ព័ត៌មានជាតិ
ចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រដូចគ្នា រថយន្តអគ្គិសនីចាយថវិកាប្រមាណ ៩ ៦៣៣ រៀល ធៀប ៣៥ ៧២៣ រៀល រថយន្តដុតដោយឥន្ធនៈ
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានពន្យល់ពីគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនី ដែលជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុល រួមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល។
លោកក៏ប្រៀបធៀបការចំណាយលើការប្រើប្រាស់រថយន្តដុតដោយប្រេងឥន្ធនៈ ធៀបរថយន្តដំណើរដោយអគ្គិសនីគឺខុសគ្នាគុណ ១ ជា ៣។

មន្រ្តីអ្នកនាំពាក្យរូបនេះបានលើកពីគោលនយោបាយជាតិអភិវឌ្ឍន៍យានយន្តអគ្គិសនី មិនមែនជារឿងថ្មីសម្រាប់មនុស្សជាតិនោះទេ។
បើតាមលោក ផន រឹម រថយន្តអគ្គិសនីត្រូវបានបង្កើតឡើងនិងប្រើប្រាស់តាំងពីមុនពេលមានការអភិវឌ្ឍខ្លាំងលើម៉ាស៊ីនចំហេះក្នុងដោយប្រើប្រាស់ប្រេងឥន្ធនៈមកម៉្លេះ និងចាប់ផ្តើមតាំងពីយុគសម័យនៃការរីកចម្រើននិងប្រើប្រាស់ចរន្តអគ្គិសនី។
លោកថា សម្រាប់កម្ពុជា យាយន្តអគ្គិសនីជានិន្នាការថ្មីមួយ ដែលមានការវែកញែកជាហូរហែក្នុងចំណោមសាធារណមតិ និងចំណែកខ្លះ នៃជនដែលមានឥទ្ធិពលលើការផ្សព្វផ្សាយផងដែរ។
ការប្រើប្រាស់យានយន្តអគ្គិសនីត្រូវបានគេមើលឃើញជាទូទៅថា បានផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការតំបន់ និងពិភពលោក ដែលកំពុងតម្រង់ទិសទៅរកឧស្សាហកម្មបៃតង។
មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនរូបនេះបានលើកពីគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ គឺជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
រាជរដ្ឋាភិបាលផ្តល់សេរីភាព និងជម្រើសកាន់តែសំបូរបែប សម្រាប់ការប្រើប្រាស់យានយន្ត ដើម្បីសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ជាក់ស្តែង អត្រានៃការប្រើប្រាស់យានយន្តកើនយ៉ាងខ្លាំង ជាពិសេសទោចក្រយានយន្តនិងរថយន្ត។
អត្ថប្រយោជន៍ នៃការប្រើប្រាស់យានយន្តអគ្គិសនី
លោក ផន រឹម បានអះអាងថា ការប្រើប្រាស់យានយន្តអគ្គិសនី នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការតំបន់និងសកលលោក។
រថយន្តអគ្គិសនីការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក៖ ការប្រើប្រាស់យានយន្តអគ្គិសនីនឹងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ប្រេងឥន្ធនៈដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ចម្បង។ យានយន្តអគ្គិសនី គ្មានការបញ្ចេញឧស្ម័នពុលតាមបំពង់ស៊ីម៉ាំងដូចយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ដែលបញ្ចេញឧស្ម័នកាបូនម៉ូណូអុកស៊ីដ នីត្រូសែនអុកស៊ីដ និងភាគល្អិតនានា ដែលកត្តាទាំងនេះរួមចំណែកក្នុងការពង្រឹងគុណភាពខ្យល់ក្នុង បរិយាកាស។
ការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី នឹងកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុង សកលលោកប្រមាណពាក់កណ្តាលនៅឆ្នាំ ២០៥០ ធៀបនឹងបច្ចុប្បន្ន និងកាត់បន្ថយការស្លាប់មុនអាយុពីប្រមាណ ៥,៤ លាននាក់ នៅឆ្នាំ២០២០ មកត្រឹមប្រមាណ ២,៨ លាននាក់ នៅឆ្នាំ២០៥០។
តាមការវិភាគនៃការបញ្ចេញឧស្ម័នពុលនៅក្នុងវដ្ដជីវិតនៃយានយន្ត ការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធមានការបញ្ចេញឧស្ម័នពុលតិចជាងរថយន្ត ដែលប្រើប្រាស់ប្រេងឥន្ធនៈរហូតដល់ទៅជិត ៤០%។ រីឯការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីបញ្ចេញឧស្ម័នពុលតិចជាងទោចក្រយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ ១០ ដង។
