ព័ត៌មានជាតិ
ការប្រមូលផលចុងដៃសម្រាប់ស្វាយកែវរមៀត កំពុងមានហាងឆេងខ្ពស់
តម្លៃផ្លែស្វាយកែវរមៀត កាលពីប្រមូលផលដើមដៃ និងរហូតមកទល់នឹងការប្រមូលផលចុងដៃនេះ គេសង្កេតឃើញថាតម្លៃខុសគ្នាច្រើន នេះបើតាមការរៀបរាប់ពីម្ចាស់ចម្ការដែលស្ថិតក្នុងស្រុកមួយចំនួនក្បែរខ្សែបន្ទាត់ព្រំដែនថៃ។

អ្នកស្រី ឈឺន សាវ័ន្ត រស់នៅឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានកូនៗធ្វើចំការ និងបានដាំដើមស្វាយកែវរមៀតនេះ បានរៀបរាប់ថា នៅក្នុងតំបន់ប៉ែកខាងលិចខេត្តបាត់ដំបង គឺសម្បូរប្រជាពលរដ្ឋដាំដើមស្វាយកែវរមៀតនេះណាស់ ហើយនៅពេលបានផលគឺផ្លែស្វាយត្រូវបានគេចែកចេញជា ៣ប្រភេទដើម្បីលក់ទៅកាន់ទីផ្សារ ឬក៏ឈ្មួញកណ្ដាលចុះមកទិញដល់ចំការ។

អ្នកស្រីបានបន្តថា កាលពីដើមដៃផ្លែស្វាយកែវល្មៀតមានតម្លៃថោកបំផុត គឺក្នុងមួយគីឡូក្រាមសម្រាប់ផ្លែស្វាយខ្ចីធម្មតា ចន្លោះពី ៥០០រៀល ទៅ៩០០រៀលតែប៉ុណ្ណោះ ហើយក្រោយពេលដែលប្រជាពលរដ្ឋនាំគ្នាសម្រុកបេះដើម្បីលក់ឲ្យឈ្មួញ បានត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីការប្រមូលផល ក្នុងម្នាក់ៗស្ទើរអស់ពីចំការ ក៏ស្រាប់តែតម្លៃផ្លែស្វាយបានហក់ឡើងជាបណ្ដើរៗហើយមកទល់នឹងចុងដៃ ដែលផ្លែស្វាយអាចនៅសេសសល់ខ្លះៗសម្រាប់អ្នកមិនទាន់ប្រមូលផល គឺទទួលបានតម្លៃយ៉ាងល្អប្រសើរ។

អ្នកស្រីបានលើកឡើងអំពីតម្លៃនៃផ្លែស្វាយទាំង៣ប្រភេទនេះថា បច្ចុប្បន្នសម្រាប់ផ្លែស្វាយខ្ចីធម្មតា ដែលមិនស្អាត (ស្វាយបន្លែ) ក្នុងមួយគីឡូក្រាមបានឡើងរហូតដល់ ១.៧០០រៀលក្នុងមួយគីឡូ ដោយឡែកសម្រាប់ផ្លែស្វាយចាស់ល្អៗ គឺបានតម្លៃ ២.០០០ រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែស្វាយដែលគេខ្ចប់ គឺមានតម្លៃរហូតដល់ ៣.០០០ រៀល ក្នុងមួយគីឡូក្រាមឯណោះ នេះបើប្រៀបធៀបតម្លៃសម្រាប់ផ្លែស្វាយកែវរមៀតទាំង ៣ប្រភេទ ចាប់ពីដើមដៃក្នុងការប្រមូលផលរហូតមកទល់នឹងចុងដៃ គឺមានតម្លៃខុសគ្នាដូចមេឃនឹងដី ដែលធ្វើឲ្យប្រជាកសិករដែលប្រមូលផលនៅចុងដៃក្រោយគេនេះ គឺរីករាយត្រេកអរយ៉ាងក្រៃលែង ដែលមិននឹកស្មានថាតម្លៃស្វាយកែវរមៀត អាចឡើងខ្ពស់បែបនេះសោះ។ ហើយម្យ៉ាងទៀតបើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ គឺផ្លែស្វាយកែវរមៀតនេះគ្មានហាងឆេង និងគ្មានទីផ្សារទាល់តែសោះ ដែលធ្វើឲ្យប្រជាកសិករខ្លះបានកាត់បំផ្លាញចោលដើម្បីផ្លាស់ប្ដូរដំណាំឡើងវិញ ប៉ុន្តែឥឡូវប្រជាកសិករអាចសង្ឃឹមច្រើន ទៅលើតម្លៃផ្លែស្វាយកែវរមៀតនេះព្រោះបច្ចុប្បន្នការនាំចេញទៅកាន់ប្រទេសជិតខាងក៏មានទីផ្សារហើយនៅក្នុងស្រុកមួយចំនួនក៏មានសិប្បកម្មកែច្នៃសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ ដូចជាក្នុងស្រុករតនៈមណ្ឌលជាដើម ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


