ព័ត៌មានជាតិ
អតីតជាកម្មកររោងចក្រកាត់ដេរ ស្ត្រីខ្មែររូបនេះ កំពុងកាន់តំណែង CEO ក្នុងក្រុមហ៊ុនធំ ១ នៅជប៉ុន
ផ្ដើមពីជីវិតក្រលំបាក ស្ត្រីខ្មែរមួយរូប បានតាំងចិត្តមោះមុតដើម្បីរើបម្រះសភាពជីវិតនេះ រហូតដល់អាចរកឃើញពន្លឺជីវិតគួរឲ្យស្ងើចសរសើរ។ បច្ចុប្បន្ន ស្ត្រីខ្មែររូបនេះ កំពុងកាន់តំណែងជា CEO ក្នុងក្រុមហ៊ុនធំមួយ នៅប្រទេសជប៉ុន។

ស្ត្រីខ្មែររូបនេះមានឈ្មោះ សែម ណាវី វ័យ ៣៩ ឆ្នាំ បច្ចុប្បន្ន គឺជា CEO ក្រុមហ៊ុន Sisyphus.inc មានមូលដ្ឋាននៅប្រទេសជប៉ុន ជាក្រុមហ៊ុនចែកចាយវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងការផលិតផលិតផលថែរក្សាសម្ផស្ស។

សមិទ្ធផលដែល ណាវី សម្រេចបាន ក៏បានធ្វើឲ្យខ្ទរខ្ទារដល់ស្ថាប័នសារព័ត៌មានជប៉ុន NIKKEI ដ៏ធំរបស់ជប៉ុនផងដែរ។ សារព័ត៌មាននេះ បានចុះផ្សាយលើកសរសើរពី ណាវី ដែលជាស្ត្រីខ្មែរម្នាក់ តស៊ូរហូតដល់អាចបើកក្រុមហ៊ុនផ្ទាល់ខ្លួនបាននៅក្នុងទឹកដីជប៉ុន ដែលជារឿងដ៏លំបាកមួយ តែ នាងធ្វើបាន។ ចំណុចផ្សេងទៀត របស់ NIKKEI ក៏បានលើកសរសើរអំពីក្រុមហ៊ុនរបស់ ណាវី ថាជាក្រុមហ៊ុនចែកចាយផលិតផលមានគុណភាព បង្កើតដោយកូនខ្មែរ ហើយនាំមកឲ្យប្រជាពលរដ្ឋបានប្រើវិញ។


តាមសាវតារ ណាវី គឺជាកូនទី ៣ ក្នុងគ្រួសារក្រីក្រមួយដែលមានបងប្អូន ៦ នាក់ ប្រុស ១ ស្រី ៥។ ស្ត្រីខ្មែររូបនេះ មិនបានសិក្សាចប់ចុងចប់ដើមឡើយ ព្រោះលទ្ធផលផ្គត់ផ្គង់របស់គ្រួសារមិនអាចទៅរួច។ ដូច្នេះ ណាវី បានបោះចោលការសិក្សាកណ្ដាលទីត្រឹមកម្រិតអនុវិទ្យាល័យប៉ុណ្ណោះ។

ក្រោយបោះបង់ការសិក្សា ណាវី បានចូលធ្វើការរោងចក្រមួយនៅសំណង់ ១២ ក្នុងពេលនាងទើបមានវ័យត្រឹម ១៦ ឆ្នាំ។ ត្បិតថានេះជាការងារដំបូងដែលអាចឲ្យនាងរកប្រាក់ជួយគ្រួសារ ប៉ុន្តែនារីមាឌតូចស្ដើងរូបនេះ មិនបានបញ្ឈប់ខ្លួនឯងនោះទេ ពោលគឺលទ្ធភាពនាងមិនមាន តែសុបិននាងធំ។

ណាវី ថ្លែងថា “ពេលខ្ញុំធ្វើការនៅរោងចក្រ ខ្ញុំបានចូលទៅវាយកាតក្នុងអូហ្វីសគេ ខ្ញុំឃើញគេធ្វើការមុខកុំព្យូទ័រ ខ្ញុំចង់ធ្វើការអីចឹងដែរ គឺក្ដីស្រមៃខ្ញុំចង់ធ្វើការក្នុងអូហ្វីស!”។

បែបនេះ ណាវី បានដាក់ផែនការថា ត្រូវតែឆ្លៀតទៅរៀនវិញ។ ណាវី បានដាក់គោលដៅថា នាងនឹងសុំថ្នាក់លើរបស់នាងចេញពីធ្វើការនៅម៉ោង ៤ រៀងរាល់ថ្ងៃ ដើម្បីទៅរៀនភាសាអង់គ្លេស។

