ព័ត៌មានជាតិ
មជ្ឈមណ្ឌលជាតិផ្ដល់ឈាម អំពាវនាវវិស័យឯកជន និងសាធារណជន ចូលរួមបរិច្ចាគឈាមបន្ថែមទៀត ជួយសង្គ្រោះជីវិតអ្នកជំងឺ
មន្ត្រីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានធ្វើការអំពាវនាវដល់វិស័យឯកជន និងសាធារណជន ចូលរួមបរិច្ចាគឈាមឱ្យបានច្រើនបន្ថែមទៀត ដើម្បីឱ្យមជ្ឈមណ្ឌលអាចមានស្តុកឈាមគ្រប់គ្រាន់ជួយសង្គ្រោះជីវិតជនរងគ្រោះ ឬ អ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់ ដោយសារបច្ចុប្បន្ននេះការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃមានត្រឹមតែ ២០ ភាគរយប៉ុណ្ណោះ ខណៈការផ្តល់ឈាមដោយក្រុមគ្រួសារ និងសាច់ញាតិបងប្អូនរបស់អ្នកជំងឺមានរហូតដល់ ៨០ ភាគរយឯណោះ។

ថ្លែងក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅព្រឹកថ្ងៃទី ៨ វិច្ឆិកា នេះ លោកវេជ្ជបណ្ឌិត លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានប្រសាសន៍ថា ការចូលរួមបរិច្ចាគឈាមមិនត្រឹមតែជាសកម្មភាពមនុស្សធម៌ជួយសង្គ្រោះអាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងអាចឱ្យយើងដឹងពីសុខភាព និងជំងឺរបស់ខ្លួនដូចជា ជំងឺថ្លើមប្រភេទ បេ, សេ, ស្វាយ និងជំងឺអេដស៍ និងជួយកាត់បន្ថយជំងឺមហារីក ឬ កាត់បន្ថយការលើសជាតិដែកធ្វើឱ្យប៉ះពាល់ដល់ថ្លើម និងលំពែង ព្រមទាំងជួយសម្រួលសុខភាពបេះដូងផងដែរ។
លោកវេជ្ជបណ្ឌិត បានបន្តថា «ឈាមទោះបីជាយើងមិនផ្តល់យើងកំពុងធ្វើចលនានិយាយស្តីដើរឈរអង្គុយ ក៏វាគង់តែស្លាប់ ហើយក៏គង់តែកើតឡើងវិញដែរ។ អីចឹងបើទោះបីជាយើងមិនផ្តល់ ក៏ឈាមស្លាប់ចោលអាសាបង់ដែរ»។

លោកវេជ្ជបណ្ឌិត បានបន្តថា ពេលផ្តល់ឈាមមានចំណុះត្រឹមតែ ៣៥០ មីលីលីត្រ ហើយបន្ទាប់ពីផ្តល់ឈាមហើយភ្លាម ឈាមនឹងកកើតឡើងវិញភ្លាមដែរ តែគ្រាន់តែថាឈាមនៅខ្ចី។ ដូចនេះបានជាគេតម្រូវឱ្យបុរសអាចផ្តល់ឈាមក្នុងរយៈពេល ៣ ខែម្តង។ ចំណែកស្ត្រីវិញ អាចផ្តល់ ៤ ខែម្តង ដោយសារស្ត្រីមករដូវជារៀងរាល់ខែ។
លោកវេជ្ជបណ្ឌិត ជំរុញឱ្យយុវជន ស្ថាប័នរដ្ឋ និងឯកជន សូមចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់ដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះដល់អ្នកជំងឺ ពិសេសអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ដូចជា ស្ត្រីឆ្លងទន្លេ អ្នកជំងឺមហារីក អ្នកជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ ត្រូវការលាងឈាមជាដើម។

បើតាមលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់បានអះអាងថា បច្ចុប្បន្នក្នុង ១ ថ្ងៃ កម្ពុជា ត្រូវការឈាមសម្រាប់ជួយសង្គ្រោះអាយុជីវិតដល់អ្នកជំងឺ និងជនរងគ្រោះប្រមាណ ៤០០ ប្លោក ក្នុងនោះនៅរាជធានីភ្នំពេញ ត្រូវការប្រមាណ ៦៥% ស្មើនឹង ២៦០ ប្លោក និងតាមបណ្ដាខេត្ត ៣៥% ត្រូវការប្រមាណ ១៤០ ប្លោក។
លោករដ្ឋមន្ត្រី បានណែនាំដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវរៀបចំបែងចែកក្រុមការងារផ្តល់ឈាម ដើម្បីចុះទៅប្រមូលឈាមតាមគោលដៅនីមួយៗ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនៅតាមសាកលវិទ្យាល័យ ស្ថាប័នរដ្ឋ និងវិស័យឯកជននានា សំដៅធ្វើយ៉ាងណាប្រមូលឈាមឱ្យបានច្រើន ដើម្បីជួយដល់ជនរងគ្រោះដែលកំពុងត្រូវការឈាមជាចាំបាច់ ពិសេសឱ្យប្រទេសកម្ពុជាទទួលបានឯករាជ្យ ដោយទទួលបានការផ្តល់ឈាមដោយស្ម័គ្រចិត្តច្រើនដូចបណ្តាប្រទេសជិតខាងមានរហូតដល់ទៅជាង ៩០% ធ្វើឱ្យគេអាចផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់ដោយមិនចាំបាច់ឱ្យក្រុមគ្រួសារ ឬ សាច់ញាតិ បរិច្ចាគឈាមជំនួសនោះទេ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


