ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ជប៉ុនថា នៅអាស៊ាន កម្ពុជាបានយកចិត្តទុកដាក់លើស្ត្រីខ្លាំងជាងគេ
នៅក្នុងជំនួបនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ថា កម្ពុជា ជាប្រទេសក្នុងតំបន់អាស៊ានដែលបានយកចិត្តទុកដាក់លើស្ត្រីខ្លាំងជាងគេ ខណៈគោលនយោបាយជាតិគាំពារសង្គមរបស់កម្ពុជា បានកំណត់យកស្ត្រី ជាមូលដ្ឋានមុនគេ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកឡើងថា ពាក់ព័ន្ធនឹងការវិនិយោគលើស្ត្រី គឺប្រទេសអាស៊ានទាំង១០ កម្ពុជាជាប់បានពិន្ទុល្អក្នុងការយកចិត្តទុកដាក់លើស្ត្រី ហើយជាក់ស្តែង កម្ពុជាមានគោលនយោបាយជាតិគាំពារសង្គមដែលយកស្ត្រីជាមូលដ្ឋាន ជាពិសេសការយកចិត្តទុកដាក់ទៅលើស្ត្រីមានផ្ទៃពោះ ដោយផ្តល់ការឧបត្ថម្ភចាប់តាំងពីមានផ្ទៃពោះរហូតដល់ពេលសម្រាលកូន ទាំងការពិនិត្យសុខភាពនៅមន្ទីរពេទ្យ រហូតដល់កុមារកើតមកអាយុ២ឆ្នាំ។
ការលើកឡើងរបស់សម្ដេចតេជោ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយលោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតឯកអគ្គរាជទូតពិសេសសម្រាប់ការកសាងសន្តិភាពនៃរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

លោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko បានជម្រាបជូនសម្ដេចតេជោពីគោលបំណងរបស់លោកស្រីមកកាន់កម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ហើយលោកស្រី នឹងថ្លែងបាឋកថាមួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកស្រី បញ្ជាក់ថា សិក្ខាសាលានេះ មានគោលដៅជំរុញ និងលើកកម្ពស់របៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ និងស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល។ លោកស្រី បានបន្តជម្រាបជូនសម្ដេចតេជោ ថា អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន គាំទ្រចំពោះគម្រោងនេះ និងលើកទឹកចិត្តឱ្យជប៉ុនតែងតាំងប្រេសិតពិសេសសម្រាប់ការកសាងសន្តិភាព។

លោកស្រី ក៏បានបញ្ជាក់អំពីការជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីរបស់កម្ពុជា ទាក់ទងទៅនឹងតួនាទីរបស់ស្ត្រី ក្នុងការរួមចំណែកថែរក្សាសុខសន្តិភាពនៅក្នុងសង្គមផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ប្រាប់លោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko ថា ក្នុងនាមជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចបានបន្តរួមចំណែក និងធ្វើការរួមគ្នាដើម្បីស្ត្រី តាមរយៈការទម្លាក់ថវិកាផ្ទាល់ ការបង្កើតក្រុមមេធាវី ស្វះស្វែងផ្តល់ឱកាសដល់ស្ត្រី ជាពិសេសគឺការដាក់ចេញនូវកូតាចំនួនស្ត្រីក្នុងគណៈអភិបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ និងក្នុងជួរថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននានា។ តួយ៉ាង មានស្ត្រីជាប្រធានរដ្ឋសភាដំបូងក្នុងប្រវត្តិសាស្ត្រ និងរដ្ឋមន្ត្រីជាស្ត្រីជាច្រើនរូបថែមទៀត។

សម្តេចតេជោ ថា កម្ពុជា ជាប្រទេសមាតាធិបតេយ្យ ដូច្នេះត្រូវវិនិយោគលើស្ត្រីបន្ថែមទៀត ដែលសម្តេចមានពាក្យស្លោកមួយថា «ជួយស្ត្រី គឺជួយខ្លួនឯង» ហើយអ្វីដែលត្រូវយកចិត្តទុកដាក់បន្តគឺស្ត្រីត្រូវជួយស្ត្រីគ្នាឯង។ សម្តេច បន្តថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងអាស៊ាន ចំពោះចំនួននៃការបញ្ជូនកងទ័ពស្ត្រីនៅក្នុងប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។
បន្ថែមពីនេះ ស្ត្រីដែលជាកម្មការិនីក្នុងអំឡុងពេលសម្រាកមាតុភាព៣ខែ មានប្រាក់បៀវត្សចំនួន១២០% ដែលសម្តេចបានលើកឡើងថា ប្រហែលជាប្រទេសដទៃមិនទាន់មានគោលការណ៍នេះនៅឡើយទេ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មី ក៏បានកំពុងតែខិតខំប្រឹងប្រែងដើម្បីអនុវត្តដូចគ្នានេះដែរចំពោះមន្ត្រីរាជការ៕
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


