ព័ត៌មានជាតិ
សម្តេចសង្ឃ យ៉ន សេងយៀត៖ បើចង់ចេះត្រូវខំរៀន ព្រោះគ្មានអ្វីដែលធ្វើឱ្យចេះដោយមិនបាច់រៀននោះទេ
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានថេរដីកាថា «បើចង់ចេះត្រូវខំរៀន បើមិនចង់ចេះទេមិនបាច់ខំរៀនទេ ព្រោះគ្មានអ្វីដែលធ្វើឱ្យចេះដោយមិនបាច់រៀននោះដែរ»។ សម្តេច បានលើកឡើងដូច្នេះ ក្នុងការជួបជុំមិត្តសីហនុរាជរបស់សមណនិស្សិត និស្សិតឆ្នាំទី៤ ចំនួនប្រមាណជិត៥០០អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មកពីសាខារាជធានីភ្នំពេញ ,សាខាខេត្តកំពង់ឆ្នាំង និងសាខាខេត្តបាត់ដំបង ដែលបានមកជួបជុំគ្នាប្រារព្ធធ្វើនៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប កាលពីសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានថេរដីកាថា នៅក្នុងជីវិតមនុស្សយើង គឺតែងតែមានមនុស្សម្នាក់ដែលប្រៀបជាងយើងរហូត មិនថាអ្នកស្អាតឆ្លាត ពូកែ ប៉ុណ្ណាក៍មានអ្នកស្អាត ឆ្លាត ពូកែ ជាងអ្នករហូតដែរដូចពាក្យបូរាណចែងថាភ្នំខ្ពស់ប៉ុណ្ណាក៍គង់ទាបជាងស្មៅ ដូច្នេះក្នុងទ្រឹស្តីនេះ សូមសមណនិស្សិត និស្សិតទាំងអស់ត្រូវប្រុងប្រយ័ត្នរៀនក្នុងដំណើរជីវិត គឺត្រូវ ស្លឱ្យសាប អង្គុយឱ្យទាប នោះទើបជីវិតយើងមានអនាគត គឺយើងត្រូវដាក់ខ្លួនតែកុំទន់ជ្រាយ។
សម្តេច យ៉ន សេងយៀត បានសង្កត់ធ្ងន់ថា «នៅក្នុងសង្គមជាតិ មនុស្សគ្រប់រូប ជាពិសេសសមណសិស្ស សិស្ស ត្រូវតែចេះគឺភាសាជាតិយើង ដែលត្រូវការជួយជ្រុំជ្រែង ការថែរក្សាពីយុវជន បញ្ញវន្តរបស់យើងទាំងអស់គ្នា គឺត្រឹមតែការរៀនអក្សរ និងសរសេរភាសាជាតិឱ្យបានច្បាស់លាស់ និងត្រឹមត្រូវនោះ គឺពិតជាយើងបានលើកតម្កើងតម្លៃអត្តសញ្ញាណជាតិយើងបានហើយ»។

ជាមួយគ្នានេះ សម្តេចក៏បានមានថេរដីកា ដល់សមណនិស្សិតនិង និស្សិតទាំងអស់ សូមឱ្យមានជោគជ័យក្នុងជីវិត ដែលបានខិតខំរៀនសូត្របានចេះដឹង និងត្រូវខិតខំរៀនទៀត មនុស្សកាន់តែចាស់ភ្នែកកាន់តែងងឹតតែភ្នែកនេះអាចមើលឃើញអំពីឆាកជីវិតច្បាស់ជាងកាលនៅយុវវ័យ។ ដូច្នេះពេលដែលចាស់ៗឱ្យយោបល់ឱ្យខំរៀន គឺខំរៀនទៅ មិនខុសទេ កុំឱ្យដល់ពេលវ័យ ៦០ឆ្នាំឬ ៧០ឆ្នាំ ទើបស្តាយក្រោយនោះ ទើបហួសពេល។
សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានពុទ្ធិកឧត្តមសិក្សាពុទ្ធសាសនាដំបូង និងឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៥៤ ក្រោមព្រះរាជូបត្ថម្ភរបស់ព្រះករុណាជាម្ចាស់ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ហើយបានបិទទ្វារទៅវិញចាប់ពីឆ្នាំ១៩៧២-១៩៧៩ ដោយសារសង្គ្រាម។ លុះមកដល់ឆ្នាំ១៩៩៦ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ត្រូវបានបើកទ្វារឡើងវិញ ក្នុងឋានៈជាពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ដើម្បីបណ្តុះបណ្តាលសមណនិស្សិត និស្សិត ហើយបានប្រែក្លាយជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដោយអនុក្រិត្យរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៦ រហូតមដល់ពេលសព្វថ្ងៃនេះ។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ត្រូវបានទទួលស្គាល់ទូទៅថា ជាពុទ្ធិកសាកលវិទ្យាល័យរដ្ឋមួយក្នុងការបណ្តុះបណ្តាលពុទ្ធសាសនាដំបូង និងលើការបណ្តុះបណ្តាលជំនាញមានដូចជា ទស្សនវិជ្ជាពុទ្ធសាសនា សង្គមវិទ្យា នីតិសាស្ត្រ រដ្ឋបាលអប់រំ គ្រប់គ្រងទូទៅ អក្សរសាស្ត្រខ្មែរ បរិស្ថានវិទ្យា ភាសាបាលី-សំស្ក្រឹត និងភាសាអង់គ្លេស ប្រកបដោយគុណភាពនិងឧត្តមភាព៕
ដោយ៖ គឿនវេត




-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


