ព័ត៌មានជាតិ
អធិការស្រុកសៀមប៉ាង បកស្រាយ រឿងឱ្យ លោកស្រី ស៊ីថុង សុខា ធ្វើកិច្ចសន្យា ក្រោយបង្ហោះរូបបំបៅកូន
ក្រោយពី ស្ត្រីជានគរបាលចរាចរណ៍ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានបង្ហោះរូបភាព បំបៅដោះកូននៅក្នុងពេលកំពុងបំពេញការងារ ក៏ឃើញគាត់បានបង្ហោះសារសុំទោស។ បន្តមកទៀតនៅថ្ងៃទី០៩ មីនា ឆ្នាំ២០២១ម្សិលមិញនេះ ក៏ឃើញមាន កិច្ចសន្យា មិនឱ្យបង្ហោះអ្វីប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ ដែលជាហេតុនាំមហាជនមានមិនពេញចិត្តចំពោះកិច្ចសន្យា និងមានចម្ងល់ជាច្រើនផងដែរ។

វរសេនីយ៍ឯក ជឹម អេន អធិការស្រុកសៀមប៉ាង បានប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១០ ខែមីនានេះថា រូបលោក ក៏ដូចជាគណៈអធិការ និងមន្ត្រីអធិការដ្ឋាន មិនមានបញ្ហាអ្វីទៅខឹងថ្នាំងថ្នាក់ឬ ចាប់ទោសអូសដំណើរទៅលើ អនុសេនីយ៍ទោ ស៊ីថុង សុខា តួនាទីជា អធិការរងទទួលផែនសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលគាត់បានថតរូបបំបៅកូននោះទេ។
លោក ជឹម អេន មានប្រសាសន៍ថា៖ “អត់មានបញ្ហាអ្វីទេ! សម្រាប់ខ្ញុំ ខ្ញុំគាំទ្រពេញទំហឹងចំពោះការផ្សាយការបំបៅកូននេះ។ ខ្ញុំក៏ជាអ្នកបៅដោះម្ដាយខ្លួនឯងដែរ”។
លោក ជឹម អេន បន្តទៀតថា៖ “ជាក់ស្ដែងកាលថ្ងៃទី៨ មីនា សិទ្ធិនារីអន្តរជាតិ នេះ ខ្ញុំក៏បានធ្វើពិធីចែកអំណោយជាកាដូ ជាថវិកាទៅដល់ស្រ្តី ក៏ដូចជានារីផ្សេងទៀតក្នងអធិការដ្ឋាន ជាពិសេសលោកស្រី [ស៊ីថុង សុខា] តែម្ដង ដែលជាមន្ត្រីរបស់ខ្ញុំ”។

លោក ជឹម អេន មានប្រសាសន៍បន្ថែមថា ចំពោះការបង្ហោះរូបបំបៅកូននោះ គឺលោកស្រី ស៊ីថុង សុខា បានថតបង្ហោះដោយខ្លួនឯង ដែលមានទាំងអ្នកគាំទ្រ និងអ្នករិះគន់។
អភិបាលស្រុកសៀមប៉ាងរូបនេះ មានប្រសាសន៍បន្តថា៖ “ដលអ៊ីចឹងទៅ ថ្នាក់ដឹកនាំខាងលើរបស់ខ្ញុំ ក៏ណែនាំមកខ្ញុំ ឱ្យគាត់ធ្វើកិច្ចសន្យាឈប់បង្ហោះបែបហ្នឹងទៀត ព្រោះមានចំណុចខ្លះខុសឆ្គង។ មិនមែនជារឿងបំបៅដោះហ្នឹងខុសឆ្គងទេ តែវិន័យកងកម្លាំង មានចំណុចខ្លះប៉ះពាល់”។

លោក ជឹម អេន បញ្ជាក់ទៀតថា៖ “យើងមិនមានជាការដាក់ទោស ឬពិន័យរដ្ឋបាលអ្វីដល់លោកស្រី [ស៊ីថុង សុខា] នោះទេ។ នេះជារឿងកំប៉ិកកំប៉ុក ដល់តែមហាជនយកទៅផ្សាយ ហើយបញ្ចេញយោបល់ផ្ទាល់ខ្លួនជាបន្តបន្ទាប់ ក៏ធ្វើឱ្យរឿងហ្នឹងធំអ៊ីចឹងទៅ”។
លោក ជឹម អេន បានបញ្ជាក់ទៀតថា៖ “នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន [អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍] បានបកស្រាយហើយ ការបង្ហោះណាមួយ ការបំពេញការងារ ការស្លៀកពាក់ឯកសណ្ឋាន ទាល់តែមានការឯកភាពពីអង្គភាពផង តែបើការបង្ហោះរឿងឯកជនរបស់គាត់ គាត់ចង់បង្ហោះអីបង្ហោះទៅ។ រឿងធ្វើកិច្ចសន្យានេះអត់មានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ។

