Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសាធារណការ ប្រកាសពង្រឹងគុណភាពមន្រ្តី ការទទួលខុសត្រូវ បទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវ

បានផុស

នៅ

ដើម្បីធានាដល់ការអភិវឌ្ឍ ភាពរីកចម្រើនផ្លូវ ថ្នល់ នៅក្នុងប្រទេសកម្ពុជា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់ចេញយន្តការពង្រឹងបទដ្ឋានបច្ចេកទេស ការពង្រឹងការទទួលខុសត្រូវ ការពង្រឹងគុណភាពសុវត្តិភាពទាំងផ្លូវថ្នល់ និងគុណភាពមន្ត្រីបម្រើការងារក្នុងវិស័យសាធារណការ។ លោករដ្ឋមន្រ្តី បានប្រកាសដូច្នេះនៅក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងថ្មី ព្រមទាំងមន្រ្តីរាជការ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត លោក ប៉េង ពោធិ៍នា បានអះអាងថា ដើម្បីធានាបាននូវគុណភាពប្រសិទ្ធភាពការងារអំពីការអភិវឌ្ឍផ្លូវថ្នល់ឲ្យបានជាប់គង់វង្សយូរអង្វែង គឺត្រូវមានការចូលរួមសហការគ្នារវាងប្រជាពលរដ្ឋឲ្យបានច្រើនដោយមិនត្រូវដឹកលើសទម្ងន់កំណត់ជាដើម។ ម្យ៉ាងវិញទៀត គឺត្រូវរៀបចំសហការ ធ្វើយ៉ាងណា ដើម្បីឲ្យផ្លូវមានភាពរស់រវើក មានន័យថា ត្រូវធ្វើបុរេសកម្មជាមួយនឹងផ្លូវថ្នល់ទាំងអស់នោះ ដោយត្រូវបន្តថែទាំជួសជុលក្រោយពីធ្វើរួចនៅត្រង់ចំណុចណាដែលមានការខូចខាតឲ្យបានទាន់ពេលវេលា ដើម្បីបង្ការទប់ស្កាត់កុំឲ្យមានការរីករាលដាលខូចផ្លូវកាន់តែធំ។

ជាមួយគ្នានេះ លោក ប៉េង ពោធិ៍នា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរសាធារណការខេត្តស្វាយរៀង ដែលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ផ្លូវថ្នល់ជួសជុលថែទាំជាបន្តបន្ទាប់ធ្វើយ៉ាងណា ដើម្បីឲ្យផ្លូវទាំងអស់នេះ ធានាបាននូវគុណភាព ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាពរហ័ស និងទាន់ពេលវេលា។

ចំណែក លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងវិញ បានលើកឡើងថា ដោយបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ខេត្តបានខិតខំយកចិត្តទុកដាក់អភិវឌ្ឍន៍កសាងនូវផ្លូវ ពីផ្លូវខ្សាច់ភ្នំ ផ្លូវក្រាលគ្រូក្រហម រហូតដល់ផ្លូវចាក់បេតុង ឈានទៅដល់ផ្លូវជាតិ ផ្លូវកៅស៊ូ។ លោកអភិបាលខេត្តថា ទាំងអស់នេះ គឺបង្ហាញឲ្យឃើញពីភាពរីកចម្រើនរបស់ខេត្តដែលបានយកចិត្តទុកដាក់ខិតខំពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើយ៉ាងណាដើម្បីបង្កភាពស្រួលដល់ប្រជាពលរដ្ឋ៕

ដោយ៖ ភក្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម