ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ជំរុញរោងចក្រលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឱ្យរោងចក្រសហគ្រាស ចូលរួមលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការកាន់តែប្រសើរបន្ថែមទៀត។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ កាលពីថ្ងៃទី ៧ មេសា នេះថា ការជំរុញឱ្យរោងចក្រចូលរួមលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការនេះ ដោយសារតែបច្ចុប្បន្ន កម្មករ-និយោជិត នៅបន្តមានគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ និងជំងឺវិជ្ជាជីវៈជាបន្តបន្ទាប់។
លោក កត្តា អ៊ន បានបន្តថា ដើម្បីជាការក្រើនរំលឹកដល់វិញ្ញាណក្ខន្ធ កម្មករ-និយោជិត ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក ក្រសួងការងារ នឹងប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខ ក្រោមប្រធានបទ“ផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុលើផ្នែកសុវត្ថិភាព និងសុខភាពការងារ” ខណៈទិវានេះ ប្រារព្ធជាផ្លូវការ នាថ្ងៃទី ២៨ មេសា ជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិក នៃអង្គការអន្តរជាតិខាងការងារ។

លោកបានបន្តទៀតថា សម្រាប់ឆ្នាំ ២០២៤ នេះ ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ នឹងរៀបចំឡើងនៅក្រុមហ៊ុន ថូភេក អេឡិកទ្រិក ឯក ស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ អង្គការអន្តរជាតិ ខាងការងារ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា អង្គការវិជ្ជាជីវៈ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាននានា និងកម្មករ-និយោជិត សរុបចំនួន ១ ៣០០ នាក់។
បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានណែនាំដល់រោងចក្រសហគ្រាសថា ដើម្បីចូលរួមអបអរសាទរទិវាពិភពលោកនេះ និងរួមចំណែកក្នុងការផ្សព្វផ្សាយ ការលើកកម្ពស់ សុវត្ថិភាព និងសុខភាពការងារ ព្រមទាំងការបង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ជាយថាហេតុដល់ កម្មករ-និយោជិត សូមលោក លោកស្រី ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ រៀបចំចងបដាពាក្យស្លោកមួយចំនួននៅតាមរបងខាងមុខសហគ្រាស គ្រឹះស្ថានដូចជា ៖ ១.អបអរសាទរទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ២៨ មេសា។ ២.ផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុលើផ្នែកសុវត្ថិភាព និងសុខភាពការងារកម្ពុជា។ ៣.ធ្វើសកម្មភាពរួមគ្នា ដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពការងារជាវិជ្ជមាន។ ៤.ត្រូវរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅគ្រប់កន្លែងធ្វើការ។ ៥.មានសុវត្ថិភាពការងារ គឺ គ្មានគ្រោះថ្នាក់ការងារ។ ៦.ធានាឱ្យគ្រប់កន្លែងការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសុវត្ថិភាពល្អ។ ៧.រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ។ ៨.ជីវិតរបស់ខ្ញុំ ការងាររបស់ខ្ញុំ និងការងារប្រកបដោយសុវត្ថិភាពរបស់ខ្ញុំ។ ៩.ការងារសមរម្យ គឺជាការងារប្រកបដោយសុវត្ថិភាព និង ១០.បរិយាកាសការងារ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារ គឺជាសិទ្ធិ និងគោលការណ៍គ្រឹះ នៅកន្លែងធ្វើការ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


