ព័ត៌មានជាតិ
លោក ទីវ តារារិទ្ធិ នឹងជិះកង់ពីកម្ពុជាទៅទ្វីបអឺរ៉ុបឆ្លងកាត់ប្រទេស២៥ ដើម្បីអង្គាសប្រាក់ជួយព្យាបាលកុមារ
នៅវេលាម៉ោង០៦ ព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោក ទីវ តារារិទ្ធិ នឹងជិះកង់ចេញពីទីតាំងមុខមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយកុមារកម្ពុជា។ នេះបើតាមការឱ្យដឹងពីសំណាក់លោក ទីវ តារារិទ្ធិ អ្នកជិះកង់ ដើម្បីកុមារកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយកម្មវិធី «ជិះកង់ ដើម្បីកុមារកម្ពុជា ពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប»។

តាមគម្រោងដែលលោក ទីវ តារារិទ្ធិ គ្រោងទុក ក្នុងរយៈពេលមួយឆ្នាំគឺលោក នឹងជិះកង់ចេញពីខេត្តសៀមរាប ឆ្លងចូលទៅកាន់ប្រទេសឡាវ ហើយចូលទៅកាន់ប្រទេសថៃ បន្តទៅបង់ក្លាដែស ចូលទៅឥណ្ឌា បន្តទៅប៉ាគីស្ថាន ឆ្លងទៅអាហ្វហ្កានីស្ថាន ចេញទៅកាហ្សាក់ស្ថាន ចូលទៅតាហ្សីគីស្ថាន ឆ្លងកាត់អូសបេគីស្ថាន តួកម៉េនីស្ថាន អ៊ីរ៉ង់ តួកគី ប៊ុលហ្ការី រូម៉ានី ហុងគ្រី អូទ្រីស អាល្លឺម៉ង់ ស្វីស អេស្ប៉ាញ ព័រទុហ្គាល់ ហូឡង់ បារាំង ន័រវេស និងប្រទេសអ៊ីតាលី ដែលដំណើរជិះកង់ពីកម្ពុជាទៅទ្វីបអឺរ៉ុបនេះ គឺមានចម្ងាយសរុប២០ ០០០គីឡូម៉ែត្រ។ លោក តារារិទ្ធ បានឱ្យដឹងដែរថា ដោយសារតែប្រទេសមួយចំនួនដែលលោកឆ្លងកាត់ ដូចជាប្រទេសមីយ៉ាន់ម៉ា អាហ្វហ្កានីស្ថាន និងប្រទេសអ៊ីរ៉ង់ កំពុងមានបញ្ហាសង្គ្រាម អសន្តិសុខ អស្ថេរភាពនយោបាយ ហេតុដូច្នេះ លោកត្រូវធ្វើដំណើរតាមជើងយន្តហោះ ដើម្បីរំលងប្រទេសដែលគ្មានសុវត្ថិភាពទាំងនោះ។

តាមការអះអាងរបស់លោក ទីវ តារារិទ្ធិ គឺលោកទទួលបានការជួយជ្រោមជ្រែងពីសំណាក់ស្ថានទូតបារាំងប្រចាំកម្ពុជា តាមរយៈការផ្ដល់ទិដ្ឋការពិសេសឱ្យលោកមានភាពងាយស្រួល ធ្វើកម្មវិធីជិះកង់សប្បុរសធម៌នេះនៅក្នុងទ្វីបអឺរ៉ុបតែម្ដង។
តាមផែនការ អំឡុងពេលធ្វើដំណើរលោក តារារិទ្ធិ នឹងផ្ដិតរូបភាព និងវីដេអូ រួចផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន ដោយឆ្លៀតឱកាសនោះ លោក នឹងអំពាវនាវតាមវីដេអូ ឱ្យសប្បុរសជន បរិច្ចាគថវិកា ចូលទៅក្នុងគណនីធនាគាររួមដោយមានភាគីមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ តាមលោក តារារិទ្ធិ គណនីពិសេសនេះ គឺលោកជាមួយតំណាងមន្ទីរពេទ្យទាំង២ បានបង្កើតឡើងជាមួយធនាគារអេស៊ីលីដា ជាគណនីអន្តរជាតិ ទោះបីសប្បុរសជនប្រើប្រាស់គណនីរបស់ធនាគារណាមួយ ក្នុងប្រទេសណាក៏ដោយ ក៏អាចបរិច្ចាគចូលទៅក្នុងគណនីសប្បុរសធម៌នេះបានដែរ។

