ព័ត៌មានជាតិ
តំណាងកម្មករ ៤ ម៉ឺននាក់ ដាក់ញត្តិស្នើសុំម្ចាស់ជំនួយ ឱ្យពិចារណាឡើងវិញ ចំពោះការគាំទ្រដល់អង្គការសង់ត្រាល់
សហភាពសហជីពពន្លឺកម្មករ ដែលតំណាងឱ្យកម្មករ-និយោជិត ៤ ម៉ឺននាក់ បានដាក់ញត្តិនៅស្ថានទូតអាមេរិក នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នេះ ដើម្បីស្នើសុំនាយកអង្គការ USAID ប្រចាំកម្ពុជា គិតគូរឡើងវិញពីការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ «សង់ត្រាល់»។

អ្នកស្រី សៀ គន្ធា អគ្គលេខាធិការសហភាពសហជីពពន្លឺកម្មករ និងជាប្រធានសហព័ន្ធសហជីពការងារស្ត្រីកម្ពុជា បានឱ្យដឹងថា ការដាក់ញត្តិនេះគោលបំណងសំខាន់បំផុត គឺដើម្បីឱ្យម្ចាស់ជំនួយ USAID គិតគូរឡើងវិញ អំពីកញ្ចប់ថវិកាឧបត្ថម្ភដល់អង្គការសង់ត្រាល់ និងណែនាំឱ្យអង្គការនេះធ្វើ សកម្មភាពប្រកបដោយតម្លាភាព និងស្របតាមលក្ខន្តិកៈរបស់ខ្លួន ជាពិសេសស្របតាមច្បាប់របស់កម្ពុជា។
អ្នកស្រី លើកឡើងថា របាយការណ៍សង់ត្រាល់ដែលបានចេញផ្សាយថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតរបស់កម្មករ-និយោជិត នៅកម្ពុជានោះទេ ដោយរបាយការណ៍នោះបានលើកឡើងពីការរឹតត្បិត បំភិតបំភ័យ គំរាមកំហែង បៀតបៀន បិទសិទ្ធិសេរីភាពការងារកម្មករ-និយោជិត នៅកម្ពុជា ដោយសម្ភាសន៍រោងចក្រតែ ១៤ ក្នុងចំណោមរោងចក្រមានរហូតដល់ ៧០៣ រោងចក្រ របស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការពលកម្មអន្តរជាតិ (ILO-BFC)។

អ្នកស្រី បញ្ជាក់ថា ខ្លឹមសារ នៃរបាយការណ៍សង់ត្រាល់ គ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ-និយោជិត នៅកម្ពុជា ទាំងមូល។ ជាពិសេសរបាយការណ៍នេះ មានចរិតនយោបាយ និងញុះញង់ លាបពណ៌ ឱ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា។
ក្រៅពីនេះ អង្គការសង់ត្រាល់ ជាអង្គការបានចុះបញ្ជិកានៅក្រសួងមហាផ្ទៃ ប៉ុន្តែបែរជាទៅលួចផ្ដល់ថវិកាដើម្បីចងក្រងបង្កើតសហជីពនៅតាមរោងចក្រ សហគ្រាសមួយចំនួន ដែលផ្ទុយពីលក្ខន្តិកៈរបស់ខ្លួនថែមទៀតផង។ សកម្មភាពរបស់អង្គការ សង់ត្រាល់ ដែលបានធ្វើ និងកំពុងបន្តធ្វើ គឺមិន បានអនុលោមតាមលក្ខន្តិកៈ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីអង្គការសមាគម និងច្បាប់ស្ដីពីការងារកម្ពុជាឡើយ។

អ្នកស្រី ថ្លែងថា «សង់ត្រាល់ គឺជាអង្គការមួយដែលចេញរបាយការណ៍មានលក្ខណៈ នយោបាយ អុជអាល បំផុសបំផុល បំបែកបំបាក់សាមគ្គី របស់សហជីព និងសហជីព និងធ្វើការបំភាន់ ការយល់ឃើញរវាងគ្នា និងគ្នា ប៉ះពាល់ដល់ស្ថិរភាពសហជីពនៅក្នុងប្រទេសកម្ពុជា ប៉ះពាល់ដល់ការងារ និងផលប្រយោជន៍កម្មករ-និយោជិត កម្ពុជា ទាំងមូល»។
តំណាងកម្មករ-និយោជិត អ្នកស្រីអគ្គលេខាធិការសហភាពសហជីពពន្លឺកម្មករ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍របស់កម្មករ-និយោជិត និងស្នើសុំយ៉ាងទទូចដល់នាយកអង្គការ USAID ធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ធ្វើសកម្មភាពដល់អង្គការសង់ត្រាល់ និងសូមឱ្យអង្គការសង់ត្រាល់ ធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមតាមលក្ខន្តិកៈរបស់ខ្លួន៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


