ព័ត៌មានជាតិ
ប្រេសិតពិសេសបារាំងទទួលបន្ទុកមីយ៉ាន់ម៉ា សុំទស្សនៈរបស់សម្ដេចតេជោ ជុំវិញការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា
នៅក្នុងជំនួប នាព្រឹកថ្ងៃទី១៧ ខែតុលា លោក Christian Lechervy ឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំងទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា បង្ហាញពីការចង់ដឹងអំពីទស្សនៈរបស់សម្ដេចតេជោក្នុងឋានៈជាឥស្សរជនមួយរូបក្នុងតំបន់អាស៊ាន ជុំវិញការរកដំណោះស្រាយមីយ៉ាន់ម៉ា។ លោក Christian Lechervy លើកឡើងដូច្នេះ ក្នុងពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម។
លោកអគ្គរដ្ឋទូត បានជម្រាបជូនសម្ដេចតេជោថា ការរៀបចំឱ្យមានប្រេសិតពិសេសរបស់ប្រទេសបារាំង ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា គឺជាការបង្ហាញពីកិច្ចប្រឹងប្រែងរបស់អន្តរជាតិ ជាពិសេសអឺរ៉ុប ក្នុងការជួយស្វែងរកដំណោះស្រាយមួយដ៏ល្អ ដើម្បីសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ាផង។ ដើម្បីសម្រេចគោលបំណងនេះ លោកប្រធានាធិបតី ម៉ាក្រុង បានឱ្យលោកទាក់ទងជាមួយបណ្តាប្រទេសជាមិត្ត និងជាដៃគូរបស់បារាំង ក៏ដូចជាភាគីនានា ដើម្បីស្វែងរកការគាំទ្រដល់ប្រទេសបារាំង ក្នុងការចូលរួមដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កន្លងមក ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ បានខិតខំជ្រោមជ្រែង ស្វែងរកដំណោះស្រាយសន្តិភាពទាំងក្នុងអាស៊ាន និងពីប្រទេសមីយ៉ាន់ម៉ាខ្លួនឯង ទាំងក្នុងបញ្ហានយោបាយ និងមនុស្សធម៌ ជាពិសេសគឺនៅក្នុងអាណត្តិដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាន។
លោកអគ្គរដ្ឋទូត បានបញ្ជាក់ថា បារាំងនឹងនៅតែបន្តផ្តល់ការគាំទ្រអាស៊ានទៅលើយន្តការ និងរាល់សកម្មភាពដូចដែលសម្តេចតេជោ បានធ្វើការងារទាំងនេះនៅឆ្នាំ២០២២ គឺការផ្តល់ជំនួយដល់ជនរងគ្រោះ តាមរយៈកាកបាទក្រហមមីយ៉ាន់ម៉ាផ្ទាល់ និងតាមអង្គការសង្គមស៊ីវិលផងដែរ។
លោក សង្កត់ធ្ងន់ដូច្នេះ៖« យើងត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងដឹកនាំប្រតិបត្តិការនានា ជួយប្រជាជនដែលកំពុងជួបការលំបាកយ៉ាងខ្លាំង។ ប្រជាជន និងប្រទេសមីយ៉ាន់ម៉ា កំពុងត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ហើយជំនួយនេះធ្វើទៅបានលុះត្រាតែមានដំណោះស្រាយផ្នែកនយោបាយ។ នេះជាសារ ដែលយើងចង់ផ្ញើ ទៅភាគីពាក់ព័ន្ធនៃវិបត្តិនេះ ក៏ប៉ុន្តែវិបត្តិនេះមិនមែនមានតែភាគីជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាដូចនៅឆ្នាំ ២០២១នោះទេ ក៏ប៉ុន្តែ ហាក់ដូចជាប្រែទម្រង់ទៅជាវិបត្តិក្នុងតំបន់ និងពិភពលោក។ ប្រទេសបារាំង ត្រៀមខ្លួនជានិច្ចផ្តល់ការគាំទ្រដល់អាស៊ាន ជាពិសេស កុងសង់ស៊ីស ៥ចំណុច។ »។
ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ ចំពោះការទទួលស្គាល់តួនាទីរបស់សម្តេច ក្នុងការចូលរួមដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកន្លងមក។ សម្តេចតេជោ ក៏បានរំលឹកពីអនុស្សាវរីយជួបពិភាក្សាជាមួយលោកប្រធានាធិបតីម៉ាក្រុង ដែលមានទាំងបញ្ហាសភាពការណ៍ នៅមីយ៉ាន់ម៉ា បញ្ហានៅអ៊ុយក្រែននិងបញ្ហាដទៃទៀត។
សម្តេចតេជោ បានថ្លែងអំណរគុណប្រទេសបារាំង ដែលបានគិតគូរពីតំបន់អាស៊ាន តាមរយៈការរៀបចំប្រេសិតពិសេសទទួលបន្ទុកវិបត្តិនៅមីយ៉ាន់ម៉ានេះ គឺជាការរួមចំណែកដល់សន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ាផង និងក្នុងតំបន់អាស៊ានផងដែរ។ សម្តេចតេជោ បានជម្រាបទៅលោកអគ្គរដ្ឋទូតថា អាស៊ាន បានធ្វើកិច្ចការច្រើនណាស់ ដើម្បីជួយដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា ហើយជាចម្បងនោះ អាស៊ានត្រូវមានការឯកភាពគ្នា។
