ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំទទួលបានបណ្ដឹងពីពលរដ្ឋភាគច្រើនវិវាទដីធ្លី ដែលត្រូវដោះស្រាយក្រៅប្រព័ន្ធតុលាការ
អាជ្ញាធរនៃរដ្ឋបាលខេត្តកំពង់ធំទទួលបានបណ្ដឹងភាគច្រើនពីប្រជាពលរដ្ឋ គឺពាក់ព័ន្ធនឹងករណីវិវាទដីធ្លី ដោយរដ្ឋបាលខេត្តបានប្រើយន្តការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ។ តាមការបញ្ជាក់របស់អភិបាលខេត្ត ដើម្បីជំរុញ និងពន្លឿនការដោះស្រាយករណីវិវាទដីធ្លី រដ្ឋបាលខេត្តបានបង្កើតគណៈកម្មការសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត។

ការបញ្ជាក់របស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។ លោក នួន ផារ័ត្ន បានឱ្យដឹងថា វិវាទដីធ្លី ដែលរដ្ឋបាលខេត្តទទួលបានពាក្យបណ្តឹងសរុបចំនួន ៣៣ករណី/សំណុំរឿង ដែលកើតមានឡើងចំនួន ៥ស្រុកក្នុងខេត្តកំពង់ធំ។
ក្នុងន័យនេះ លោកអភិបាលខេត្ត បានសម្ដែងក្ដីរីករាយ និងអរគុណលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលបានផ្តល់កិច្ចសហការដ៏ជិតស្និតជាមួយរដ្ឋបាលខេត្ត ក្នុងភាពជាដៃគូសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ តាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

លោក បញ្ជាក់ថា នេះជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សក្នុងការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ការផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។
គួរជម្រាបថា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីលោក ជិន ម៉ាលីន អនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគូភាគី សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

លើកឡើងក្នុងពិធីនេះ លោក ជិន ម៉ាលីន បញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ធំពេលនេះ ជាការបើកទំព័រថ្មីថែមទៀតនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងវិស័យយុត្តិធម៌ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។
លោក ថា តាមរយៈអនុស្សរណៈនេះនឹងបង្កើនប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង ព្រោះថាសំណុំរឿងដែលបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ គឺរដ្ឋបាលខេត្ត អាចយកសំណុំរឿងមកឱ្យអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទទួលស្គាល់ និងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិនេះ។

លើសពីនេះទៀត រដ្ឋបាលខេត្ត ក៏អាចបញ្ជូនសំណុំរឿងដែលទទួលបានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ត មកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយពិនិត្យ និងដោះស្រាយ ជាពិសេសកំណត់ហេតុកិច្ចព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខណ្ឌអាជ្ញាធរជាតិ នឹងមានអនុភាពស្មើនឹងសាលក្រមតុលាការ ដើម្បីបង្កើននូវប្រសិទ្ធភាពនៃការព្រមព្រៀង បញ្ចប់វិវាទគូភាគីក្រៅប្រព័ន្ធតុលាការ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


