ព័ត៌មានជាតិ
កាយហើយកប់ កប់ហើយកាយ ផ្លូវទាំងឡាយក្រុងបាត់ដំបង សឹងវិលទៅរក ទសវត្សរ៍ទី៨០
ទោះបីជាថ្មីៗនេះ ខេត្តបាត់ដំបងបានជាប់ចំណាត់ថ្នាក់ផ្ការំដួលបីទង ទៅលើទីក្រុងស្អាត និងជាប់ចំណាត់ថ្នាក់លេខ២ ទៅលើការរៀបចំពិធីឆ្លងឆ្នាំសាកលបានយ៉ាងល្អប្រសើរ ប៉ុន្តែបើសង្កេតទៅលើផ្លូវថ្នល់សឹងគ្រប់ច្រកល្ហក នៃក្រុងបាត់ដំបងវិញ សឹងវិលទៅរកសភាពនៅទសវត្សរ៍ទី៨០ គឺស្ទើរតែលែងចង់ធ្វើដំណើរឆ្លងកាត់ ដោយសារតែការជួសជុលផ្លូវជីកដាក់ប្រព័ន្ធលូ ឱ្យបានធ្វើឱ្យប្រជាពលរដ្ឋ ជះទឹកលើផ្លូវ និងដើរខ្ទប់ច្រមុះ ពាក់ម៉ាស់ និងរុំកន្សែងគ្រប់ពេល ដើម្បីចៀសពីល្អងធូលីហុយទាំងយប់ទាំងថ្ងៃ ច្រើនខែមកហើយ។

ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនានាកណ្ដាលក្រុងបាត់ដំបង បានរអ៊ូរទាំថា បច្ចុប្បន្នផ្លូវគ្រប់ច្រក ស្ទើរតែត្រឡប់ទៅរកសភាពផ្លូវនៅទសវត្សរ៍ទី៨០ ព្រោះទៅត្រង់ណាក៏ផ្លូវខ្ទេចខ្ទីក្លាយជាផ្លូវដីហុយទាំងស្រុង បើទោះបីជាផ្លូវនោះពីមុនមានក្រាលកៅស៊ូ ឬចាក់បេតុងយ៉ាងរឹងមាំក៏ដោយ ក៏ក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវ បានកាត់ចោលទាំងស្រុង ដោយគាស់កកាយដើម្បីបង្កប់ប្រព័ន្ធទុយោ និងលូសារជាថ្មី បណ្ដាលឱ្យផ្លូវដែលល្អៗទាំងនោះ ក្លាយទៅជាផ្លូវដីហុយទ្រលោម និងអាចបង្កទៅជាបញ្ហាផ្លូវដង្ហើម ពិសេសប្រជាពលរដ្ឋនៅជាប់ដងផ្លូវទាំងនោះ។

ប្រជាពលរដ្ឋបានចោទជាសំណួរថា ផ្លូវ ១កន្លែង គេឃើញក្រុមហ៊ុនប្រើគ្រឿងចក្រជីកកកាយចំនួន ៣ សារ ដោយលើកទី១ កាយចំកណ្ដាលទ្រូងផ្លូវដើម្បីបង្កប់ទុយោធំ រួចលុបវិញកិនយ៉ាងណែន។ ចន្លោះពីរ ទៅប្រាំថ្ងៃក្រោយ គេឃើញក្រុមគ្រឿងចក្រដដែលចាប់ផ្ដើមកាយចំកណ្ដាលទ្រូងផ្លូវ ត្រង់ចំណុចផ្លូវបំបែក ដើម្បីដាក់បង្កប់លូរ៉េហ្គា ដោយគេចាប់ផ្ដើមកាយផ្លូវដែលកិនបង្ហាត់រួចជាស្រេចនោះឡើងវិញដើម្បីរាវរកទុយោមកភ្ជាប់ជាមួយនឹងលូរ៉េហ្គា រួចហើយគេក៏បានលុបយ៉ាងស្អាតម្ដងទៀត។ លុះបីថ្ងៃក្រោយមក គេក៏ចាប់ផ្ដើមកាយជារណ្ដៅសងខាងផ្លូវដើម្បីដាក់បង្កប់ទុយោតូច។

ដូច្នេះប្រជាពលរដ្ឋដែលរស់នៅក្បែរខាងត្រង់ចំណុចផ្លូវដែលក្រុមហ៊ុនកាយ និងមានមុខរបរដូចជាអាហារដ្ឋាន ភោជនីយដ្ឋាន និងមុខរបរផ្សេងៗទៀតត្រូវបិទទ្វារផ្អាកការលក់ដូរជាញឹកញាប់ហើយពួកគាត់បានចោទសួរថា ហេតុអ្វីពេលកាយកណ្ដាលទ្រូងផ្លូវដល់ចំណុចផ្លូវបំបែក ម្ដេចមិនព្រមដាក់លូរ៉េហ្គាឱ្យស្រេចតែម្ដងទៅ? ចាំបាច់អីត្រូវលុបកិនបង្ហាប់ម្ដងហើយ ទើបមកកាយសារជាថ្មីត្រង់កន្លែងដដែល? បើធ្វើផ្លូវមួយខ្សែណា ហេតុអ្វីមិនធ្វើឱ្យរួចរាល់ ចាំលើកទៅកន្លែងផ្សេង តើវាទាស់ខុសបែបណា?

មន្ត្រីរដ្ឋបាលខេត្តមួយរូប បានឱ្យដឹងថា ក្នុងកិច្ចសន្យា នៃការធ្វើប្រព័ន្ធលូទាំងនេះគឺ ក្រសួង និងរដ្ឋបាលខេត្តបានកំណត់រួចហើយថា ធ្វើផ្លូវណាមួយខ្សែឱ្យរួច ហើយចាប់ផ្ដើមធ្វើផ្លូវចាក់កៅស៊ូតែម្ដង។ ប៉ុន្តែពេលនេះ សង្កេតឃើញថា ក្រុមហ៊ុនបានដើរកាយគ្រប់ច្រកល្ហកដែលបង្កឱ្យផ្លូវខ្ទេចខ្ទីទាំងស្រុង ឯការស្ថាបនាឡើងវិញដោយចាក់កៅស៊ូ មិនទាន់ឃើញធ្វើនៅផ្លូវណាមួយនៅឡើយ បង្កទៅជាផ្លូវដីហុយទ្រលោមគ្រប់ទីកន្លែងក្នុងក្រុងបាត់ដំបង។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នា មុនពេលធ្វើដំណើរកាត់កណ្ដាលក្រុងបាត់ដំបង ព្រោះល្អងធូលីហុយ អាចបង្ករឱ្យមានផលប៉ះពាល់ផ្លូវដង្ហើម៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


