ព័ត៌មានជាតិ
ប្រវត្តិការងារ និងពានរង្វាន់ របស់លោក ជា ចាន់តូ ទេសាភិបាលកិត្តិយស នៃធនាគារជាតិកម្ពុជា
តំណាងរាស្ត្រខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិកម្ពុជា លោក ជា ចាន់តូ បានទទួលមរណភាពនៅថ្ងៃវេលាម៉ោង ១០៖៣៥នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។

លោក ជា ចាន់តូ បានកាន់តំណែងជាអគ្គទេសាភិបាល ធនាគារជាតិកម្ពុជា រយៈពេល២៥ឆ្នាំ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣។ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ បានលេចជារូបរាងឡើង លោក ជា ចាន់តូ ត្រូវបានព្រះមហាក្សត្រតែងតាំងលោកជា អគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិកម្ពុជា ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។ ចំណែកតំណែងជាអគ្គទេសាភិបាលធនាគារជាតិកម្ពុជា ត្រូវបានព្រះមហាក្សត្រតែងតាំងកូនស្រីរបស់លោក ជា ចាន់តូ គឺលោកស្រីបណ្ឌិត ជា សេរី ឱ្យកាន់ការងារ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។
ខាងក្រោមនេះ គឺជាប្រវត្តិការងាររបស់លោក ជា ចាន់តូ ដែលលោកផ្ដល់កិច្ចសម្ភាសន៍ផ្ដាច់មុខជូនសារព័ត៌មាន Khmer Times ដើម្បីស្រង់សម្ដីផ្សាយ៖
បន្ទាប់ការរំដោះចេញពីរបបប៉ុលពត លោក ជា ចាន់តូ បានចាប់ផ្តើមការងារដំបូងនៅធនាគារជាតិនៃកម្ពុជា ក្នុងនាមជានាយកធនាគារជាតិនៃកម្ពុជាសាខាក្រុងភ្នំពេញពីឆ្នាំ១៩៧៩ ដល់ ១៩៨១ ហើយបន្ទាប់មក លោកត្រូវបានតែងតាំងជាទេសាភិបាលរង នៃធនាគារជាតិនៃកម្ពុជាពីឆ្នាំ១៩៨១ ដល់ ១៩៨៦ ។ ក្រោយមក ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩៨ លោក ជា ចាន់តូបានបម្រើការជារដ្ឋមន្ត្រីក្រសួងផែនការ រហូតដល់ឆ្នាំ១៩៩៨ ទើបលោក ត្រូវបានតែងតាំងដោយរាជរដ្ឋាភិបាលកម្ពុជា ជាទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ឆ្នាំ១៩៩៨ គឺជាឆ្នាំដ៏លំបាកមួយ ដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតក្នុងតំបន់ កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុ ខណៈដែលវិស័យធនាគារនៅមានភាពផុយស្រួយនៅឡើយ ហើយអត្រាប្តូរប្រាក់និងតម្លៃទំនិញនានាមានការប្រែប្រួលមិនទាន់មានស្ថិរភាពទេ។ វិស័យធនាគារនាពេលនោះមិនទាន់មានក្របខ័ណ្ឌគតិយុត្តគ្រប់គ្រាន់នៅឡើយទេ ដោយសារច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តិទៅនៃធនាគារជាតិនៃកម្ពុជាទើបតែត្រូវបានអនុម័តនៅឆ្នាំ១៩៩៦ និងច្បាប់ស្តីពី ការគ្រប់គ្រងការប្តូរប្រាក់ ក៏ទើបតែត្រូវបានអនុម័តនៅឆ្នាំ១៩៩៧ ផងដែរ។ ជាការពិតណាស់ ក្នុងស្ថានការណ៍បែបនេះ លោក ជា ចាន់តូ និងសហការីក្រោមដំបូលធនាគារជាតិ និងភាគីពាក់ព័ន្ធ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្តារប្រព័ន្ធធនាគារឡើងវិញ។
កាលណោះ ក្នុងនាមជាទេសាភិបាល លោក ជា ចាន់តូ ត្រូវដាក់ចេញនូវកំណែទម្រង់ជាច្រើន ដើម្បីកសាងនិងពង្រឹងប្រព័ន្ធធនាគារ និងអនុវត្តគោលនយោបាយរូបិយវត្ថុស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកដល់ការស្តារសេដ្ឋកិច្ច និងកសាងទំនុកចិត្តសាធារណៈលើរូបិយវត្ថុក្នុងស្រុក។ បច្ចុប្បន្ន ប្រព័ន្ធធនាគារត្រូវបានធ្វើទំនើបកម្មនិងធ្វើសមាហរណកម្មក្នុងតំបន់ និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។