លោក ជឹម អេន បានលើកឡើងថា៖ “ការធ្វើកិច្ចសន្យាជាវិន័យកងកម្លាំងដែលបានខុសឆ្គងតិចតួចក្នុងអង្គភាព គឺធ្វើដូចតែគ្នាហ្នឹង បើមានបញ្ហាអ៊ីចឹង ព្រោះសម្រាប់អង្គភាពនីមួយៗតែងមានវិន័យកងកម្លាំង គ្រាន់តែឱ្យពង្រឹងការងារឱ្យល្អជាងមុន ធ្វើការឱ្យប្រុងប្រយ័ត្នជាងមុន មិនមែនជាការពិន័យ ឬទណ្ឌកម្មធ្វើបាបអីទេ”។
គួរបញ្ជាក់ថា ជុំវិញករណីនេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍ បានពន្យល់ថា “ការបំបៅកូនជាកាតព្វកិច្ចរបស់ម្តាយគ្រប់រូប តែការផ្តល់ព័ត៌មាន ឬរូបភាពនៅកន្លែងប្រតិបត្តិការ របស់នគរបាល ត្រូវសុំការអនុញ្ញាតជាមុនពីប្រធានអង្គភាព។ ការធ្វើកិច្ចសន្យាមិនមែនជាការដាក់វិន័យ គឺគ្រាន់តែជាការអប់រំ ឲ្យចេះបំពេញការងារបានត្រឹមត្រូវ”។
គួររំលឹកផងដែរថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ Sokha Konkatlao បានបង្ហោះរូបភាព បានបង្ហោះរូបភាព បំបៅដោះកូនមួយសន្លឹក ដោយសរសេរចំណងជើងថា៖ “ព្រោះតែពាក្យថាម្តាយ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូន ភ្លេចអស់ភាពអៀនខ្មាស (នេះហើយជីវិតពិត)”។ ក្រោយមកនៅថ្ងៃទី០៦ មីនា ម្ចាស់ហ្វេសប៊ុកដដែលក៏បានបង្ហោះសារមួយសុំទោសជាសាធារណៈចំពោះការបង្ហោះរូបភាពបែបនេះ ថា ៖ “នាងខ្ញុំអនុសេនីយ៍ទោ ស៊ីថុង សុខា អត្តលេខ71655 សូមចេញមុខសុំទោស ជាសាធារណៈក្នុង FACEBOOK ចំពោះការផុសរូបភាពបំបៅដោះកូន នៅកន្លែងធ្វើការ និងស្លៀកឈុតឯកសណ្ឋាន កាលពីថ្ងៃទី 02/03/2021 កន្លងមកនេះ ការផុសទៅនេះ នាងខ្ញុំពុំមានគោលបំណងធ្វើអោយប៉ះពាល់ដល់ កិត្តិយស អង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្រ្តីខ្មែរទេ។ អាស្រ័យដូចនេះ សូមអង្គភាព និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ មេត្តាដោយក្តីអនុគ្រោះ”។
លុះមកដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ ស្រាប់តែគេឃើញ រូបថតមួយសន្លឹកទៀត នៃកិច្ចសន្យា កិច្ចសន្យា ដោយអនុសេនីយ៍ទោ ស៊ីថុង សុខា បានបញ្ជាក់ថា៖ “ប្រសិនបើខ្ញុំមិនគោរពពាក្យសន្យាខាងលើ នាងខ្ញុំសូមទទួលខុសត្រូវមុខច្បាប់ជាធរមាន”៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖
មកដឹងការពិត អនុសេនីយ៍ទោ ប្រាប់រឿងការបង្ហោះរូបបំបៅកូនរបស់ខ្លួន និងកិច្ចសន្យាបែកធ្លាយ


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


