Connect with us

ព័ត៌មានជាតិ

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

បានផុស

នៅ

ប្រទេសកម្ពុជា គាំទ្រប្រទេសឡាវជាប្រធានប្តូរវេនអាស៊ាន ក្នុងឆ្នាំ ២០២៤នេះ ហើយកម្ពុជាផ្ដល់ថវិកាចំនួន ១លានដុល្លារ សម្រាប់ឲ្យប្រទេសឡាវរៀបចំកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំនេះ ផងដែរ។ នេះជាការប្រកាសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសសន្និសីទសារព័ត៌មានរួមជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ កាលពីរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មាននេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជា សូមប្រកាសគាំទ្រប្រទេសឡាវជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៤ ហើយកម្ពុជាផ្ដល់ថវិកាចំនួន ១លានដុល្លារ ក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ាន។ ប្រទេសឡាវ បានក្លាយជាប្រធានអាស៊ានប្ដូរវេនលើកទី ៣ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤មក។

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បានថ្លែងបែបនេះថា «ខ្ញុំសូមគូសបញ្ជាក់សាជាថ្មីថា កម្ពុជា គាំទ្រទាំងស្រុងចំពោះប្រទេសឡាវជាប្រធានប្ដូរវេនអាស៊ានឆ្នាំ ២០២៤ និងចំពោះតួនាទីបេសកជនពិសេស របស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ា។ ក្នុងស្មារតីនេះ កម្ពុជាសូមចូលរួមជាមួយឡាវនូវថវិកា ១លានដុល្លារ ក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ»។

នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កាលពីរសៀលថ្ងៃចន្ទម្សិលមិញដដែល លោក សនសៃ ស៊ីផាន់ដន បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសឡាវ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីឡាវ បានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ កាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីឡាវ ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចធិបតី និងគណ:ប្រតិភូ នាឱកាសនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្ដេចនាពេលនេះ មានគោលដៅពង្រឹងនិងធ្វើឲ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឈរលើមូលដ្ឋាន នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

ក្នុងឱកាសនោះដែរ សមភាគីទាំងពីរបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិតនាពេលកន្លងមក និងបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ  ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ ការតភ្ជាប់ ថាមពល ដឹកជញ្ជូន និងកិច្ចការព្រំដែន ជាដើម៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម