ព័ត៌មានជាតិ
បញ្ចប់តំណែងពីចៅអធិការវត្តឈើទាលជ្រុំ បន្ទាប់ពីធ្លាយវីដេអូឈ្លោះជាមួយគ្រូបង្រៀនស្រុកត្បូងឃ្មុំ ២ឆ្នាំមុន
មានករណីវីដេអូខ្លីបរយៈពេល ១នាទី និង៣០វិនាទី ដែលព្រះសង្ឃ១អង្គ មានជម្លោះពាក្យសម្តី នៅក្នុងសាលារៀន ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២ ក្នុងស្រុកត្បូងឃ្មុំកន្លងទៅ ត្រូវបានបែកធ្លាយបង្ហោះនៅតាមបណ្តាញសង្គម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។

ហេតុការណ៍នេះ ផ្ទុះលើបណ្តាញសង្គម មានការចែករំលែក និងវែកញែកជាច្រើនហូរហែ វីដេអូខាងលើនេះ កើតឡើងបន្ទាប់ពីព្រះសង្ឃអង្គដដែរនេះ បានធ្វើសកម្មភាពវាយទៅលើសិស្សសាលាបឋមសិក្សាអញ្ចើម ដោយមូលហេតុ សិស្សមិនបានរើសដុំថ្ម ទៅដាក់ក្នុងគ្រឹះទីចាត់ការ និងបណ្ណាល័យដែលកំពុងសាងសង់ តាមការបញ្ជារបស់លោក ខណៈព្រះអង្គ ជាគណៈកម្មការមួយរូបផងដែរ នៅក្នុងសាលារៀននេះ ។
ភ្លាមៗក្រោយមានរឿងហេតុនេះ អាជ្ញាធរខេត្តបានឲ្យជំនាញពាក់ព័ន្ធ និងព្រះមន្ត្រីសង្ឃ រួមគ្នាពិនិត្យ និងដោះស្រាយលើរឿងនេះ ជាក់ស្តែងតាមរយៈរបាយការណ៍ និងការឲ្យដឹងពីលោក ហាក់ ហុន ប្រធានធម្មការ និងសាសនា ខេត្តត្បូងឃ្មុំ នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះថា ព្រះសង្ឃអង្គនេះ មានឈ្មោះភិក្ខុ អ៊ុក ម៉ាឬទ្ធី ព្រះចៅអធិការវត្តឈើទាលជ្រុំ (ហៅវត្តកូនត្មាត) ស្ថិតក្នុងភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយឡែកអ្នកគ្រូម្នាក់នោះមានឈ្មោះ ប៊ុន ឆេងឡូត ជានាយិការរងនៃអនុវិទ្យាល័យអញ្ចើម ស្ថិតនៅភូមិ-ឃុំខាងលើដូចគ្នា ។

ក្រោយមានជម្លោះ ក្នុងអំឡុងឆ្នាំ២០២២ អ្នកគ្រូ ប៊ុន ឆេងឡូត បានដាក់ពាក្យ ប្តឹងភិក្ខុ អ៊ុក ម៉ាឬទ្ធី ចំនួន០៣ចំណុច៖ ១.ជេរប្រមាថ, ២.គំរាមកំហែង ប៉ុនប៉ងធ្វើមនុស្សឃាត ហើយប្រើអាកប្បកិរិយាមិនសមរម្យមកលើខ្លួន និង៣ បង្កភាពអាណាធិបតេយ្យនៅកន្លែងអប់រំ (សាលាក្នុងម៉ោងសិក្សា) កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៤៖០៥នាទីរសៀល ។ ព្រមទាំងសូមទាមទារថ្លៃជំងឺចិត្តចំនួន ៦០,០០០,០០០រៀល (ហុកសិបលានរៀលគត់) និងសុំឱ្យដកព្រះគ្រូចៅអធិការវត្ត ព្រះតេជគុណព្រះនាម អ៊ុក ម៉ាឫទ្ធី ចេញពីវត្តឈើទាលជ្រុំ (កូនត្មាត) ហើយសូមមន្ត្រីសង្ឃសាលាអនុគណ រកយុត្តិធម៌ និង ដោះស្រាយឱ្យអ្នកគ្រូ។

