ព័ត៌មានជាតិ
ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន
ម្ចាស់ជ័យលាភីលេខ១សរសេរតាមអានជាសាធារណៈសំណេរអង្គរលើកទី២លោក ជា សាវី បាននាំប្រពន្ធកូនរបស់លោកដើរចេញពីទីតាំងរង់ចាំស្ដាប់លទ្ធផលដើម្បីត្រលប់មកផ្ទះវិញក្រោយអស់សង្ឃឹមនឹងទទួលបានជ័យលាភីបន្ទាប់ពីពិធីករប្រកាសឈ្មោះដល់អ្នកទទួលជ័យលាភីលេខ៤។
លោក ជា សាវី៖ «មុនប្រកាសលទ្ធផលហើយចាំដល់ព្រលប់ចឹងខ្ញុំអត់គិតថាខ្ញុំបានជាប់ជ័យលាភីអីទេ! សូម្បីតែរង្វាន់លួងចិត្តក៏អត់ដែរ។ អ៊ីចឹងខ្ញុំក៏សម្រេចនាំកូនប្រពន្ធត្រលប់ទៅផ្ទះវិញ»។

ដើរត្រលប់ទៅវិញពិតណាស់គឺលោកមិនសង្ឃឹមថាលោកទទួលបានជ័យលាភីណាមួយនោះទេ។
លោក ជា សាវី បន្តថា៖ «ខ្ញុំនាំកូនប្រពន្ធដើរទៅបន្ដិចបាន២០-៣០ម៉ែត្រហើយ ព្រោះវាយប់ហើយ។ តែពេលឮគេប្រកាសខ្ញុំក៏អត់ឮច្បាស់ដែរឮតែអ្នកនៅជិតៗហ្នឹងគាត់ហ៊ូរហើយហៅខ្ញុំ។ ខ្ញុំក៏ត្រលប់មកវិញតែអត់ឮឈ្មោះខ្លួនឯងច្បាស់ទេ។ ទៅក៏គេសួរខ្ញុំថា ជា សាវី មិនមែនៗ ខ្ញុំថាបាទ! (គេថា)អូឈ្មោះហ្នឹងជាប់ជ័យលាភី ខ្ញុំរត់មក(វេទិកា)ទាំងញ័រដៃជើង»។
លោក ជា សាវី អាយុ៤៦ឆ្នាំ គឺជាគ្រូភាសាខ្មែរ នៅវិទ្យាល័យ១០មករា១៩៧៩ នៅខេត្តសៀមរាប។ លោកថាពានរង្វាន់លេខ១នេះគឺជាកិត្តិយសមួយសម្រាប់រូបលោក ខណៈលោកបាននាំសិស្សរបស់លោកជាច្រើននាក់ផងដែរចូលរួមការប្រកួតនេះ។ លោកយល់ថាព្រឹត្តិការណ៍សំណេរអង្គរជាការរៀបចំមួយដែលល្អក្នុងការបំផុសលើកទឹកចិត្តសិស្ស និស្សិតបណ្ដុះគំនិតក្នុងការអាន និងសរសេរអក្សរខ្មែរច្រើន។

លោកគ្រូ ជា សារី ជាម្ចាស់ជ័យលាភីលេខ១ ស្ថិតក្នុងបញ្ជីបេក្ខជនលើ១៩ឆ្នាំ។ ដោយឡែកម្ចាស់ជ័យលាភីលេខ១អាយុក្រោម១៩ឆ្នាំបានទៅលើយុវតី វ៉ែន រតនា មកពីខេត្តកណ្ដាល។ ម្ចាស់ជ័យលាភីចាប់ពីលេខ២០ដល់លេខ១គឺសុទ្ធតែទទួលបានរង្វាន់ទាំងអស់។ ដោយឡែកសម្រាប់លំដាប់កំពូលទាំង៣គឺបានលើសគេក្រៅពីទទួលរង្វាន់ជាលុយសម្រាប់អ្នកលេខ១ ទទួលបាន៥លានរៀល លេខ២ទទួលបាន៣លានរៀល និងលេខ៣ទទួលបាន២លានរៀល ពួកគេបានទទួលនូវរង្វាន់ និងកាដូបន្ទាប់បន្សំផ្សេងទៀតជាច្រើន។

ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈសំណេរអង្គរលើកទី២ បានចាប់ផ្ដើមនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលមានអ្នកចូលរួមប្រកួត ១ ២២០នាក់។ ចំពោះវិញ្ញាសានៅឆ្នាំនេះគឺ «សៀមរាប-អង្គរ គឺជារតនសម្បត្តិសេដ្ឋកិច្ចវប្បធម៌» ដែលបានរំលេចពីភាពអស្ចារ្យនៃអច្ឆរិយៈវត្ថុពិភពលោកមួយនេះ។

រដ្ឋលេខាធិការក្រសួងអប់រំលោក ណាត ប៊ុនរឿន បានថ្លែងក្នុងពេលបិទព្រឹត្តិការណ៍សំណេរអង្គរនៅរសៀលថ្ងៃទី១៩នេះផងដែរថា ការសម្រេចជោគជ័យនៃសំណេរអង្គរគឺជាមោទនភាពនៃជនជាតិខ្មែរ ដែលនឹងកាន់តែទូលំទូលាយឡើង។ លោកបន្ថែមថាអ្នកមកចូលរួមនៅទីនេះមិនមែនជាការចង់បាននូវរង្វាន់នោះទេ តែជាការគាំទ្រដល់ព្រឹត្តិការណ៍នេះ។
លោកបន្ថែមថា៖ «ខ្ញុំជឿថាព្រឹត្តិការណ៍ឆ្នាំក្រោយនឹងឡើងដល់២ពាន់ឬ៣ពាន់នាក់»។
ងាកមកកាន់លោកគ្រូ ជា សាវី វិញលោកថាលោកនឹងចូលរួមព្រឹត្តិការណ៍នេះនៅឆ្នាំក្រោយទៀត ទោះបីមិនបានធ្វើជាបេក្ខជនក៏លោកអាចចូលរួមចំណែកក្នុងការងារណាមួយនៃព្រឹត្តិការណ៍ដ៏មោទននេះផងដែរ។
លោកថា៖ «ខ្ញុំនឹងចូលរួមទៀតទោះបីជាបេក្ខជនក្ដី ជាអ្នកជួយការងារនៅក្នុងផ្នែកសំណេរអង្គរក្ដីក៏ខ្ញុំនឹងចូលរួមដែរ»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


