ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង
ដោយទទួលបានការឯកភាពពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងដោយមានការសម្របសម្រួលពី ស្ថានទូតបារាំងនៅកម្ពុជា លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

នេះជាទស្សនកិច្ចក្រៅប្រទេសជាលើកទី២ របស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេស អូស្ត្រាលី កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងមានជំនួបពិភាក្សាការងារជាមួយលោកស្រីរដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ទំនងសភា និងថ្នាក់ដឹកនាំនៃស្ថាប័នសំខាន់ៗរបស់បារាំង រួមមាន ក្រុមប្រឹក្សារដ្ឋ និងអគ្គលេខាធិការដ្ឋាននៃរដ្ឋាភិបាលបារាំង ដើម្បីផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងពាក់ព័ន្ធការពង្រឹងមុខងារ និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការដ៏សំខាន់មួយរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្ត្រី ប្រកប ដោយគុណភាព និងប្រសិទ្ធភាព ពិសេសពាក់ព័ន្ធមុខងារសម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្រ្តី។
មួយវិញទៀត ដើម្បីផ្លាស់ប្តូរបទពិសោធពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់ និងគោលការណ៍នៃការតាក់តែង និងការពិនិត្យផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងការដោះស្រាយវិវាទរដ្ឋបាល ពិសេសពាក់ព័ន្ធការជាន់សមត្ថកិច្ចគ្នា ក៏ដូចជាការផ្លាស់ប្តូរបទពិសោធអំពីការងារទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ជាដើម។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ ក៏ដើម្បីរួមចំណែកពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងបារាំងផងដែរ ពិសេសឈរលើមូលដ្ឋាននៃទំនាក់ទំនងពិសេស និងដ៏ជិតស្និទ្ធរវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងលោកប្រធានាធិបតីបារាំង Emmanuel Macron ។

គួរបញ្ជាក់ថា កម្ពុជា និងបារាំង មានប្រព័ន្ធរដ្ឋបាល និងប្រព័ន្ធច្បាប់ប្រហាក់ប្រហែលគ្នា ដោយសារឥទ្ធិពលនៃមរតករបស់អាណាព្យាបាលបារាំងនៅកម្ពុជា ចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣។ ក្នុងន័យនេះ ដំណើរទស្សនកិច្ចនេះ ពិតជាមានសារសំខាន់សម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការទទួលបាននូវមេរៀនបទពិសោធ និងការអនុវត្តល្អៗបន្ថែមទៀត ដែលអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ធ្វើការកែលំអររបៀបរបបបំពេញការងារ និងកែទម្រង់ប្រព័ន្ធការងារ ដើម្បីពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ពិសេសដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការអនុវត្តនូវមុខងារគន្លឹះ និងស្នូលមួយចំនួនរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។
មុខងារគន្លឹះទាំងនោះ រួមមានជាអាទិ៍ ការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគិតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងសំណើ/របាយការណ៍របស់ក្រសួងស្ថាប័ននានា ការរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងចាត់ចែងសម្របសម្រួលការងារអន្តរក្រសួង និងកិច្ចការមួយចំនួនទៀត តាមការណែនាំរបស់នាយករដ្ឋមន្រ្តី និងការងារតាមដានវាយតម្លៃលើការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និង តាមដានការអនុវត្តបទបញ្ជា គោលការណ៍ណែនាំ និងការសម្រេចនានារបស់គណៈរដ្ឋមន្រ្តី ជាដើម៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


