ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ប្រាប់ប្រមុខរដ្ឋវៀតណាម ថា កម្ពុជាមិនភ្លេចពីការជួយរបស់វៀតណាមក្នុងការផ្តួលរំលំរបបប៉ុលពតឡើយ
នៅក្នុងជំនួបសវនាការជាមួយលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់មេដឹកនាំវៀតណាមរូបនេះ ថា កម្ពុជាមិនភ្លេចពីការជួយរបស់វៀតណាមក្នុងការផ្តួលរំលំរបបប៉ុលពតឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា «កម្ពុជាមិនភ្លេចពីការជួយរបស់វៀតណាមក្នុងការផ្តួលរំលំរបបប៉ុលពត ដែលខែមុននេះ យើងបានប្រារព្ធខួបលើទី៤៧ នៃការធ្វើដំណើររបស់សម្តេចទៅវៀតណាមនៅតំបន់ X១៦ ហើយ ថ្នាក់ដឹកនាំវៀតណាម បានរំលឹកពីជំនួយរបស់កម្ពុជាក្នុងការជួយបង្រួបបង្រួមជាតិវៀតណាមផងដែរ»។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម មកកាន់កម្ពុជានាពេលនេះ និងបានអបអរសាទរជាថ្មីចំពោះការតែងតាំងលោក តូ ឡឹម ជាប្រធានរដ្ឋ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់ចំពោះការដឹកនាំរបស់លោក។ សម្តេចតេជោ បានកត់សម្គាល់ដោយរីករាយចំពោះទំនាក់ទំនងដ៏ល្អ និងជិតស្និទ្ធិរវាងកម្ពុជា និងវៀតណាម ដែលឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋវៀតណាម បានសម្តែងក្តីរីករាយដែលបានជួបសម្តេចតេជោ សាជាថ្មី ដែលកាលពីខែមករាកន្លងទៅ លោក ទើបតែបានអញ្ជើញបំពេញទស្សនកិច្ចមកកម្ពុជា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងនគរបាល។ លោក តូ ឡឹម បានអបអរសាទរគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់នៃការបោះឆ្នោតនាពេលចុងក្រោយនេះ និងអបអរសាទរសម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានរដ្ឋព្រឹទ្ធសភា។
លោក តូ ឡឹម កោតសរសើរចំពោះការអភិវឌ្ឍដ៏ជឿនលឿន និងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន សម្តេចតេជោ និងបច្ចុប្បន្ន រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោកប្រធានរដ្ឋ បានបង្ហាញក្ដីជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកប្រធានរដ្ឋរូបនេះ បានគូសបញ្ជាក់ដែរថា កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងល្អ និងទំនាក់ទងប្រវត្តិសាស្តដែលបានប្រឆាំងនឹងសត្រូវរួមគ្នា ហើយវៀតណាមប្រកាន់គោលនយោបាយមិនងាករេចំពោះចំណងមិត្តភាព ទំនាក់ទំនងទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។ លោកប្រធានរដ្ឋ ក៏បានលើកឡើងពីសារៈសំខាន់នៃយន្តការទ្វេភាគី និងកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់រវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេសការជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនបន្ថែមទៀត។ លោក តូ ឡឹម ក៏បានអញ្ជើញសម្ដេចតេជោ ទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមក្នុងវេលាសមស្របណាមួយនាពេលអនាគតផងដែរ។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានឯកភាពចំពោះការលើកឡើងរបស់លោកប្រធានរដ្ឋ ស្តីពីទំនាក់ទងនៃប្រទេសទាំងពីរ និងលើកឡើងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់បក្សកុម្មុយនីស្តវៀតណាម ប្រទេសវៀតណាមនឹងសម្រេចគោលដៅឧស្សាហូបនីយកម្ម និងទំនើបកម្មនៅឆ្នាំ២០៣០ ដូចកម្ពុជាក្នុងការក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។

សម្ដេចតេជោ ថា វៀតណាមនឹងឈានដល់ក្រុមប្រទេស G២០ ជាប្រទេសរីកចម្រើន និងអភិវឌ្ឍន៍ ដែលផ្តល់បច្ច័យល្អសម្រាប់ប្រទេសជិតខាង ដូចកម្ពុជា និងឡាវ។ សម្តេចតេជោ បានបន្ថែមថា សភាពការណ៍ពិភពលោកមានការប្រែប្រួលនិងវិវត្តន៍ទៅមុខពិបាកស្មាន ការធ្វើការរួមគ្នាជារឿងសំខាន់ ជាពិសេសការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំង៣ពោលគឺ៖ កម្ពុជា ឡាវ និងវៀតណាម, ដើម្បីជម្រុញកិច្ចសហការជាអ្នកជិតខាងល្អបន្តទៀត។
តបតាមការអញ្ជើញរបស់ប្រមុខរដ្ឋវៀតណាម, សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានឯកភាពទទួលយកការអញ្ជើញ ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នាពេលខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