ភ្លាមៗ០៤ថ្ងៃបន្ទាប់ ពាក់ព័ន្ធរឿងនេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ព្រះគ្រូមធុរធម្មរង្សី វ៉ាន ដាវី ព្រះអនុគណស្រុកត្បូងឃ្មុំ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ និងលោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ រួមទាំងអ្នកពាក់ព័ន្ធ បានបើកកិច្ចប្រជុំនៅសាលាស្រុកត្បូងឃ្មុំ បានសម្រេចសម្របសម្រួល ដើម្បីបញ្ចប់បញ្ហា ។ ក្នុងនោះ ស្នើឲ្យអ្នកគ្រូ ប៊ុន ឆេងឡូត ដកពាក្យបណ្តឹង បន្ទាប់មកនឹងចាត់វិធានការរួមមាន៖ បញ្ចប់តំណែងភិក្ខុ អ៊ុក ម៉ារឹទ្ធី ពីចៅអធិការវត្ត ឈើទាលជ្រុំ ។ និមន្តចេញពីវត្ត ឈើទាលជ្រុំ(ហៅកូនត្មាត) ទៅគង់នៅវត្ត គីរីរស្មី (ហៅចុងអូរ)ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ វិញ។ ចំពោះគណៈកម្មការ លោកអាចារ្យវត្តនេះ ត្រូវរៀបចំសមាស ភាពថ្មីឡើងវិញ បន្ទាប់ពីការតែងតាំងព្រះចៅអធិការថ្មីរួច ។ មន្ត្រីសង្ឃសាលាអនុគណស្រុកត្បូងឃ្មុំ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះធ្វើបញ្ជីសារពើភ័ណ្ឌរបស់វត្ត ឈើទាលជ្រុំ(ហៅកូនត្មាត)ឲ្យបានមុនថ្ងៃដែលភិក្ខុ អ៊ុក ម៉ារឹទ្ធី និមន្តចេញពីវត្ត ។

លោក ហាក់ ហុន ឲ្យដឹងទៀតថា ដោយសារអ្នកគ្រូ ប៊ុន ឆេងឡូត មិនព្រមដកពាក្យបណ្តឹង ហើយបន្តទៅកាន់តុលាការ ដែនសមត្ថកិច្ចមន្ទីរធម្មការ និងអនុគណស្រុក ក្នុងការសម្រួលដោះស្រាយ រឿងហេតុក៏បន្តអូសបន្លាយរហូតមកដល់ពេលនេះ។ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានបញ្ជាក់ឲ្យដឹងថា ភ្លាមៗក្រោយពីផ្ទុះរឿងជាថ្មីនេះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរស្រុក និងព្រះមន្ត្រីសង្ឃស្រុក បានបើកកិច្ចប្រជុំ នាថ្ងៃម្សិលមិញ រហូតដល់ថ្ងៃទី១៨នេះ សម្រេចបញ្ចប់តំណែងភិក្ខុ អ៊ុក ម៉ារឹទ្ធី ពីចៅអធិការវត្តឈើទាលជ្រុំ និងនិមន្តចេញពីវត្ត ទៅគង់នៅអនុគណស្រុកត្បូងឃ្មុំវិញ ដើម្បីបញ្ចប់រឿងផងដែរ ។
សូមជម្រាបថា រឿងហេតុដែលកើតឡើងនេះ តាមវិន័យព្រះសម្មាសម្ពុទ្ធ ទោសមិនទាន់ដល់ត្រូវអាបត្តិបរាជិកនោះទេ (មិនដល់ថ្នាក់ផ្សឹកចេញទេ)៕
ដោយ៖ សាន វិឡែម

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា