ព័ត៌មានជាតិ
ទិវាមនុស្សចាស់ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលកំណត់ប្រធានបទ«មនុស្សចាស់ក្នុងបរិវិត្តកម្មឌីជីថល»
ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៦ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាល នឹងរៀបចំឡើងក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវិត្តកម្មឌីជីថល»។ ដើម្បីរៀបចំទិវាមនុស្សចាស់ ឆ្នាំនេះ ឱ្យបានទូលំទូលាយ រាជរដ្ឋាភិបាល បានចេញសារាចរណែនាំដល់ក្រសួង-ស្ថាប័ននូវកិច្ចការចាំបាច់មួយចំនួន។

តាមសារាចររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៤ ត្រូវបានរៀបចំស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ ការប្រារព្ធទិវានេះ មានគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះ ក៏បង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់ ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។
ក្នុងគោលបំណងយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សវ័យចាស់កម្ពុជា រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដើម្បីអនុវត្តតួនាទី និងភារកិច្ចដែល មានជាអាទិ៍ ការរៀបចំគោលនយោបាយដើម្បីលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ រៀបចំទិវាមនុស្សចាស់កម្ពុជា ដោយកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ រួមជាមួយទិវាមនុស្សចាស់អន្តរជាតិ។ នេះបើតាមសារាចររបស់ប្រមុខរាជរដ្ឋាភិបាល ដដែល។

សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ចាត់ទុកទិវាមនុស្សចាស់ក ជាទិវាបុណ្យរំលឹកដល់គុណូបការៈរបស់មនុស្សវ័យចាស់កម្ពុជា បុព្វការីជន ដែលបានកសាង និងបន្សល់ទុកនូវកេរមរតកសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។ ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ឱ្យបានទូលំទូលាយនិងផ្សព្វផ្សាយឱ្យប្រជាជន កម្ពុជាគ្រប់វ័យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាល បានណែនាំក្រសួងសង្គមកិច្ច គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិដែលពាក់ព័ន្ធ ដើម្បីអបអរសាទរទិវាមនុស្សចាស់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ឱ្យបានអធិកអធម។
រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់ ដោយបង្កលក្ខណៈឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំងប្រជាជនគ្រប់វ័យបានចូលរួមចំណែកតាមគន្លង ប្រក្រតីភាពថ្មី ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃគោលនយោបាយ ជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០។ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ នៅតាមមូលដ្ឋាន វត្តអារាម វិហារសាសនានានា ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។

ដោយប្រធានបទឆ្នាំនេះ ផ្ដោតលើមនុស្សចាស់ក្នុងបរិវិត្តកម្មឌីជីថល សម្ដេចធិបតី បានណែនាំក្រសួងប្រៃសណីយ៍ និងភាគីពាក់ព័ន្ធ ត្រូវលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញសម្រាប់មនុស្សចាស់ តាមរយៈកម្មវិធីលើកកម្ពស់ការយល់ដឹង និងការកសាងសមត្ថភាពជាពលរដ្ឋឌីជីថលសម្រាប់មនុស្សចាស់ និងជនងាយរងគ្រោះដទៃទៀត៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


