Connect with us

ព័ត៌មានជាតិ

មន្ត្រីរាជការជានារី ជាង ១០០ រូប កំពុងបំពេញការងារ នៅសាលារាជធានីភ្នំពេញ

បានផុស

នៅ

នៅ​សាលា​រាជធានី​ភ្នំពេញ មាន​មន្ត្រីរាជការ​ក្របខណ្ឌ​ជិត ៣០០ រូប ក្នុង​នោះ នារី ចំនួន​ជាង ១០០ រូប ស្មើនឹង ៣៤,៧% ដែល​បាន​និង​កំពុង​បំពេញ​ការងារ​ក្នុង​មុខតំណែង​ជា​សមាជិកា​ក្រុមប្រឹក្សា​រាជធានី​,​អភិបាលរង នាយករង​រដ្ឋបាល អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ នាយិកា​-​នាយិកា​រង​ទីចាត់ការ​-​អង្គភាព និង​នៅ​ថ្នាក់​ការិយាល័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​លើក​ឡើង​របស់ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី ១១៣ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ ២០២៤ ក្រោម​ប្រធានបទ“​ស្ត្រី និង​ក្មេង​ស្រី ក្នុង​បរិវត្ត​កម្ម​ឌីជីថល ដែល​បាន​ធ្វើ​ឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ៦ ខែ​មីនា ឆ្នាំ ២០២៤ នេះ ដោយ​មាន​វត្តមាន លោក ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ ផង​ដែរ។

លោក ឃួង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា នៅ​សាលា​រាជធានី​ភ្នំពេញ មាន​មន្ត្រីរាជការ​ក្របខណ្ឌ​សរុប​ចំនួន ២៩៧ រូប ក្នុង​នោះ នារី ១០៣ រូប ស្មើនឹង ៣៤,៧% កំពុង​កាន់​មុខតំណែង​ជា​សមាជិកា​ក្រុមប្រឹក្សា​រាជធានី អភិបាលរង​រាជធានី នាយករង​រដ្ឋបាល អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ នាយិកា​-​នាយិកា​រង​ទីចាត់ការ​-​អង្គភាព និង​ថ្នាក់​ការិយាល័យ ដោយ​បាន​បំពេញ​ការងារ និង​ទទួល​ខុសត្រូវ​លើ​ការ​ដឹកនាំ​អង្គភាព គ្រប់គ្រង​រដ្ឋបាល ជំនាញ​បច្ចេកទេស និង​ជា​ប្រតិបត្តិ​ករ​ជួរមុខ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​បំផុត។ មន្ត្រីរាជការ​ក្របខណ្ឌ ជា​នារី ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​ចូលរួម​ជ្រោមជ្រែង​បំពេញ​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ ជាពិសេស​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច ដោយ​មិន​ខ្លាច​នឿយហត់ និង​បាន​ចូលរួម​ចំណែក​ជា​ច្រើន​ក្នុង​សកម្មភាព​សង្គម សកម្មភាព​មនុស្សធម៌ និង​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ រហូត​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ជា​បន្តបន្ទាប់។

លោក​បន្ត​ថា បច្ចុប្បន្ន នារី នៅតែ​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​អភិវឌ្ឍ​ជាតិ​មាតុភូមិ។ ទន្ទឹម​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ចូលរួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​នារី និង​កុមារ យ៉ាង​សំខាន់ ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី និង​កុមារ ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ការ​យកចិត្តទុកដាក់​លើ​ទុរគត​ជន​-​ក្មេង​កំព្រា និង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩ ព្រមទាំង​សកម្មភាព​មនុស្សធម៌​ជាច្រើន​ទៀត។

លោក​បន្ត​ទៀត​ថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជានិច្ចកាល តែង​គាំទ្រ​លើក​កម្ពស់ និង​ជំរុញ​នារី​កម្ពុជា ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​ជាតិ មាតុភូមិ តាមរយៈ​ការ​បង្កើន​ចំនួន​ស្ត្រី​ជា​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​មុខងារ​សាធារណៈ ក្នុង​មុខតំណែង​ជា​ថ្នាក់​ដឹកនាំ​ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់ និង​មន្ទីរ​-​អង្គភាព​គ្រប់​លំដាប់​ថ្នាក់។

លោក​បន្ថែម​ថា នា​ពេល​បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា បាន​ដើរ​តួនាទី​កាន់តែ​សំខាន់ សម្រួល​ដល់​ការ​ប្រាស្រ័យ​ទាក់ទង និង​ការ​ផ្សារភ្ជាប់​រវាង​មនុស្ស និង​មនុស្ស សង្គម និង​សង្គម ប្រទេស និង​ប្រទេស គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម លើ​គ្រប់​វិស័យ។ ប៉ុន្តែ​ភាព​រីក​ចម្រើន និង​ភាព​សម្បូរ​បែប​ក្នុង​បរិវត្ត​កម្ម​ឌីជីថល​នេះ មនុស្ស​គ្រប់​ប្រភេទ និង​គ្រប់​អាយុ ជាពិសេស​ស្ត្រី និង​ក្មេង​ស្រី អាច​នឹង​ក្លាយ​ជា​ជនរងគ្រោះ ប្រសិន​បើ​ពួកគេ​មិន​បាន​យល់ដឹង​អំពី​ល្បិច​បច្ចេកវិទ្យា ខ្វះ​សមត្ថភាព​វិភាគ ឬ ខ្វះ​ការ​ការពារ​ពី​ក្រុម​គ្រួសារ និង​សង្គមជាតិ ដូចជា ការ​ឆបោក​តាម​ប្រព័ន្ធ​ឌីជីថល ការ​ជួញដូរ​ស្ត្រី​-​ក្មេង​ស្រី និង​ការ​បៀតបៀន​តាម​រូបភាព​ផ្សេងៗ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ ជាដើម។

គួរ​បញ្ជាក់​ថា នារី បម្រើ​ការងារ​នៅ​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​,​នៅ​មន្ទីរ​បក្ស​រាជធានី និង​នៅ​សាលា​រាជធានី សរុប​ចំនួន ២៦៥ នាក់ ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី លោក ឃួង ស្រេង អភិបាល​រាជធានី ដោយ​ក្នុង​ម្នាក់ៗ ទទួល​បាន​ថវិកា​ចំនួន ៤០ ម៉ឺន​រៀល៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម