិច្ចដល់ទៅ ៥.៥% ក្នុងឆ្នាំ២០២៣។ ដោយឡែកកាលពីខែតុលាកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងឆ្នាំ២០២៤ ខាងមុខ សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៦.៦% តាមការគ្រោងទុក។

សហគ្រាសធុនតូច និងមធ្យមមានតួនាទីសំខាន់ក្នុងការជួយដល់ភាពជោគជ័យក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា នាពេលអនាគត ដោយបច្ចុប្បន្ន ៩៨% នៃធុរកិច្ចសរុបនៅក្នុងប្រទេសកម្ពុជា គឺជា SME ដែលរួមចំណែក ៥៨% នៃផលិតផលដុលក្នុងស្រុករបស់ប្រទេសទាំងមូល។
សូមបញ្ជាក់ថា សហគ្រិនខ្មែរ បានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងកៀរគរ វិនិយោគ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដ៏រស់រវើកនៅកម្ពុជា និងជំរុញ សកម្មភាពសហគ្រិនភាពទៅដល់នវានុវត្តន៍ និងការបង្កើតតម្លៃបន្ថែម នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្នុងការក្លាយជាវេទិកាថ្នាក់ជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនភាព ក្នុងវិស័យ អាទិភាពចំនួនបួនរួមមាន៖ វិស័យបច្ចេកវិទ្យា ដោយផ្តោតលើធុរកិច្ចបង្កើតថ្មី ដោយប្រើបច្ចេកវិទ្យា, វិស័យសេវាកម្ម ផ្តោតលើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន, វិស័យកសិកម្ម ផ្តោត លើកសិកម្មបែបកែច្នៃ សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ, និងវិស័យ កម្មន្តសាល ផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល៕



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?