ជុំវិញកម្មវិធីសប្បុរសធម៌ «ជិះកង់ ដើម្បីកុមារកម្ពុជា ពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» របស់លោក តារារិទ្ធិ នៅក្នុងឆ្នាំ២០២៤ នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា បានចាត់ទុកថា ជាបេសកកម្មមនុស្សធម៌មួយដ៏មានសារៈសំខាន់ ស្របពេលដែលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើសិទ្ធិ និងសុខមាលភាពរបស់កុមារ និងទារក។ ដោយហេតុថា កម្មវិធីសប្បុរសធម៌ជិះកង់ពីកម្ពុជាទៅទ្វីបអឺរ៉ុបនេះ មានសារៈសំខាន់សម្រាប់ កុមារ លោករដ្ឋមន្ត្រី បានអះអាងថា ក្រសួងព័ត៌មានបានគាំទ្រចំពោះបេសកកម្មនេះ ហើយក្រសួង ក៏ជាដៃគូរផ្សព្វផ្សាយពីដំណើររបស់លោក តារារិទ្ធិ។
ក្នុងពេលជិះកង់ឆ្លងកាត់ប្រទេសនីមួយៗ លោក តារារិទ្ធិ នឹងចងភ្ជាប់នូវទង់ជាតិកម្ពុជាជាប់នឹងកង់របស់លោកជានិច្ច។ តាមលោក នេត្រ ភក្រ្តា សកម្មភាពនេះ គឺមោទនភាពមួយដែលក្នុងនាមជាកូនខ្មែរ ដែលបានផ្សព្វផ្សាយពីប្រទសរបស់ខ្លួន តាមរយៈសកម្មភាពមនុស្សធម៌។

តាមការឱ្យដឹងពីសំណាក់បុរសដែលជិះកង់ ក្នុងបុព្វហេតុជួយកុមាររូបនេះ ដើម្បីធ្វើសកម្មភាពសប្បុរសធម៌នេះបាន លោកត្រូវលាឈប់ពីការងារដែលជាប្រភពចំណូលក្រាស់ក្រែលរបស់ខ្លួន និងត្រូវជម្នះចិត្តគ្រួសាររបស់ខ្លួនដែលហាមមិនឱ្យធ្វើដំណើរផ្សងព្រេងប្រថុយប្រថានបែបនេះ ក្នុងគោលដៅធ្វើយ៉ាងណាប្រគល់ថវិកាឱ្យបាន២៥០ ០០០ដុល្លារ ដើម្បីប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ទុកព្យាបាលកុមារ ។
ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារអង្គរ លោក វ៉ា វីរៈ បានចាត់ទុកលោក តារារិទ្ធិ គឺជាវីរៈបុរសសម្រាប់កុមារមួយរូប ព្រោះលោកធ្វើកម្មវិធីជិះកង់ ដើម្បីកុមារកម្ពុជា ក្នុងរយៈចម្ងាយឆ្ងាយ ឆ្លងកាត់ប្រទេសជាច្រើន ឆ្លងកាត់ទ្វីប ត្រូវប្រឈមបញ្ហាអាកាសធាតុ សុវត្ថិភាព ឧបសគ្គផ្សេងៗ។

ចំណែកឯ ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ឃាន តួក បានថ្លែងអំណរគុណចំពោះលោក តារារិទ្ធិ ដែលបានធ្វើកម្មវិធីសប្បុរសធម៌នេះឡើង ទោះត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិការផ្ទាល់ខ្លួន។
ក្រៅពីនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវដល់ក្រុមហ៊ុនឯកជន និងសប្បុរសជនទាំងអស់ មេត្តាចូលរួមបរិច្ចាគក្នុងកម្មវិធី«ជិះកង់ ដើម្បីកុមារកម្ពុជា ពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» របស់លោក ទីវ តារារិទ្ធិ។

គួរឱ្យដឹងថា នេះមិនមែនជាលើកទីមួយឡើយ ដែល លោក ទីវ តារារិទ្ធិ ធ្វើកម្មវិធីជិះកង់មនុស្សធម៌បែបនេះ ពោលគឺកាលពីពាក់កណ្ដាលឆ្នាំ២០២៣ លោកបានជិះកង់ទៅកាន់ប្រទេសចំនួន៦នៅតំបន់អាស៊ានអាស៊ានរួមមានប្រទេសវៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងសិង្ហបុរី។ កាលណោះលោក តារារិទ្ធិ ចំណាយពេលជាង ៣ខែ ដោយជិះលើរយៈចម្ងាយផ្លូវ ៩ ៧៥០គីឡូម៉ែត្រ អង្គាសបានថវិការ ៥៦ ២៥៧ដុល្លារ ប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ៕

(រូបថតផ្ដល់ឱ្យ ដោយ ខឹម សុវណ្ណរ៉ា។)


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


