មន្ត្រី​ណែនាំ​ និង​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ដល់​អ្នក​ផលិត​​ ដើម្បី​នាំចេញ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

មន្ត្រី​ណែនាំ​ និង​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ដល់​អ្នក​ផលិត​​ ដើម្បី​នាំចេញ

Published

on

​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ នា​ព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០​នេះ បាន​ធ្វើ​សិក្ខាសា​លា ស្ដីពី​ការ​ផ្សព្វ​ផ្សាយ​ការ​បញ្ជូន​ផលិតផល​សក្ដានុពល​ទីផ្សារ​ក្នុង និងក្រៅស្រុក ។

លោក លី សារី អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ ​បាន​មាន​ប្រសាសន៍​ថា សិក្ខា​សាលា​នេះ ​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​លើ​ការ​វាយតម្លៃ​ផលិតផល​សក្ដានុពល​មានដូច​ជា៖ ស្រូវ ដំឡូងមី មាន់​ស្រែ បន្លែ ដោយ​តភ្ជាប់​ជាមួយ​ផលិតកម្ម និង​ទីផ្សារ​ទាំងអស់ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ជាតិ។

លោកបាន​បន្ថែម​ថា ផលិត​សក្ដានុពល​ក្នុង​ស្រុក​ចង់​បង្ហាញ​ស្នាដៃ​របស់​ខ្មែរ​ផលិត​ដើម្បី​បង្ហាញ​ឲ្យ​ភ្ញៀវ​ជាតិ អន្តរជាតិ ឲ្យបានដឹង និង​ទាក់ទាញ​អ្នក​វិនិយោគ ទាំង​ក្នុងស្រុក និងក្រៅស្រុក ឲ្យ​ងាក​មក​ប្រើ​ប្រាស់​ស្នាដៃកូនខ្មែរ​ និង​ជួយ​ស្វែងរក​ទីផ្សារ ដល់អ្នកផលិត​​។
 
​លោក​បាន​បញ្ជាក់​ទៀត​ថា គោល​បំណង​សំខាន់​នេះ ក៏​ដើម្បី​ពិនិត្យ​ឡើងវិញ ​លើ​ការ​វាយ​តម្លៃ​គ្រប់​ជ្រុងជ្រោយ នៃ​ផលិតផល​សក្ដានុពល​​ក្នុងស្រុក ការ​កំណត់​នូវ​បញ្ហា​ប្រឈម ប្រតិបត្តិការ​បច្ចេក​ទេស និង​ហានិភ័យ ជាដើម។

លោក អ៊ូច សាវិន ប្រធាននាយកដ្ឋានអភិវឌ្ឍទីផ្សារ ​នៃ​ក្រសួង​ពាណិជ្ជកម្ម បានលើកឡើង​ក្នុង​សិក្ខាសាលា ស្ដីពី​ការ​ផ្សព្វផ្សាយ ការ​បញ្ជូន​ផលិតផល​សក្ដានុពល​ទីផ្សារ​ក្នុង និងក្រៅស្រុក នា​ព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ថា ផលិត​ផល​សក្ដានុពល​ត្រូវ​បាន​ចែក​ចេញ​ជា​៧​ចំណុច ដែល​អ្នក​ផលិត​ត្រូវ​អនុវត្ត។
ទី១ ចុះបញ្ជីនៅវិទ្យាស្ថានស្តង់ដារ ទី២ ឈ្មោះផលិតផល ទី៣ ឈ្មោះក្រុមហ៊ុន និងអាសយដ្ឋាន ទី៤​កន្លែង​ផលិត ទី៥​គ្រឿងផ្សំ ទី៦ ចំណុះ និងទី៧ សរសេរជាភាសាខ្មែរ ។

លោក អ៊ូច សាវិន បាន​បញ្ជាក់​ថា ការអនុវត្តតាមការណែនាំទាំង៧ចំណុច ទើបអាចប្រកួតប្រជែងក្នុងទី​ផ្សារ​ផលិតផល​ក្នុងស្រុក និងក្រៅស្រុកបាន ។

លោក ប៉ុក ឡាជី ប្រធាន​មន្ទីរ ពាណិជ្ជកម្ម ​ខេត្ត​បន្ទាយមានជ័យ ​ប្រសាសន៍ថា សិក្ខាសាលានេះ មាន​បំណង​ជំរុញ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង នៅ​វឌ្ឍនភាព​ការងារ​ពាណិជ្ជកម្ម និង​អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ឬពាណិជ្ជកម្ម ឆ្នាំ​២០២០ ដល់ឆ្នាំ២០២៤ ស្របតាម​កំណែទម្រង់​គោល​នយោបាយ​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្សព្វ​ផ្សាយ ​និង​ជំរុញ​ការ​នាំចេញ​ផលិតផល​ខ្មែរ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្រោយ​ពី​ជំងឺ កូវីដ-១៩ បញ្ចប់ នាពេលខាងមុខ​៕

អត្ថបទ ៖ វ៉ាន់ ណាង

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម