ព័ត៌មានជាតិ
ជារឿងកម្រណាស់! យុវតីខ្មែរ១រូប បានអភិវឌ្ឍខ្លួនពីនារីអាកាសចរណ៍ ក្លាយជាអ្នកបើកយន្តហោះ
កញ្ញា ហុង ចិន្តា ដែលជាស្ត្រីខ្មែរ១រូប មានមហិច្ឆតាខ្ពស់ ខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកនូវចំណេះដឹងថ្មីៗ បានប្រែខ្លួនជានារីអាកាសចរណ៍នៅលើយន្តហោះ ក្លាយជាអាកាសយានិកាម្នាក់ ដែលជារឿងមួយគួរឱ្យមានមោទនភាព ដែលនារីខ្មែររូបនេះ មានសមត្ថភាពអាចបម្រើការងារនេះមិនចាញ់បុរសឡើយ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកិច្ចការនារី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

សព្វថ្ងៃ កញ្ញា ហុង ចិន្តា គឺជាអាកាសយានិកានៃក្រុមហ៊ុនអាកាសចរណ៍ឡានម៉ី (Lanmei Airline)។ ក្រសួងកិច្ចការនារីបានឱ្យដឹងថា កញ្ញា ជាអតីតសិស្សវិទ្យាល័យបាក់ទូក និងបានបន្តការសិក្សាផ្នែកបរិញ្ញាបត្រសណ្ឋាគារទេសចរណ៍ នៅសាកលវិទ្យាល័យន័រតុន។ នៅពេលខ្លួនកំពុងសិក្សាជានិស្សិតឆ្នាំទី៣លើជំនាញនេះ កញ្ញាក៏ចង់ស្វែងយល់ និងស្វែងរកបទពិសោធការងាររវាងការផ្តល់សេវាកម្មដល់ភ្ញៀវនៅលើយន្តហោះ និងនៅសណ្ឋាគារ។ ដោយហេតុនេះ កញ្ញា ហុង ចន្តា ក៏សម្រេចចិត្តដាក់ពាក្យបម្រើការងារជានារីអាកាសចរណ៍នៅក្រុមហ៊ុន Cambodia Angkor Air។

បន្ទាប់ពីការដាក់ពាក្យនៅទីនោះ ជាឱកាសល្អមួយដែលក្រុមហ៊ុន Cambodia Angkor Air បានសហការជាមួយ Viet Flight Training Center ដើម្បីផ្តល់ឱកាសដល់និស្សិតខ្មែរដែលចង់ក្លាយជាអាកាសយានិក អាចសិក្សាលើជំនាញនេះបាន។ នៅពេលឱកាសបានមកដល់ កញ្ញា ហុង ចិន្តា ក៏បានចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលនៅទីនោះ ដោយកញ្ញា គឺជានិស្សិតជំនាន់ទី៣ក្នុងនាមជាកូនខ្មែរដែលបានទៅរៀនជំនាញនេះនៅវៀតណាម។
កញ្ញាបានចែករំលែកថា ជំនាញនេះ តម្រូវឱ្យមានការចេះស្ទាត់ និងទំនួលខុសត្រូវខ្ពស់ ហើយការសិក្សាវិញ គឺត្រូវសិក្សារហូត ដោយសារតែងតែមានអ្វីៗថ្មីៗច្រើន។ ចំពោះផ្នែកភាសាវិញ ប្រសិនជាចេះភាសាអង់គ្លេសស្ទាត់ជំនាញគឺជារឿងល្អ ព្រោះជាភាសាផ្លូវការ ប៉ុន្តែ ប្រសិនជាចេះភាសាផ្សេងច្បាស់ទៀតកាន់តែប្រសើរ។

បើក្រឡេកមើលពីដំណាក់កាលនីមួយៗរបស់កញ្ញា ហុង ចិន្តា មុនក្លាយជាអាកាសយានិកានេះ គឺកញ្ញាត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជាច្រើនដូចជា ទី១ គឺការដាក់ពាក្យសិក្សាវគ្គបណ្តុះបណ្តាលទ្រឹស្តីនៅប្រទេសវៀតណាមរយៈពេល៦ខែ។ សម្រាប់វគ្គសិក្សានេះ គឺសិក្សាពីបច្ចេកទេសរបស់យន្តហោះ និងសិក្សាពីអាកាសធាតុ។ ជំហានទី២. ដាក់ពាក្យចូលរៀនវគ្គបណ្តុះបណ្តាលពីការហោះហើរនៅប្រទេសហ្វីលីពីនរយៈពេល១៣ខែ ដោយវគ្គសិក្សានេះ និស្សិតមានការយល់ដឹងពីរបៀបហោះហើរ ចុះចត និងការទំនាក់ទំនងជាមួយអ្នកបញ្ជាចរាចរណ៍យន្តហោះ ជាដើម។
បន្ទាប់ពីមានការសិក្សាពីជំហាននីមួយៗហើយ គឺឈានដល់ជំហានទី៣ ជាវគ្គសិក្សាពីប្រភេទយន្តហោះនីមួយៗនៅប្រទេសកូរ៉េរយៈពេល ១ខែ ២០ថ្ងៃ។ បន្ទាប់ពីសិក្សាពីប្រភេទយន្តហោះ គឺជំហានទី៤ ត្រូវមាន Student pilot license នៅប្រទេសម៉ាឡេស៊ី ថែមទៀតផង។

ជាការគួរសម្គាល់ អាកាសយានិកជាស្ត្រី គឺកម្រមានណាស់ ជាពិសេស គឺនៅកម្ពុជាតែម្តង។ នេះ គឺជាមោទនភាពមួយរបស់កម្ពុជា ដែលកញ្ញា ហុង ចិន្តា ជាកូនខ្មែរមួយរូប ថែមទាំងជាស្រ្តីទៀតនោះ មានសមត្ថភាពខ្ពស់អាចក្លាយជាអាកាសយានិកាបែបនេះ។ ក្នុងនាមជាស្ត្រីមានសមត្ថភាពខ្លាំង កញ្ញា ហុង ចិន្តា បានផ្តាំផ្ញើដល់សាធារណជនគ្រប់រូប ជាពិសេស ស្ត្រីគ្រប់រូបថា នៅពេលដែលខ្លួនចង់ធ្វើអ្វីមួយ ឬស្រឡាញ់អ្វីមួយនោះ ចូរកុំគិតពីសម្តីរបស់អ្នកដទៃខ្លាំងពេក ប្រសិនជាស្រឡាញ់អ្វីមួយ ត្រូវធ្វើរឿងនោះឱ្យបានសម្រេច។ កញ្ញា ជឿជាក់ថា ស្រ្តី គឺមានភាពជាអ្នកដឹកនាំមិនចាញ់បុរសឡើយ ទោះបីមានកម្លាំងខ្សោយជាងបុរសមែន ប៉ុន្តែ សមត្ថភាពមិនចាញ់បុរសនោះទេ៕


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


