ព័ត៌មានជាតិ
មេដឹកនាំសហជីព ៖ ស្ត្រីក្នុងវិស័យការងារត្រូវបានលើកកម្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិ
បណ្ដាមេដឹកនាំសហជីពនៅកម្ពុជា បានលើកឡើងថា ស្ត្រីនៅក្នុងវិស័យការងារមិនថាក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ត្រូវបានលើកកម្ពស់សិទ្ធិ សមភាពយេនឌ័រ ទទួលបានកិច្ចគាំពារពេញលេញ និងទទួលបានភាពកក់ក្តៅ នៅគ្រប់អាណត្តិ នៃរាជរដ្ឋាភិបាលកម្ពុជា ពោលគឺចាប់តាំងពីក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តរហូតមកដល់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា ស្ត្រីនៅក្នុងវិស័យការងារនៅប្រទេសកម្ពុជាត្រូវបានលើកកម្ពស់ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនថាឱកាសការងារ ការទទួលបានកិច្ចគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ទៀត នោះទេ។

ប្រធានសហជីពរូបនេះ បន្ថែមថា បើនិយាយនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់វិញ ស្ត្រីមានជិត ១ លាននាក់ ច្រើនជាងបុរសដាច់ ដូច្នេះវាបានបង្ហាញថាស្ត្រីនៅកម្ពុជាបានដើរតួនាទី និងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងវិស័យការងារនៅកម្ពុជា។ ទន្ទឹមនឹងនេះ វាក៏បានបង្ហាញថា យេនឌ័រត្រូវបានលើកកម្ពស់ ស្ត្រីជាចំណែកមួយយ៉ាងសំខាន់នៅក្នុងសង្គមសេដ្ឋកិច្ច។ ចំពោះយន្តការលើកកម្ពស់កិច្ចគាំពារសង្គម ប្រធានសហជីពរូបនេះ ពន្យល់ទៀតថា ស្ត្រីត្រូវស្ថិតនៅអាទិភាពជានិច្ចក្នុងយន្តការរបស់រាជរដ្ឋាភិបាល។ ស្ត្រីក្នុងវិស័យកាត់ដេរគ្រប់ៗ រូប ទទួលបានការប្រើប្រាស់បណ្ណ ប.ស.ស ដោយឥតគិតថ្លៃ ជាពិសេសស្ត្រីដែលមានផ្ទៃពោះទទួលបានអត្ថប្រយោជន៍ពេញលេញទាំងមុន និងក្រោយសម្រាលកូន រហូតកូនមានអាយុក្រោមពីរឆ្នាំ។

ចំណែក លោក លាង ស៊ុនហ៊ាង ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា បានលើកឡើងថា នាពេលបច្ចុប្បន្ននេះស្ត្រីមិនត្រឹមតែត្រូវបានលើកកម្ពស់សិទ្ធិនោះទេ ថែមទាំងទទួលបានការយកចិត្តទុកដាក់យ៉ាងពេញលេញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ មិនថាទាំងឱកាសការងារ និងកិច្ចគាំពារសង្គមទេ ស្ត្រីតែងត្រូវបានគិតគូរជានិច្ចពីសំណាក់ថ្នាក់ដឹកនាំ។ ប្រធានសហជីពរូបនេះ បន្ថែមថា ក្រៅតែពីអត្ថប្រយោជន៍ស្ត្រីនៅក្នុងវិស័យកាត់ដេរតែងទទួលបានភាពកក់ក្តៅពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។ ជាក់ស្តែង សម្តេចធិបតី តែងចុះសួរសុខទុក្ខកម្មករ-និយោជិត និងបង្ហាញពីភាពកក់ក្តៅចំពោះពលករទាំងស្ត្រី និងបុរសជានិច្ច។ ជាពិសេសស្ត្រីមានផ្ទៃពោះត្រូវបានទទួលបានការឧបត្ថម្ភពី សម្តេចផ្ទាល់ មកទល់បច្ចុប្បន្នផងដែរ។
ទន្ទឹមនឹងនេះ ប្រធានសហជីព បានគូសបញ្ជាក់ថា សិទ្ធិស្ត្រីនៅក្នុងវិស័យការងារ ត្រូវបានបន្តពង្រឹង នៅក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


