ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ឱ្យយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យបន្តការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀន គ្រប់ប្រភេទនៅតាមមូលដ្ឋាន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

ជាការកត់សម្គាល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំបែបនេះ ក្រោយពីអតីតកីឡាករបាល់ទាត់ជម្រើសជាតិ ណុប តុលា បានលោតទឹកសម្លាប់ខ្លួន ព្រោះតែពាក់ព័ន្ធនឹងល្បែងអនឡាញ និងករណីបុរសជាប្ដីសម្លាប់កូន ប្រពន្ធខ្លួនរួចចងកសម្លាប់ខ្លួនតាមក្រោយ ព្រោះតែផុងខ្លួនជំពាក់បំណុលវ័ណ្ឌក ដោយសារចាញ់ល្បែង។

ក្នុងសំណុំរឿងល្បែងស៊ីសងនេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារាចរឱ្យអ្នកផលិតមាតិកាលើបណ្ដាញសង្គមបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយមាតិកានៅលើបណ្ដាញទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសល្បែងតាមប្រព័ន្ធអនឡាញ។ បើក្នុងករណីនៅតែបន្តសកម្មភាព នឹងត្រូវប្រឈមចាត់វិធានការច្បាប់។

មួយថ្ងៃបន្ទាប់ ក្រោយចេញសារាចរ គឺនៅថ្ងៃទី០៥ ខែធ្នូ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តសារាចរបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ទៅដល់អភិបាលរាជធានី-ខេត្ត និងស្នងការនគរបាលរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ រួមទាំងស្រាវជ្រាវបង្ក្រាបទីតាំងផ្ទះបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ដោយត្រូវធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
ភ្ជាប់ជាមួយនឹងករណីល្បែងអនឡាញនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានណែនាំឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ពិនិត្ចំពោះកម្ចីតាមអនឡាញខុសច្បាប់ និងសហការជាមួយស្ថាប័នធនាគារ ដើម្បីស្រាវជ្រាវឱ្យឃើញពីប្រភពនៃការបញ្ជូនប្រាក់ទៅមករវាងក្រុមអ្នកលេងល្បែង និងមេល្បែង ពិសេសក្រុមឈ្មួញកណ្ដាល ដើម្បីទប់ស្កាត់ បង្ក្រាបឱ្យបានគ្រប់ច្រក និងគ្រប់មធ្យោបាយ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ការបើក ឬភ្ជាប់បណ្ដាញ និងការលេងល្បែងខុសច្បាប់។

ជុំវិញករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសទុកពេលត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន លុបចោលព័ត៌មានល្បែងអនឡាញពីបណ្តាញសង្គម បើមិនដូច្នោះ នឹងចាត់វិធានការតាមផ្លូវច្បាប់។
ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីដដែល សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំរដ្ឋបាលរាជធានី-ខេត្តពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ គួរកំណត់ឱ្យមានអប្បបរមានៅតាមផ្លូវនិងទីសាធារណៈ ជំនួសមកវិញត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ នៅតាមរាជធានី-ខេត្តរបស់ខ្លួន ឱ្យបានជាអតិបរមា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


