Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី​កម្ពុជា៖ ការ​វិនិយោគរបស់អូស្ត្រាលីជាការ​​សម្រេចចិត្ត​បែប​យុទ្ធសាស្ត្រ និង​អនាគត​​ប្រទេសទាំងពីរ

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត​បានមើលឃើញថា​ ការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជាមិនគ្រាន់តែជាការ​សម្រេចចិត្ត​បែប​យុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគលើភាពសម្បូររុងរឿង​សម្រាប់ពេលអនាគត​របស់​ប្រទេសទាំងពីរ ព្រោះថាគន្លងនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា រួមជាមួយទីតាំង​ភូមិសាស្ត្រ​នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានផ្តល់ឱកាសជាច្រើនដល់អាជីវកម្ម និងអ្នកវិនិយោគ​អូស្ត្រាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ការវិនិយោគរបស់អូស្ត្រាលី ក៏បានរួមចំណែកយ៉ាងសំខាន់​ក្នុងការបង្កើត​ការងារ និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជាផងដែរ។

ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច​កម្ពុជា-អូស្ត្រាលី រៀបចំដោយ​សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ ដោយមានការចូលរួម​ពីវិនិយោគិនចំនួន ៣៥០ នាក់ មកពីក្រុមហ៊ុន ចំនួន ៣៥០ ក្រុមហ៊ុន។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានធ្វើការគូស​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ភាពជឿជាក់មុតមាំថា ការរីកចម្រើនខាងវិស័យឯកជនគឺមាន​សារៈសំខាន់​សម្រាប់​ការរីកចម្រើនសេដ្ឋកិច្ច-សង្គមរបស់ប្រទេស។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាន​ប្តេជ្ញា​ចិត្តក្នុងការលើកកម្ពស់បរិស្ថានអំណោយផលដល់អាជីវកម្ម និងការវិនិយោគ ដែលការ​ប្តេជ្ញា​ចិត្តនេះប្រត្យក្សច្បាស់លាស់នៅក្នុងច្បាប់ថ្មីស្តីពីពន្ធដារ ធានាជំរុញឱ្យមានតម្លាភាព អាចព្យាករណ៍​​​បាន និង​រចនាសម្ព័ន្ធពន្ធដែលទាក់ទាញ និងច្បាប់ថ្មីស្តីពីការវិនិយោគដែលផ្តល់នូវការលើកទឹកចិត្ត និង​ផ្តោតលើវិស័យចម្រុះ។

ការដាក់បង្ហាញ ” សៀវភៅ​ស្តីពីការវិនិយោគនៅកម្ពុជា ” ថ្មី ដែល​រៀបចំ​ឡើង​ដោយ DFAT របស់ អូស្ត្រាលី និង ក្រុមប្រឹក្សា​សម្រាប់ការអភិវឌ្ឍកម្ពុជា នាខែកក្កដា ឆ្នាំ ២០២៣ គឺជាការណែនាំដ៏ទូលំទូលាយសម្រាប់អ្នកវិនិយោគទុន។ ក្រៅពីនេះ រាជរដ្ឋាភិបាលបាន​ខិតខំ​ប្រឹងប្រែង​ដើម្បីធានាឱ្យអាជីវកម្ម និងការវិនិយោគនៅកម្ពុជាមាន​លទ្ធភាពក្នុងការចូល​ទៅ​ទីផ្សារ​ក្នុងស្រុក និងអន្តរជាតិ និងកត្តាចាំបាច់ដទៃទៀតតួយ៉ាងដូចជា សមាជិកភាពរបស់កម្ពុជា​នៅក្នុងកិច្ចព្រមព្រៀង​សេរីភាពទ្វេភាគី និងពហុភាគីសំខាន់ៗ ផ្តល់ឱកាសអស្ចារ្យ​សម្រាប់​ការវិនិយោគ និងអាជីវកម្មនៅកម្ពុជា ក្នុងគោលដៅនាំចេញ អាចទទួលបានភាពជោគជ័យ​ក្នុង​រយៈពេល​វែង។

រាជរដ្ឋាភិបាលកម្ពុជា បន្តវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធធំៗដូចជា ផ្លូវ កំពង់ផែ​សមុទ្រជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងមជ្ឈមណ្ឌលទ្បូជីស្ទីក ក្នុងបំណងស្វះស្វែង​តភ្ជាប់បណ្តាញ​ដឹកជញ្ជូនរបស់ខ្លួនទៅនឹងមជ្ឈមណ្ឌលសេដ្ឋកិច្ច និងច្រករបៀងសំខាន់ៗ​ទាំងនៅក្នុងប្រទេសនិងតំបន់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានចាប់ផ្តើមកម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់យុវជនចំនួន ១.៥ លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ​នៅទូទាំងប្រទេសក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ដែលការណ៍នេះនឹង​បញ្ចូល​កម្លាំង​ពលកម្មទៅក្នុងទីផ្សារ ហើយ​ក៏​ជា​កិច្ចខិតខំប្រឹងប្រែង​ដែលនឹងជួយបង្កើនកម្លាំង​ពលកម្ម​ដែលមាន​ជំនាញក្នុងស្រុក ព្រមទាំងជួយកាត់បន្ថយការចំណាយថ្លៃដើមផលិតកម្មទៀតផង។