សម្តេចតេជោ បានបន្តថា នៅដើមឆ្នាំ២០២២ ក្នុងពេលដែលសម្ដេចធ្វើជាប្រធានអាស៊ានសម្ដេចបានទៅកាន់មីយ៉ាន់ម៉ា តែពេលនោះសម្ដេចបានទទួលការអបអរផង និងរិះគន់ផង។ ទោះជាយ៉ាណាក្តី ទស្សនកិច្ចរបស់សម្តេចទៅប្រទេសមីយ៉ាន់ម៉ា គឺដើម្បីព្យាយាមរកដំណោះស្រាយ និងបើកផ្លូវឱ្យមានការចរចារវាងភាគីជម្លោះពាក់ព័ន្ធ និងឱ្យមានផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលរងគ្រោះ ដែលជាការអនុវត្តកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ចំណុច។ ជាប្រធានអាស៊ាន សម្តេចមិនអាចនៅស្ងៀម មិនអើពើនឹងស្ថានភាពដ៏អាក្រក់ក្នុងប្រទេសជាសមាជិកអាស៊ានទេ។
ជាមួយគ្នានេះដែរ សម្តេចតេជោបានចែករំលែកជាមួយ លោកឯកអគ្គរដ្ឋទូត Christian Lechervy អំពីយុទ្ធសាស្ត្រ ទស្សនៈ និងបទពិសោធន៍របស់សម្តេច ក្នុងការចរចាជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការស្វែងរកសន្តិភាព សម្រាប់ប្រទេសកម្ពុជា កាលពីទសវត្សឆ្នាំ១៩៨០ និង១៩៩០។ សម្តេចបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការជួបចរចានិងធ្វើការជាមួយនឹងអ្នកកាន់អំណាចជាក់ស្តែង នៅក្នុងការដោះស្រាយវិបត្តិ និងផ្តល់ជំនួយមនុស្សធម៌។
សម្ដេចបន្តថាស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ាមានភាពស្មុគស្មាញ ដែលគួរតែត្រូវបានគិតគូរឡើងវិញ ចំពោះកញ្ចប់ផែនការថ្មីនៃដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន ដោយមូលហេតុថា កិច្ចព្រមព្រៀងកុងសង់ស៊ីស៥ចំណុចរបស់មេដឹកនាំអាស៊ាននាពេលនេះ ហាក់បីដូចជាហួសសម័យទៅហើយ។ ជាក់ស្តែង ចំណុចមួយនៃចំណុចទាំង៥នោះ លើកឡើងពីការទប់ស្កាត់ហិង្សា ប៉ុន្តែ ពេលនេះ ស្ថានភាពរាលដាលសឹងតែក្លាយទៅជាសង្រ្គាមស៊ីវិលទៅហើយ។
សម្តេច បានបន្ថែមថា៖«យើងមានសុទិដ្ឋិនិយម ចំពោះវិធីសាស្រ្តថ្មី ដែលអាចទាញសភាពការណ៍មីយ៉ាន់ម៉ា ឈានទៅរកការចរចាបាន។ សម្តេច បានបញ្ជាក់ថា ដំណោះស្រាយយោធា មិនអាចដោះស្រាយបញ្ហាមីយ៉ាន់បាននោះទេ ហើយ ការស្វែងរកសន្តិភាព តាមរយៈការចរចា ទាមទារនូវពេលវេលា។ »។
សម្ដេចតេជោបានជម្រាបជូនលោកប្រសិតពិសេសបារាំងថាសម្ដេចធ្លាប់បានជួបជាមួយលោក Min Aung Hlaing កាលពីឆ្នាំ២០២២ ហើយបន្ទាប់មកទៀតក៏បានជួបតាមអនឡាញជាបន្តបន្ទាប់ ហើយថ្មីៗនេះបេសកជនពិសេសរបស់មីយ៉ាន់ម៉ាក៏បានមកជួបសម្ដេចផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោបានសម្តែងនូវក្តីរីករាយដែលមីយ៉ាម៉ាទទួលយកនូវអនុសាសន៍របស់សម្ដេច ក្នុងការបញ្ជូនតំណាងមិនមែននយោបាយទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ។
លោកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការចែករំលែកទស្សនៈ និងបទពិសោធន៍ដ៏អស្ចារ្យរបស់សម្តេចតេជោ ទាំងបទពិសោធន៍ផ្ទាល់ខ្លួននៃដំណើរស្វែងសន្តិភាពឱ្យប្រទេសកម្ពូជា និងការខិតខំចូលរួមស្វែងរកសន្តិភាពឱ្យប្រទេសមីយ៉ាន់ម៉ា យ៉ាងសុទ្ធចិត្តទាំងផ្នែកនយោបាយ និងមនុស្សធម៌។ លោក នឹងបន្តធ្វើការងារជាមួយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ជាពិសេសប្រទេសនិយាយភាសាបារាំងក្នុងការរកដំណោះស្រាយដល់មីយ៉ាន់ម៉ាបន្តទៀត៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ៩ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