ព័ត៌មានជាតិ
លោក កែវ រតនៈ៖ ខេត្តពោធិ៍សាត់ អភិវឌ្ឍន៍ហៅមិនឮ ក្រោយសម្ដេចតេជោ ដាក់ចេញនយោបាយឈ្នះ-ឈ្នះ
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តពោធិ៍សាត់ លោក កែវ រតនៈ បានអះអាងថា ខេត្តពោធិ៍សាត់ ដែលស្ថិតនៅភាគខាងនៃប្រទេសកម្ពុជា ប្រែមុខប្រែមាត់ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ស្ពាន ពោលគឺអភិវឌ្ឍន៍ហៅមិនឮ ក្រោយសម្ដេចតេជោ ហ៊ុន សែន ដាក់ចេញនយោបាយឈ្នះ-ឈ្នះ។ លោករដ្ឋមន្ត្រីក្រសួងរ៉ែ លើកឡើងដូច្នេះ ក្នុងពេលផ្ដល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានមកពី៣៧ស្ថាប័ន។

ឆ្លើយតបសំណួរអ្នកកាសែត លោក កែវ រតនៈ ឆ្លើយពន្យល់ដូច្នេះ៖«ការរីកចម្រើនពី៧៩ មក៩៨ (ពីឆ្នាំ១៩៧៩ មកដល់១៩៩៨) មួយកម្រិតធំ ប៉ុន្តែចាប់ពីនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ដែលមានការបង្រួបបង្រួមជាតិ ឯកភាពទឹកដីលើកទី១ ក្នុងរយៈពេលជាង៥០០ឆ្នាំនេះ គឺបើប្រៀបពីឥឡូវ មកដល់ឆ្នាំ២០២៤នេះ គឺការីកចម្រើនហៅមិនឮទេ»។
លោកពន្យល់ដោយលើកជាឧទាហរណ៍ ថា កាលពីអតីតកាលប្រសិនបើអ្នកកាសែត ក៏ដូចជាអ្នកដំណើរធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់ គឺខេត្តជាប់ព្រំដែនថៃមួយនេះ គឺគ្មានហាងទំនើបលក់ទំនិញទេ គ្មានរោងចក្រឡើយ ប៉ុន្តែបច្ចុប្បន្នខេត្តមួយនេះមានហាងទំនើបលក់ទំនិញជាច្រើនប្រភេទ។

លោករដ្ឋមន្ត្រី លើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ការរៀបចំប្លង់ដី ការបម្រើសេវាសាធារណៈ សាលារៀន មណ្ឌលសុខភាព សុទ្ធតែរុញឱ្យទៅដល់មូលដ្ឋានកាន់តែកៀកនឹងប្រជាពលរដ្ឋ។ សម្រាប់លោក កែវ រតនៈ អ្នកដែលលើកឡើងថា ខេត្តពោធិ៍សាត់ គ្មានការរីកចម្រើន អ្នកនោះគឺពាក់វែនតាខ្មៅមើលខេត្តពោធិ៍សាត់។
លោក កែវ រតនៈ សង្កត់ធ្ងន់ដូច្នេះ ៖« បើអ្នកណាថាអត់មានការរីកចម្រើន ដើរថយក្រោយ អាហ្នឹងមានតែគាត់ខ្វាក់ភ្នែក ឬមួយក៏គាត់មានភ្នែកភ្លឺហើយប្រឹងងងិត»។

នយោបាយឈ្នះ ឈ្នះ គឺនយោបាយដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាម និងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះឈ្នះត្រូវបានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយដោយវាមានធាតុផ្សំសំខាន់៣គឺ៖ ទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីពនិងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូរជម្លោះ។
តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នេះ សង្គ្រាមដណ្ដើមអំណាច បែងចែកទឹកដីរវាងពូជសាសន៍ខ្មែរដែលអូសបន្លាយរយៈពេលជាង៥០០ឆ្នាំ ត្រូវបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨។

ជាង២៥ឆ្នាំ ក្រោមម្លប់សន្តិភាព មានឱកាសអភិវឌ្ឍន៍ប្រទេស បង្កើតបានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ដូចជាផ្លូវជាតិ ស្ពាន ស្ពានអាកាស ស្ពានឆ្លងទន្លេ រោងចក្រ អគារខ្ពស់ៗជាច្រើនកន្លែង មន្ទីរពេទ្យទំនើប សាលារៀន ទីកន្លែងបំពេញការងារជាច្រើន។
សម្រាប់ខេត្តពោធិ៍សាត់ ដែលស្ថិតនៅភាគខាងលិចប្រទេស ខេត្តនេះ បាននិងកំពុងតែអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវអាស៊ាន ផ្លូវជាតិ ទំនប់វារីអគ្គិសនីចំនួន៣ កំពុងសាងសង់ស្ពានខ្ពស់ជាងគេនៅកម្ពុជា សួនសូឡាធំជាងគេផលិតថាមពលស្អាត តំបន់សេដ្ឋកិច្ចពិសេស រោងចក្រតម្លើងរថយន្ដហ្វតរបស់អាមេរិក ទើបបើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្ដដឹកទំនិញប្រើថាមពលអគ្គិសនី(អាគុយ) និងនាខែកញ្ញា ក្រុមហ៊ុនជប៉ុន នឹងបើកការដ្ឋានសាងសង់រោងចក្រមួយបន្ថែមពីរោងចក្រដែលកំពុងដំណើរការនៅរាជធានីភ្នំពេញ៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


