ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ចិន ថា ចិនតែងចាត់ទុកកម្ពុជាជាអាទិភាពក្នុងនយោបាយការបរទេសរបស់ខ្លួន
រដ្ឋាភិបាលចិនតែងចាត់ទុកកម្ពុជាជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ នេះជាការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ចិន ទៅកាន់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។ លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនបានលើកឡើងថា កម្ពុជា-ចិន ជាមិត្តដែកថែបដែលមិនអាចបំបែកបំបាក់បាន ហើយក៏បានត្រៀមខ្លួនសម្រាប់បន្តគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីចិនរូបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសដែលលោក វង្សី វិស្សុត អញ្ជើញទៅចូលរួមបើកពិព័រណ៍ចិន-អាស៊ាន នៅក្រុងណាននីង នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ លោក Ding Xuexiang បានចាត់ទុកលោក វង្សី វិស្សុត ជាមិត្តចាស់របស់ប្រជាជនចិន និងថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមិត្តភាពកម្ពុជា-ចិន។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងឧបនាយករដ្ឋមន្រ្តីចិន Ding Xuexiang បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយក្នុងនោះរួមមាន វិស័យនយោបាយ សេដ្ឋកិច្ច កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរលើការលើកកម្ពស់ សហប្រតិបត្តិការសេដ្ឋកិច្ច ដោយលើកកម្ពស់ការនាំចេញផលិតផលមួយចំនួនពីកម្ពុជាទៅចិន ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងថាមពលកកើតឡើងវិញក្នុងប្រទេស កម្ពុជា និងការពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសរវាងយុវជននៃប្រទេសទាំងពីរសម្រាប់ជាការរួមចំណែកពង្រឹងចំណងមិត្តភាពយូរអង្វែងនៃប្រទេសទាំងពីរ។
ភាគីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះបន្ថែមទៀតសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់រដ្ឋាភិបាលចិន ដែលបានរៀបចំពិព័រណ៍ចិន-អាស៊ាន ជាប្រចាំ ចាប់តាំងពីឆ្នាំ២០០៤ ដែលកម្មវិធីនេះបានក្លាយជាវេទិកាយ៉ាងសំខាន់ សម្រាប់ជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសមាហរណកម្មក្នុងតំបន់ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព ស្ថិរភាព និងសន្តិភាពតំបន់ ក្នុងបរិការណ៍ពិភពលោកកំពុងជួបប្រឈមនឹងបញ្ហា និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានជួយទ្រទ្រង់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល សុខាភិបាល ប្រព័ន្ធស្រោចស្រព អបរំ និងកសិកម្ម ជាដើម ហើយជាពិសេសអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែបានយកចិត្តទុកដាក់លើការពិនិត្យព្រះរាជសុខភាពថ្វាយព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

បើតាមការលើកឡើងរបស់លោក វង្សី វិស្សុត ចំណងទាក់ទងរវាងកម្ពុជា និងចិន មានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ហើយប្រវត្តិសាស្រ្តក៏បានគូសបញ្ជាក់ផងដែរ កម្ពុជា និងចិន មាននិស្ស័យជាមួយនឹងគ្នា និងជាមិត្តដែលកម្ពុជាអាចពឹងពាក់បាន។ លោក ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគ្រប់ជំនាន់ បានជំរុញ និងបង្កើតឱ្យមានទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងចិន នាឆ្នាំ១៩៥៨ ហើយទំនាក់ទំនងនេះ ត្រូវបានពូនជ្រុំ និងបន្ដរីកលូតលាស់យ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដោយបានប្រែក្លាយទំនាក់ទំនងរវាងប្រទេសទាំងពីរឈានទៅជាភាពដៃគូសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ហើយបានបង្កើតទៅជាសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។
បន្តមកដល់អាណត្តិដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា, ទំនាក់ទំនងនេះកាន់តែត្រូវពង្រឹង និងពង្រីកដល់កម្រិតខ្ពស់ថ្មីមួយទៀត គឺកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរួមក្នុងតំបន់ ព្រមទាំងបានជំរុញកិច្ចសហប្រតិបត្តិការលើការកសាងច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងមច្ឆា និងអង្ករ ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមសម្រាប់ប្រជាជនទាំងពីរ និងបានបន្ដសម្រេចនូវសមិទ្ធផលថ្មីៗសម្រាប់អ្នកជំនាន់ក្រោយៗទៀត។ នេះជាការបន្ថែមរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


