ព័ត៌មានជាតិ
ក្រសួង ច្រានចោលសេចក្ដីថ្លែងការណ៍របស់សង្គមស៊ីវិលមួយចំនួន
ក្រសួងព័ត៌មាន បានបដិសេធចំពោះសេចក្ដីថ្លែងការណ៍ជុំវិញការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួន លើការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជា និងថា ជាយុទ្ធសាស្ត្រទាក់ទាញការយកលុយពីខាងក្រៅប៉ុណ្ណោះ។
សេចក្ដីបំភ្លឺអំពី ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសេចក្ដីបំភ្លឺជុំវិញការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា ដូចខាងក្រោម ៖
១. អ្នកនាំពាក្យក្រសួងព័ត៌មានបានកត់សម្គាល់ឃើញថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គការសង្គមស៊ីវិលចំនួន ៥៧ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយចោទប្រកាន់រាជរដ្ឋាភិបាល កម្ពុជា ថាបានយាយីទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាន ប៉ុន្តែក្នុងចំណោមអង្គការសង្គមស៊ីវិលទាំង ៥៧នោះ មានអង្គការសង្គមស៊ីវិល ចំនួន ១២ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួង មហាផ្ទៃ និង ០១ ចុះបញ្ជីនៅក្រសួងព័ត៌មាន ក្រៅពីនោះ ជាក្រុមអង្គការសង្គមស៊ីវិល ដែលមិនបានចុះបញ្ជីស្របច្បាប់ឡើយ។ ដូច្នេះក្នុងការចោទប្រកាន់ខាងលើនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុកថា វាគ្រាន់តែជាយុទ្ធសាស្ត្ររបស់អង្គការសង្គមស៊ីវិលទាំងនោះ ក្នុងការទាក់ទាញការយកលុយពីខាងក្រៅ និងទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាពសម្រាប់ក្រុមខ្លួន និងមានចេតនាក្នុងការបំភាន់ សាធារណមតិតែប៉ុណ្ណោះ។
២. រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការ គោរព សិទ្ធិមនុស្ស សិទ្ធិ សេរីភាពសារព័ត៌មាន និងសេរីភាព ខាងការបោះពុម្ពផ្សាយ ស្របតាមមាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ស្ដីពីរបប សារព័ត៌មាន ឆ្នាំ១៩៩៥។ ផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានជាធរមាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ជាពិសេសច្បាប់ស្ដីពីរបប សារព័ត៌មាន អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជា អាចបំពេញវិជ្ជាជីវៈដោយសេរី និងគ្មានការត្រួតពិនិត្យជាមុនចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះ អ្នកសារព័ត៌មានអាចរក្សាជាសម្ងាត់នូវប្រភពព័ត៌មានដែលខ្លួនទទួលបានផងដែរ។
តាមរយៈការអនុវត្តច្បាប់នេះ បច្ចុប្បន្នវិស័យសារព័ត៌មាននៅកម្ពុជា មានការ អភិវឌ្ឍគួរជាទីមោទនៈទាំងវិសាលភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការរើសអើង និងគ្មានការគំរាមកំហែង។

៣. ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ចំពោះស្ថាប័នមានសមត្ថកិច្ចដែលបានអនុវត្តភារកិច្ចរបស់ ខ្លួនទៅលើអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់មួយចំនួនកន្លងមក ថាជាការរំលោភបំពាន បំបិទសិទ្ធិ សេរីភាពសារព័ត៌មាននោះ គឺជាការចោទប្រកាន់ដោយមិនបានពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់លើករណីនីមួយៗនោះឡើយ។ ពាក់ព័ន្ធចំណុចនេះ អ្នកនាំពាក្យក្រសួងព័ត៌មានសូមបញ្ជាក់ជូនថា ការអនុវត្តវិធានការផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មានទាំងនោះ គឺជាការអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់ ស្របតាមគោលការណ៍និតិរដ្ឋដែលគ្រប់ប្រទេសប្រកាន់យក។ ដូច្នេះអ្នកដែលប្រកបវិជ្ជាជីវៈទាំងអស់ រួមទាំងអ្នកប្រកបវិជ្ជាជីវៈព័ត៌មាន ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលមានជាធរមាននៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជៀសផុតពីការទទួលខុសត្រូវផ្នែកផ្លូវច្បាប់។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ករណីការអនុវត្តវិធានការផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានមួយចំនួនដែលប្រព្រឹត្តខុសច្បាប់ កំពុងស្ថិតនៅក្នុង ដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ ដូច្នេះមានតែការចូលរួមអនុវត្តទៅតាមនីតិវិធីតុលាការ ទេ ដែលជាដំណោះស្រាយក្នុងការអនុវត្តសិទ្ធិ សេរីភាព និងភាពត្រឹមត្រូវរបស់ខ្លួនចំពោះមុខច្បាប់។ ក្នុងករណីនេះ ភាគីពាក់ព័ន្ធអាចផ្តល់ជាជំនួយផ្លូវច្បាប់ដល់ជនជាប់ចោទទាំងនោះ ទៅតាមនីតិវិធីច្បាប់។
៤. ចំពោះការចោទប្រកាន់មកលើក្រសួងព័ត៌មាន អំពីការដកអាជ្ញាបណ្ណអង្គភាពសារព័ត៌មានមួយចំនួន ដោយគ្មានមូលដ្ឋានច្បាស់លាស់ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមបញ្ជាក់ថា ផ្អែកតាមច្បាប់ស្ដីពី របបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួងព័ត៌មាន ក្រសួងបានផ្ដល់ការចុះបញ្ជីស្របច្បាប់ដល់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មាន ដោយគ្មានការរើសអើង និងដោយស្មើភាព។
បន្ថែមពីនេះក្រសួងព័ត៌មានមានតួនាទី និងភារកិច្ចក្នុងការផ្ដល់ ផ្អាកបណ្ដោះអាសន្ន និងបញ្ឈប់អាជ្ញាបណ្ណ ទៅលើអាជីវកម្មវិស័យព័ត៌មាន និងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ក្រសួងអាចផ្ដល់អាជ្ញាបណ្ណក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា នៅពេលដែលអ្នកប្រកបវិជ្ជាជីវៈសារ ព័ត៌មានបានបំពេញទៅតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន។
ប៉ុន្តែផ្ទុយទៅវិញ ក្រសួងក៏អាចផ្អាកបណ្ដោះអាសន្ន ឬលុបអាជ្ញាបណ្ណ ប្រសិនបើក្រសួងពិនិត្យឃើញថា អង្គភាព ឬ អ្នកសារព័ត៌មានទាំងនោះ ប្រព្រឹត្តផ្ទុយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងកិច្ចសន្យារបស់ខ្លួនដែលបាន តម្កល់ទុកនៅក្រសួងព័ត៌មាន។
៥. ឆ្លៀតក្នុងឱកាសនេះផងដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវ និងលើកទឹកចិត្ត ដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ទាំងអស់នៅកម្ពុជា សូមចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តិ នានា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យា ដែលសាមីអង្គភាពខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មានឱ្យបានខ្ជាប់ខ្លួន ដោយកុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