លើសពីនេះ ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះថាមពលនិរន្តរភាព គឺជាឱកាសដ៏ល្អមួយសម្រាប់​អ្នក​វិនិយោគ​អូស្ត្រាលី ព្រោះជាឱកាសទីផ្សារដ៏ល្អសម្រាប់​ការដាក់ពង្រាយជំនាញ​របស់អូស្ត្រាលី​ជាមួយ​នឹង​សក្តានុពល​ថាមពលព្រះអាទិត្យ ថាមពលទឹកសម្បូរបែប និងគោលដៅ​ដ៏មហិច្ឆតាដែល​បានរៀបរាប់នៅក្នុងផែនការ​មេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី 2022-2040។

ការយកចិត្តទុកដាក់របស់កម្ពុជាលើភាពជឿទុកចិត្ត, តម្លៃទាប, និងគោលដៅក្នុងការ​ឈាន​ទៅរក​ភាព​អព្យាក្រឹត​នៃកាបូននៅ​ឆ្នាំ ២០៥០ បានបង្កើតបរិស្ថាន​វិនិយោគរយៈ​ពេលវែង​ប្រកបចេរភាព។ សម្រាប់ក្រុមហ៊ុនថាមពលស្អាតអូស្ត្រាលី ឱកាសទាំងនេះមិនត្រឹមតែ​សម្រាប់ការចាប់ផ្តើម​អាជីវកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការនាំមុខនៅក្នុងទីផ្សាប្រកបដោយសក្តានុពល គាំទ្រគោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និងការពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសអូស្ត្រាលី ក្នុងនាមជាប្រតិបត្តិករសកល​ក្នុងការផ្លាស់ប្តូរ​ឆ្ពោះទៅ​រកអនាគតនៃថាមពលស្អាត។

សម្តេចធិបតីក៏បានរំឭកផងដែរដែរថា ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ អូស្ត្រាលី​តែងតែ​ជាអ្នកវិនិយោគ​ដ៏សំខាន់មួយ​នៅកម្ពុជា លើវិស័យជាច្រើនរួមមានសេវាកម្មអប់រំ, អាហារ និង​ភេសជ្ជៈ,​ សេវាកម្មហិរញ្ញវត្ថុ, ការរុករករ៉ែ និងធនធាន, បដិសណ្ឋារកិច្ច និងការទិញសម្លៀកបំពាក់ជាដើម។

ការវិនិយោគរបស់អូស្ត្រាលីនៅ​កម្ពុជានឹងកាន់តែ​មានសារៈសំខាន់ថែមទៀតលើវិស័យជាច្រើនដូចជាកសិកម្ម និងឧស្សាហកម្ម​កសិកម្ម ការអប់រំ សេដ្ឋកិច្ច ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលពណ៌បៃតង។ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើ​ឲ្យ​កម្ពុជាក្លាយទៅជាគោលដៅ​ទាក់ទាញ​សម្រាប់​ការវិនិយោគ ក្នុងនេះបានធ្វើការយ៉ាង​ជិតស្និទ្ធជាមួយក្រុមហ៊ុន និងវិនិយោគិនក្នុងស្រុក និង​អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ប្រយោជន៍ធានាបាននូវភាពជោគជ័យ​ដល់ការ​ធ្វើ​អាជីវកម្ម និងវិនិយោគក្នុងប្រទេស ជាពិសេសតាមរយៈការរៀបចំវេទិការដ្ឋាភិបាល និងវិស័យ​ឯកជន​ជាប្រចាំ។

ក្នុង​ដំណើរទស្សនកិច្ច​នៅ​ប្រទេស​អូស្រ្តាលី សម្តេច​ធិបតី ហ៊ុន ម៉ាណែត ក៏អញ្ជើញជា​សាក្សី​ក្នុង​ពិធីចុះអនុស្សរ​ណៈ​យោគយល់គ្នាលើឯកសារចំនួន ២ ពាក់ព័ន្ធនឹង​ការ​ចូលរួម​ជំរុញកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច​រវាង​កម្ពុជា​និង​អូស្រ្តាលី៖

១. អនុស្សរណៈយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម​និងឧស្សាហកម្ម​វិទ័ររៀ ក្នុងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច​រវាង​ព្រះរាជាណាចក្រកម្ពុជា និង ប្រទេសអូស្រ្តាលី ។

២. អនុស្សរណៈយោគយល់គ្នារវាងសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន La Vie Hospitality Group ក្នុងចូលរួមទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម