Connect with us

ព័ត៌មានជាតិ

សហជីព និងកម្មករសប្បាយរីករាយសន្ដិភាព តែមិនចាប់អារម្មណ៍ចលនាផ្ការីកបុគ្គល សម រង្ស៊ី ទេ

បានផុស

នៅ

សហជីព និងកម្មករសប្បាយរីករាយក្រោមម្លប់នៃសុខសន្តិភាពដែលផ្តល់ឱកាសឱ្យពួកគាត់អាចរួមរស់ប្រកបដោយគុណធម៌ និងសាមគ្គីភាពជាមួយមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីដ៏ផូរផង់របស់ខ្លួន ប៉ុន្ដែពួកគាត់មិនចាប់អារម្មណ៍នឹងចលនា «ផ្ការីក» ដែលរៀបចំដោយក្រុមប្រឆាំងក្រៅប្រទេស សម រង្ស៊ី​ នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជាបាននិយាយថា៖«ខ្ញុំដូចជាមិនបានដឹងលឺពីចលនាផ្ការីកស្អីនោះទេ ព្រោះខ្ញុំមិនបានចាប់អារម្មណ៍នឹងចលនាដែលមិនមែនបម្រើឱ្យផលប្រយោជន៍ជាតិ និងពលរដ្ឋ។ ខ្ញុំមិនចង់និយាយអ្វីពីចលនាអីអស់ហ្នឹងទេ ដោយសារជាចលនាបំផ្លាញក្ដីសុខពលរដ្ឋ ខ្ញុំចាប់អារម្មណ៍តែមួយគត់ គឺប្រទេសយើងមានសុខសន្ដិភាព មានការធ្វើ មានប្រាក់ចំណូល ខ្ញុំបន្តពង្រឹងជីវភាពគ្រួសារខ្ញុំបន្ថែមទៀត»។

លោកបន្តថា លោកស្អប់ខ្ពើមការបង្កើតសកម្មភាពណាមួយដែលបង្កឱ្យប្រទេសជាតិមានចលាចល មានភាពវឹកវរដែលធ្វើឱ្យពលរដ្ឋគ្មានពេលវេលាជួបជុំគ្រួសារ និងគ្មានក្ដីសុខនៅក្នុងសង្គមនោះទេ។ លោក និងកម្មករជាច្រើននាក់ផ្សេងទៀតបានប្រកាសថា នឹងមិនចាប់អារម្មណ៍ និងចូលរួមចលនាដែលបង្កឡើងដោយក្រុមទណ្ឌិតសម រង្ស៊ីនោះឡើយ។

លោកបានអំពាវនាវឱ្យពលរដ្ឋផ្សេងទៀតកុំចាប់អារម្មណ៍នឹងសកម្មភាពណាមួយដែលផ្ទុយពីច្បាប់ និងមិនបម្រើឱ្យផលប្រយោជន៍ប្រទេសជាតិ។ ក្នុងនាមជាប្រជាពលរដ្ឋ ត្រូវតែសប្បាយរីករាយក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសេចក្តីសុខ និងសប្បាយរីករាយជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីកម្ពុជា។

លោក កាន់ ស៊ីថន កម្មកររោងចក្រដុងខូ នៅខណ្ឌពោធិ៍សែនជ័យបាននិយាយថា លោកក៏មិនបានចាប់អារម្មណ៍ចលនាក្បត់ជាតិណាមួយដែរ ហើយក៏មិនបានដឹងពីចលនាផ្ការីកអ្វីនោះទេ។ លោកក៏ដូចពលរដ្ឋខ្មែររាប់លាននាក់ផ្សេងទៀត កំពុងសប្បាយរីករាយ ខណៈដែលមនុស្សរាប់រយលាននាក់លើពិភពលោកគ្មានឱកាសបែបនេះទេ ដោយពួកគេកំពុងរងទុក្ខវេទនាដោយសារការបាត់បង់សន្តិភាព ហើយសង្គ្រាមកំពុងកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន។

លោកបន្តថា៖«ខ្ញុំគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រោះគាត់បានធានាការពារបាននូវសុខសន្តិភាពដែលរកបានដោយកម្រ និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះក្នុងនាមប្រជាពលរដ្ឋខ្មែរ ខ្ញុំពិតជាមិនចង់ឱ្យបាត់បង់សន្ដិភាពដូចសព្វថ្ងៃនេះទេ»។

ចំណែកលោក ឃឹម ចាន់ណារិទ្ធ ជាកម្មកររោងចក្រទ្រីមែន អឺភែរិល នៅខេត្តកំពង់ស្ពឺបាននិយាយថា ប្រជាពលរដ្ឋ និងយុវជនខ្មែរបានស្គាល់ភាពសប្បាយរីករាយបែបនេះក្នុងនោះគឺសន្តិភាពដែលជាកត្តាកំណត់ចាំបាច់ និងចម្បងបំផុត ដើម្បីធានាឱ្យប្រជាពលរដ្ឋ និងយុវជនខ្មែរអាចស្គាល់ភាពសប្បាយរីករាយដោយគ្មានការព្រួយបារម្ភពីសង្គ្រាម ឬអសន្តិសុខផ្ទាល់ខ្លួនឡើយ។

ត្រង់ចំណុចនេះ លោកបានចាត់ទុកថា វាខុសប្លែកពីយុវជនជំនាន់មុនៗដែលកុមារភាព និងយុវវ័យរបស់ពួកគេត្រូវបានបំផ្លាញដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យជីវិតរស់ក្នុងភាពភ័យខ្លាច អត់ឃ្លាន និងប្រឈមមុខនឹងសេចក្តីស្លាប់គ្រប់ពេលវេលាដោយគ្រាប់កាំភ្លើង ដោយការកាប់សម្លាប់ ដោយពលកម្មបាក់កម្លាំង ឬដោយដាច់ពោះស្លាប់ព្រោះអត់អាហារ។

ប៉ុន្តែយុវជនសម័យនេះមិនដែលខ្វល់ខ្វាយអំពីបញ្ហាទាំងអស់នោះទៀតឡើយ លោកថា៖«សព្វថ្ងៃពួកខ្ញុំខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីបានប្រាក់ចំណូល រីឯយុវជនផ្សេងទៀត គឺគិតតែពីរៀនសូត្រយកសញ្ញាបត្រខ្ពស់ រស់ក្នុងជីវភាពសមរម្យ និងថ្លៃថ្នូរក្នុងសង្គមដ៏សម្បូរបែបទាំងចំណីអាហារ និងបច្ចេកវិទ្យាទំនើបៗដែលរៀមច្បងរបស់ពួកគេមិនដែលបានស្គាល់នោះឡើយនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយនេះ»។

វាមិនមែនជារឿងប្រឌិត ប៉ុន្តែគឺជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានអ្នកណាអាចបដិសេធបានឡើយ។ ប្រកែកមិនបានពីព្រោះនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយនេះ គ្មានពេលវេលាណាមួយដែលកម្ពុជាមានសន្តិភាពពេញលេញ និងយូរអង្វែងដូចសម័យបច្ចុប្បន្នឡើយ។

ក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយនេះ គ្មានពេលវេលាណាមួយដែលប្រទេសកម្ពុជាបានស្គាល់នូវការអភិវឌ្ឍន៍ខ្លាំងទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងទេសចរណ៍ដូចសម័យបច្ចុប្បន្នឡើយ ហើយក៏គ្មានសម័យកាលណាមួយដែលប្រជាពលរដ្ឋ និងយុវជនខ្មែរបានស្គាល់ភាពសម្បូរសប្បាយដូចសម័យបច្ចុប្បន្ននោះដែរ។

សមិទ្ធផលទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាពិតជាបានកើតចេញពីពលីកម្ម និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្ដិភាព។ ស្នាដៃនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលយុវជនក្នុងជំនាន់ថ្មី មិនត្រឹមតែត្រូវចងចាំទុកក្នុងចិត្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមគ្នាថែរក្សាការពារឱ្យបានគង់វង្សជារៀងរហូត ពីព្រោះវាគឺជាសមិទ្ធផលដែលមិនធ្លាប់កើតមានឡើយនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់ជាតិកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម