ព័ត៌មានជាតិ
បញ្ចប់ការសិក្សាពីអាមេរិក សម្ដេចសង្ឃ យ៉ន សេងយៀត ក្លាយជាព្រះចៅអធិការវត្តឧណ្ណាលោម
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ដែលជាភិក្ខុសង្ឃខ្មែរដំបូងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតរដ្ឋ ពីសាកលវិទ្យាល័យហាវឺដ (Harvard) ត្រូវបានតែងតាំងជាព្រះចៅអធិការវត្តឧណ្ណាលោម បន្តពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ដែលទ្រង់បានយាងចូលព្រះទិវង្គត។ សម្ដេចសង្ឃ យ៉ន សេងយៀត ជាអតីតលេខាផ្ទាល់ និងជាអ្នកបកប្រែភាសារបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស អស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ។

តាមប្រកាសនីយប័ត្ររបស់គណៈសង្ឃពុទ្ធសាសនាកម្ពុជា បានសម្រេចតែងតាំងសម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត នាមឆាយា សីលសំវរោ កើតឆ្នាំ១៩៧៩ មានព្រះជន្ម ៤៥វស្សា បួសបាន ៣៣វស្សា គង់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ឱ្យឡើងជា ព្រះចៅអធិការវត្តឧណ្ណាលោម ដែលជាអ្នករំងាប់អធិករណ៍ និងសហការគ្រប់គ្រងគរុភណ្ឌសង្ឃ មានដីធ្លីវត្តអារាម និងអប់រំពុទ្ធសាសនិកជនឱ្យរៀនសូត្របដិបត្តិធម៌វិន័យមានបិដកជាគោល។ តួនាទីជាព្រះចៅ អធិការវត្តឧណ្ណាលោម គឺបន្ថែមលើតួនាទីបច្ចុប្បន្នដែលមានស្រាប់របស់សម្ដេចព្រះមហាអរិយវង្សបណ្ឌិត ជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ។
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ត្រូវបានចាត់ទុកថា ជាបញ្ញវន្តសង្ឃនិកាយថេរវាទទី១ ដែលទទួលបានសក្ខីបត្របណ្ឌិតរដ្ឋ ពីសាកលវិទ្យាល័យហាវឺដ (Harvard) ដ៏ល្បីឈ្មោះកម្រិតពិភពលោករបស់សហរដ្ឋអាមេរិក។ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ទទួលបានសក្ខីបត្រថ្នាក់បណ្ឌិតជាផ្លូវការ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដោយសម្ដេចបានសិក្សាលើឯកទេសទស្សនវិជ្ជាព្រះពុទ្ធសាសនា រយៈពេល៤ឆ្នាំ គឺសិក្សាស្រាវជ្រាវបញ្ចប់ថ្នាក់ក្រោយបណ្ឌិតនេះ លើប្រធានបទ «មាគ៌ាអរិយជន» គឺផ្ដោតសំខាន់អំពីតួនាទីព្រះសង្ឃក្នុងការកសាង និងថែរក្សាសន្តិភាព។ ការសិក្សានៅសាកលវិទ្យាល័យហាវឺដនេះទៀតសោត ត្រូវបានជ្រើសរើសតាមរយៈការផ្ដល់អាហារូបករណ៏ឱ្យទៅបន្តការសិក្សានៅទីនោះ។

សម្ដេចបណ្ឌិត យ៉ន សេងយៀត បានឆ្លងកាត់ជីវិតតស៊ូជាច្រើន ទាំងជីវិតជាភេទអ្នកបួស ទាំងការតស៊ូក្នុងការស្វែងរកចំណេះវិជ្ជា។ សម្ដេចបណ្ឌិត យ៉ន សេងយៀត បានប្រសូតក្នុងគ្រួសារកសិករ នៅឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានបងប្អូនបង្កើតចំនួន៥នាក់ សម្ដេចជាកូនទី២ នៃគ្រួសារ។ សម្ដេច បានសាងផ្នួស និងសិក្សាក្នុងជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ១៩៩១ ហើយបានចូលរៀននៅសាលាបឋមសិក្សា ដែលមានគ្រូឧទ្ទេសាចារ្យ ប្រាក់ ឃុន ជាអ្នកបង្ហាត់បង្រៀនផ្ទាល់។ ក្រោយមក ក៏និមន្តបន្តការសិក្សានៅពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ដែលមានឱកាសរៀនសូត្រនូវធម៌វិន័យ ភាសាបាលី និងភាសាអង់គ្លេស។
ក្នុងឆ្នាំ២០០៣ សម្ដេចសង្ឃ យ៉ន សេងយៀត បាននិមន្តចាកចេញពីប្រទេសកំណើត ដើម្បីទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសស្រីលង្កា ថ្នាក់បរិញ្ញាបត្រផ្នែកទស្សនវិជ្ជា ថ្នាក់អនុបណ្ឌិត និងសញ្ញាបត្រទំនាក់ទំនងអន្តរជាតិ ពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ (BCIS) នាទីក្រុងកូឡំបូ។

សិក្សានៅប្រទេសស្រីលង្កា អស់រយៈពេលជាង៦ឆ្នាំ សម្ដេចសង្ឃ យ៉ន សេងយៀត ក៏បាននិមន្តត្រឡប់មកមាតុប្រទេសកំណើតវិញ។ នៅដើមខែតុលា ឆ្នាំ២០១៦ សម្ដេចសង្ឃ យ៉ន សេងយៀត ក៏បាននិមន្តចាកចេញពីប្រទេសកំណើតជាថ្មីម្ដងទៀត ដើម្បីទៅសហរដ្ឋអាមេរិកបន្តការសិក្សាសា្រវជ្រាវថ្នាក់ក្រោយបណ្ឌិត នៅសាកលវិទ្យល័យហាវឺដ Harvard ដែលសម្ដេចជាបេក្ខជនខ្មែរតែមួយអង្គគត់ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនេះ។ ដោយការព្យាយាមសិក្សាស្រាវជ្រាវទាំងយប់ទាំងថ្ងៃក្នុងវិស័យពុទ្ធចក្រ តាំងពីកុមារភាពមក ធ្វើឱ្យសម្ដេច មានសមត្ថភាព ចំណេះដឹង ជំនាញផ្នែកកិច្ចការសិក្សាអប់រំព្រះសង្ឃកម្រិតឧត្តមសិក្សានៃក្រសួងធម្មការ និងសាសនា។

ស្ថិតក្នុងជីវិតជាបព្វជិតប្រមាណ៣៣ឆ្នាំមកនេះ សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត តែងតែលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីរួមចំណែកយ៉ាងសកម្មលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ជាអាទិ៍ និមន្តចូលរួមក្នុងកិច្ចប្រតិបត្តិការសាសនា សន្និសីទអន្តរជាតិជាច្រើនប្រទេសនៅទូទាំងពិភពលោក ព្រមទាំងចូលរួមក្នុងកិច្ចសង្គមជាតិជារឿយៗ ហើយតែងទទួលបានការកោតសរសើរអំពីសំណាក់ព្រះសង្ឃ ពុទ្ធបរិស័ទគ្រប់ទិសទី និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ផងដែរ។
លើការងារអប់រំ សម្ដេចបណ្ឌិត យ៉ន សេងយៀត ជាសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ប្រធានពុទ្ធិកសមាគមសមណនិស្សិតខ្មែរនៅប្រទេសស្រីលង្កា ជាសាស្ត្រាចារ្យពុទ្ធិកឧត្តមសិក្សាទស្សនវិជ្ជានៃក្រសួងធម្មការ និងសាសនា ព្រឹទ្ធបុរសរងភាសាអង់គ្លេសនៃសាកលវិទ្យល័យបញ្ញាសាស្ត្រកម្ពុជា សញ្ញាបត្រកម្រិតឧត្តមនៅសាលាភូមិន្ទរដ្ឋបាល និងបណ្ឌិតវិទ្យាសាស្ត្រនយោបាយនៅរាជបណ្ឌិតសភាកម្ពុជា ជាដើម៕


-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានជាតិ១៣ ម៉ោង ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1