ព័ត៌មានជាតិ
រដ្ឋាភិបាលចែកគ្រាប់ពូជស្រូវ៦០០តោន ដល់ប្រជាកសិករ៦១១៩គ្រួសារ ដែលរងប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ
ក្រចេះ ៖ គ្រាប់ស្រូវពូជចំនួន ៦០០តោន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចែកជូនដល់បងប្អូនប្រជាកសិករចំនួន ៦១១៩ គ្រួសារក្រុងស្រុកចំនួន ៥ នៃខេត្តក្រចេះដែលបានរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀងដើម្បីដាំស្តារឡើងវិញ ឱ្យបានទាន់ពេលវេលា។ ជំនន់ទឹកទន្លេមេគង្គនិងជំនន់ទឹកភ្លៀង កាលពីខែកញ្ញា កន្លងទៅនេះបានបំផ្លាញដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះចំនួន ៥៨៧២ ហិកតា និងដំណាំផ្សេងៗទៀត។

សកម្មភាពនៃការចែកពូជស្រូវជូនប្រជាពលរដ្ឋដើម្បីដាំស្តារឡើងវិញនេះ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី៦ ខែតុលា តាមបណ្តាឃុំនៃស្រុកនានារបស់ខេត្តក្រចេះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១០ ខែតុលា នៅក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងរដ្ឋបាលខេត្តក្រចេះ អាជ្ញាធរពាក់ព័ន្ធ ដើម្បីបងប្អូនប្រជាកសិករទទួលបានគ្រាប់ពូជស្រូវបានឆាប់រហ័ស និងអាចយកទៅដាំស្តារឡើងវិញបានទាន់ពេលវេលា។

ក្នុងពិធីចែកស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១៣២៥ គ្រួសារនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាកសិករ និងបានដាក់ចុះនូវវិធានការអន្តរាគមន៍ នានាដើម្បីជួយប្រជាកសិករដែលរងគ្រោះដោយគ្រោះធម្មជាតិ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានបង្ហាញការសោកស្តាយចំពោះគ្រោះធម្មជាតិនេះនិងបានលើកទឹកចិត្តដល់បងប្អូនប្រជាកសិករក្នុងខេត្តក្រចេះបន្តខិតខំប្រឹងប្រែងដាំស្តារឡើងវិញនូវដំណាំស្រូវរបស់ខ្លួនឱ្យបានទាន់ពេលវេលាជាមួយគ្រាប់ពូជស្រូវដែលរាជរដ្ឋាភិបាលផ្តល់ជូន។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តាំផ្ញើបងប្អូនប្រជាកសិករសូមអនុវត្តតាមបច្ចេកទេសកសិកម្មដែលមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបានផ្សព្វផ្សាយ និងណែនាំជូនពីការប្រើប្រាស់គ្រាប់ពូជស្រូវដាំដុះឱ្យបានទិន្នផលខ្ពស់៕







-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