-សន្តិសុខថាមពល៖ ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី នឹងចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ។ ដោយហេតុថា កម្ពុជាជាប្រទេសពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់ ការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈនឹងជួយពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ ព្រមទាំងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈដែលមានភាពមិនប្រាកដប្រជាខ្ពស់។ បន្ថែមលើនេះ អស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈ បានដាក់សម្ពាធយ៉ាងខ្លាំងលើការគ្រប់គ្រងទុនបម្រុងរូបិយប័ណ្ណអន្តរជាតិ។
-ការសន្សំសំចៃ៖ ការប្រើប្រាស់យានយន្តអគ្គិសនី មានលក្ខណៈសន្សំសំចៃខ្ពស់ជាងការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ យានយន្តអគ្គិសនីមានប្រសិទ្ធផល ឬ ខ្ពស់ជាងថាមពលម៉ាស៊ីន ប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ ៥ ទៅ ៦ ដង នៅក្នុងការបំប្លែងថាមពលទៅជាចលនា ដែលធ្វើឱ្យចំណាយទាបក្នុងការផ្លាស់ទី។
ជាក់ស្ដែង នៅក្នុងចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ ការប្រើប្រាស់រថយន្តអគ្គិសនីត្រូវចាយថវិកាប្រមាណ ៩ ៦៣៣រៀល។ ចំណែកឯការប្រើប្រាស់យានយន្តបើប្រាស់ប្រេងឥន្ធនៈ ត្រូវចាយថវិការហូតដល់ ៣៥ ៧២៣ រៀល។
-ការឈោងចាប់យកនូវបច្ចេកវិទ្យាថ្មីៗ៖ បណ្ដាប្រទេសក្នុងតំបន់ និងសកលលោកកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញវិស័យយានយន្តអគ្គិសនី ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាផ្សេងៗទៀត ដែលពង្រឹងសុវត្ថិភាពដល់អ្នកប្រើប្រាស់។ កម្ពុជាក៏ត្រូវសម្របខ្លួនក្នុងនិន្នាការថ្មីនេះ ដើម្បីរក្សាភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់ខ្លួន។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ការប្រើប្រាស់យានយន្តអគ្គិសនី រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ ដែលបង្កឡើងដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតចេញពីប្រភេទយានយន្តដែលប្រើប្រាស់ប្រេងឥន្ទនៈ។

ថ្លែងនៅក្នុង «សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា បានកំពុងដើរទន្ទឹមនឹងការអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនីនៅក្នុងក្របខ័ណ្ឌនៃនិន្នាការសកល ដែលកំពុងមានសន្ទុះយ៉ាងលឿនគួរឱ្យកត់សម្គាល់។
បើទោះបីជាការកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីក៏ពិតមែន រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន មើលឃើញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ចាំបាច់ត្រូវទាមទារនូវការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀត ព្រមទាំងការដាក់ចេញនូវគោលការណ៍ជាក់លាក់ និងគោលការណ៍លើកទឹកចិត្តដល់អ្នកប្រើប្រាស់ ក៏ដូចជាវិនិយោគិន ដើម្បីបង្កើនសន្ទុះនៃការប្រើប្រាស់ និងការវិនិយោគលើយានយន្តអគ្គិសនីដែលមាននៅក្នុងប្រទេសកម្ពុជា។
បើតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា គិតត្រឹមខែសីហា ឆ្នាំ២០២៤ ដែលបានចុះបញ្ជីមានចំនួនសរុបជាង ៣ ៦៧៦ គ្រឿង ខណៈដែលទីកន្លែងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេសមានចំនួន ២១ កន្លែង ដែលមានទូបញ្ចូលអគ្គិសនីបានលឿនបំផុតចំនួន ២៧ ទូ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