ទោះបីមានបញ្ហាប្រឈមដែលធនាគារជាតិកំពុងជួបប្រទះក៏ដោយ ធនាគារជាតិកម្ពុជា បានខិតខំបំពេញតួនាទីជាអាជ្ញាធររូបិយវត្ថុនិងត្រួតពិនិត្យ ក៏ដូចជាដើម្បីសម្រេចបាននូវបេសកកម្មចម្បងៗ ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុសំដៅរក្សាស្ថិរភាពថ្លៃ ដាក់ចេញនូវគោលនយោបាយមីក្រូនិងម៉ាក្រូប្រុងប្រយ័ត្ន ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ អភិវឌ្ឍប្រព័ន្ធធនាគារ និងត្រួតពិនិត្យប្រព័ន្ធទូទាត់ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្រោមគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ សមិទ្ធផលដែលធនាគារជាតិកម្ពុជា សម្រេចបានក្រោមការដឹកនាំរបស់លោក ជា ចាន់តូ រហូតមកដល់ពេលនេះ បានជួយកសាងប្រព័ន្ធហិរញ្ញវត្ថុរឹងមាំនិងរួមចំណែកដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងកំណើនប្រកបដោយចីរភាព សូម្បីតែនៅគ្រាលំបាកនាពេលថ្មីៗនេះដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។ លោក ជា ចាន់តូ អះអាងថា ទាំងនេះគឺជាប្រភពនៃការលើកទឹកចិត្តរបស់លោកក្នុងការបំពេញតួនាទី ក្នុងនាមជាធនាគារិកកណ្តាល។

សមិទ្ធផលសំខាន់ៗ របស់លោក ជា ចាន់តូ ដែលចេញផ្សាយដោយធនាគារជាតិ នៃកម្ពុជារួមមាន៖
នៅក្នុងឆ្នាំ១៩៨៨ លោក ជា ចាន់តូ ត្រូវបានតែងតាំងជាទេសាភិបាលធនាគារជាតិ នៃកម្ពុជា នៅក្នុងពេលដែលប្រទេសកម្ពុជាកំពុងនឹងវិបត្តិហិរញ្ញវត្ថុអាស៊ី។ ក្នុងនាមជាទេសាភិបាល លោក ជា ចាន់តូ បានដឹកនាំកំណែទម្រង់ជាច្រើនក្នុងវិស័យធនាគារ និងបានពង្រឹងប្រព័ន្ធធនាគារនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ។
ជាមួយគ្នានេះ ក៏បានអនុវត្តន៍នូវនយោបាយរូបិយវត្ថុានានា ដែលស្របនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចជាតិពីវិបត្តិ និងជំរុញការរួមចំណែកយ៉ាងសកម្មរបស់ប្រព័ន្ធធនាគារនៅក្នុងកំណើនសេដ្ឋកិច្ចជាតិ។
ក្រោមការដឹកនាំរបស់ លោក ជា ចាន់តូ ប្រព័ន្ធធនាគារនៅកម្ពុជា ត្រូវបានធ្វើទំនើបកម្ម និងសមាហរណកម្មទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុតំបន់ និងអន្តរជាតិ។ ក្នុងតំណែងជាអគ្គទេសាភិបាលធនាគារជាតិកម្ពុជា លោក ជា ចាន់តូ ត្រូវបានទទួលស្គាល់ និងស្ងើចសរសើរដោយបណ្ដាធនាគារកណ្ដាល ក្នុងតំបន់ និងសកលលោក ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងធ្វើឱ្យមានភាពធន់ និងការអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា។

តាមរយៈការដាក់ចេញ និងអនុវត្តន៍វិធានការនានា ដើម្បីពង្រឹងបទបញ្ញត្តិ និងការត្រួតពិនិត្យធនាគារ ការអនុវត្តន៍គោលនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន ដើម្បីជំរុញនូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ការខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចឱ្យបានបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានឆ្លងកាត់នូវបញ្ហាប្រឈមផ្សេងៗ ជាពិសេសវិបត្តិជំងឺកូវីដ១៩។
ដោយមានស្នាដៃដ៏ឆ្នើម ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុក្នុងតំបន់ លោក ជា ចាន់តូ ទទួលបានរង្វាន់ធនាគារកណ្ដាលឆ្នើមប្រចាំអាស៊ីបាស៊ីហ្វិក ក្នុងចំណោមទេសាភិបាលឆ្នើមចំនួន៥ នៅជុំវិញពិភពលោក ដែលគ្រប់គ្រងបានយ៉ាងល្អ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ នៅឆ្នាំ២០២១។ លោក ជា ចាន់តូ ទទួលបានពានរង្វាន់ ព្រមទាំងប័ណ្ណសរសើរផ្សេងផ្សេងទៀតពីសំណាក់ស្ថាប័នដៃគូនិងប្រទេសជាមិត្ត។

លោក ជា ចាន់ តូ បានផ្ដួចផ្ដើមរៀបចំនិងសាងសង់សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ដើម្បីរួមចំណែកក្នុងការអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌប្រវត្តិសាស្ត្រ និងរូបិយវត្ថុដ៏សម្បូរបែបរបស់កម្ពុជាដល់សាធារណជនជាតិ អន្តរជាតិ ហើយធនាគារជាតិនៃកម្ពុជាក៏បានរៀបចំពិធីសម្ពោធសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុព្រះស្រីឦសានវរ្ម័នក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកាលពីឆ្នាំ២០១៩។ អគារទីស្នាក់ការកណ្ដាលថ្មីរបស់ធនាគារជាតិនៃកម្ពុជាសាងសង់នៅលើទីតាំងចាស់បាននិងកំពុងបន្តសាងសង់ជានិមិត្តរូបនៃការប្ដេជ្ញាចិត្តចំពោះទំនើបកម្មនិងការពង្រីកស្ថាប័នក៏ជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមជាចាន់តូផងដែរ។
គួរឱ្យដឹងថា បច្ចុប្បន្នសពរបស់លោក ជា ចាន់តូ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅផ្ទះលេខ ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