ចំពោះសំណើនេះ ណាវី ប្រាប់ថា មេកោយយល់ព្រម ប៉ុន្តែនាងត្រូវតែធ្វើកិច្ចការទទួលខុសត្រូវរបស់ខ្លួនជាអ្នកដេរហោប៉ៅខោ ១-២ ពាន់ ក្នុង ១ ថ្ងៃ ទៅ ៥ ពាន់ហោប៉ៅខោខូវប៊យ ក្នុង ១ ថ្ងៃ ទើបអាចចេញបាន។ ត្បិតថា កិច្ចការកើតគុណនឹង ៣ តែ ណាវី មុតមាំណាស់ ត្រូវតែធ្វើឲ្យបាន។
ណាវី ថ្លែងថា “ដើម្បីបានចេញម៉ោង ៤ រៀងរាល់ថ្ងៃ ខ្ញុំប្រឹងដេរណាស់ អត់ហ៊ានឈប់ អត់ហ៊ានជុះនោមអីទេ…ហើយអំឡុងខ្ញុំកំពុងធ្វើការ ល្បីដល់ប្រធានផ្នែកផ្សេងៗ នាំក្រុមការងារចុះមកមើល ថាហេតុអីខ្ញុំពូកែដេរ មានតិចនិកអ្វីទើបដេរបានច្រើនអីចឹង”។
តាមការខិតខំ សែម ណាវី បានជាប់ជាកម្មការិនីម្នាក់ដែលស្វះស្វែងការងារបំផុត ហើយក៏ជាសិស្សភាសាអង់គ្លេសដ៏ឆ្នើមមួយរូបផង ព្រោះនាងរៀនបានលេខ ១ រាល់ខែ។ នារីមាឌល្អិត បានធ្វើជាកម្មការិនីរោងចក្រប្រមាណជាជិត ១០ ឆ្នាំ មុនអ្វីៗ ត្រូវបានផ្លាស់ប្ដូរ។
ការកំណត់គោលដៅជីវិតផ្ទាល់ខ្លួនផង ឬអាចថាវាសនាចារមកផង គ្រួសារណាវី មានដីធំទូលាយ ដែលក្រោយមកសាលាមួយរបស់ជប៉ុនបានមកសុំជួល។ ម្ដាយណាវី យកតែថ្លៃទឹក ថ្លៃភ្លើងប៉ុណ្ណោះ តែមិនយកថ្លៃជួលដីឡើយពីសាលាជប៉ុននេះ ដោយយល់ថា វត្តមានរបស់សាលា បានជួយឲ្យប្អូនៗនាង និងកូនៗ អ្នកភូមិផ្សេងទៀត មានជីវភាពលំបាកដូចគ្នា បានរៀនសូត្រដែរ។ ក្រោយមក ណាវី បានចូលធ្វើជាគ្រូបង្រៀនភាសាស្ម័គ្រចិត្តក្នុងសាលានេះទៀត ជួយបង្រៀនក្មេងៗ ក្នុងភូមិ។ តាមរយៈសាលាអង្គការជប៉ុននេះ ណាវី បានជួបជាមួយស្វាមីនាងសព្វថ្ងៃជាជនជាតិជប៉ុន។
ណាវី បានរៀបការនៅឆ្នាំ ២០០៩ ហើយក្រោយមកបានចេញមករស់នៅក្នុងប្រទេសជប៉ុនជាមួយស្វាមីដល់សព្វថ្ងៃ។ រស់នៅក្នុងប្រទេសជប៉ុនដំបូង ណាវី ប្រាប់ថា នាងមិនមានការងារអ្វីធ្វើទេ គឺនៅផ្ទះមើលកូន។
តែក្រោយមក ដោយសារមើលឃើញពីការប្រើប្រាស់ផលិតផលសម្ផស្សរបស់អ្នកម្ដាយ ពូមីង អ៊ំ សម័យមុនមានការប្រឈមច្រើន។ នាងក៏កើតគំនិតចង់ធ្វើផលិតផលដែលមានគុណភាពល្អមិនប៉ះពាល់សុខភាព នាំមកលក់ឲ្យបងប្អូន ពូមីង ជាជនរួមជាតិ។

ដូច្នេះហើយ នាងបានរត់ការបើកក្រុមហ៊ុននេះ ដែលបច្ចុប្បន្នមានឈ្មោះថា Sisyphus.inc មានចែកចាយវត្ថុធាតុដើមច្នៃពីធម្មជាតិសម្រាប់ផលិតផលិតផលថែរក្សាសម្ផស្ស និងចែកចាយផលិតផលសម្រេចដែលមានគុណភាពខ្ពស់ផងដែរ។
បច្ចុប្បន្នក្រុមហ៊ុនរបស់ ណាវី បានប្រតិបត្តិការនៅប្រទេសមួយចំនួនក្រៅពីជប៉ុនមាន ថៃ ម៉ាឡេស៊ី ចិន និងកម្ពុជា ជាដើម។ តាមផែនការ ក្រៅពីនាំផលិតផលដែលមានគុណភាពមកលក់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ នាងក៏កំពុងចរចានាំយកផលិតផលខ្មែរមួយចំនួនទៅលក់ជូនប្រជាជនជប៉ុនវិញដែរ។
សារពី ណាវី ៖ ដោយឆ្លងកាត់បទពិសោធន៍ខ្លួនឯងផ្ទាល់ សែម ណាវី លើកទឹកចិត្តយុវជនដែលមិនមានលទ្ធភាពរៀនសូត្របានវែងឆ្ងាយ កុំតូចចិត្ត កុំអស់សង្ឃឹម តែត្រូវតាំងចិត្ត រកឲ្យឃើញក្ដីសុបិនរបស់ខ្លួនឯង ហើយប្រឹងដើរទៅរកវា។ ស្ត្រីអ្នកភ្នំពេញរូបនេះ លើកឡើងទៀតថា សញ្ញាប័ត្រពីការសិក្សាចំណេះទូទៅសំខាន់ តែការរៀនជំនាញខ្លីអ្វីមួយក៏សំខាន់៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


