ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ធ្វើពិធីបញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលជំងឺបេះដូង មានតម្លៃជាង ២លានដុល្លារ
នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឈមណ្ឌលសម្រាប់ព្យាបាលជំងឺបេះដូង ដែលមានតម្លៃជាង២លានដុល្លារ ក្រោមជំនួយសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ ពិធីនេះ ធ្វើក្រោមអធិបតីភាពលោកស្រីខេង រ៉ាស៊ី សមាជិកក្រុមប្រឹក្សាខេត្ត លោក ឌី រ៉ាដូ អភិបាលរងខេត្ត និងភាគីចូលរួមផ្សេងទៀត។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោកសាស្ត្រាចារ្យជំនួយ ប៉ែន ផល្គុន បានឲ្យដឹងនៅក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារមជ្ឈមណ្ឌលជំងឺបេះដូង ថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាផ្នែកមួយនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប មានតួនាទី ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ដែលមានគ្រែសម្រាកពេទ្យសរុបចំនួន ៤៧០គ្រែ មានផ្នែកផ្តល់សេវា ដោយផ្ទាល់ ២៤ និងផ្នែកគាំទ្រសេវា ១២។ លោកថា មន្ទីរពេទ្យនេះបាន និងកំពុងដើរតួនាទីជាមន្ទីរពេទ្យផ្តល់សេវាថ្នាក់តំបន់ ដោយសារវាមាន ការអភិវឌ្ឍ និងមានកម្រិតសមត្ថភាពរបស់ខ្លួន ខ្ពស់ជាងបណ្តាមន្ទីរពេទ្យខេត្តដទៃក្នុងតំបន់ ដែលបានធ្វើឲ្យ ប្រជាពលរដ្ឋរស់នៅក្នុងបណ្តាខេត្តក្បែរខាងក៏មកប្រើសេវានៅទីនេះយ៉ាងច្រើនផងដែរ ពិសេសនៅពេលដែល ពួកគាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬមានភាពស្មុគស្មាញ ដែលមានចំនួននេះមានប្រមាណ ២០ភាគរយនៃ ករណីសម្រាកពេទ្យសរុប ។

លោកប្រធានមន្ទីរពេទ្យបន្តថា សម្រាប់ឆ្នាំ ២០២៤ កន្លងទៅ មន្ទីរពេទ្យសម្រេចបានករណីពិគ្រោះជំងឺ ក្រៅប្រមាណជិត១៤ម៉ឺនករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៤៣៦ករណី ស្មើនឹង១.៤ ភាគរយ។ ជាការកត់សម្គាល់ ដោយសារមានការកើនឡើងនៃ អត្រាជម្ងឺមិនឆ្លង ពិសេសជម្ងឺទឹកនោមផ្អែម លើសសម្ពាឈឈាម ជម្ងឺបណ្តាលមកពីការលើសទំងន់ និងការកើនឡើងជាលំដាប់នៃចំនួនមនុស្សចាស់ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន បានធ្វើឲ្យបញ្ហាសុខភាពពាក់ព័ន្ធនឹងជំងឺបេះដូង និងសរសៃឈាម ដែលភាគច្រើនមានសភាពធ្ងន់ធ្ងរ និងហួសពីលទ្ធភាពនៃការព្យាបាលនៅថ្នាក់មន្ទីរពេទ្យខេត្ត មានការកើនឡើងជាលំដាប់គួរឲ្យមានការយកចិត្តទុកដាក់។ លោកបន្តថា ថ្វីត្បិតែមន្ទីរពេទ្យបច្ចុប្បន្នមានវេជ្ជបណ្ឌិតឯកទេសបេះដូងចំនួន៤រូបក៏ដោយ ក៏សមត្ថភាព និងលទ្ធភាព នៃការផ្តល់សេវាឯកទេសនេះនៅមានកម្រិតនៅឡើយ ពិសេសគឺមិនទាន់មានសេវា Cath Lab នៅក្នុងមន្ទីរពេទ្យឡើយទេ ហើយតាមការវិភាគបង្ហាញថា ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺខ្សោយបេះដូង គឺជាមូលហេតុចម្បង មួយនៃមូលហេតុស្លាប់នាំមុខទាំង១០ ក្នុងមន្ទីរពេទ្យ ។

លោក ប៉ែន ផល្គុន បញ្ជាក់ថា រយៈពេលកន្លងមកនេះ អ្នកជំងឺដែលមានជំងឺស្លោកសាច់បេះដូងដោយមូលហេតុស្ទះសរសៃឈាមបេះដូង តែងត្រូវគ្រូពេទ្យព្យាបាល ស្នើសុំបញ្ជូនទៅព្យាបាលបន្តជាបន្ទាន់នៅមន្ទីរពេទ្យថ្នាក់ជាតិ ដែលត្រូវរយៈពេលបញ្ជូនយ៉ាងតិចបំផុត ៤ ម៉ោង ហើយក៏មានករណីមួយចំនួនទៀតត្រូវបញ្ជូនមិនទាន់ ឬគ្មានលទ្ធភាពក្នុងការទៅទទួលសេវានៅមន្ទីរពេទ្យជាតិទៀតផង។ ភាពយឺតយ៉ាវក្នុងការបញ្ជូន រយៈពេល នៃការបញ្ជូនវែង និងដោយសារមានកង្វះលទ្ធភាពក្នុងការចំណាយសម្រាប់ការព្យាបាលនិងស្នាក់នៅឯមន្ទីរពេទ្យថ្នាក់ជាតិ បានធ្វើឲ្យអត្រាស្លាប់ និងអត្រាពិការភាពបណ្តាលមកពីជម្ងឺនេះមានកម្រិតខ្ពស់បំផុត។ លោកថា ដោយសារហេតុនេះ ទើបថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត បានប្រឹងប្រែង និង បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីអាចមានលទ្ធភាពបង្កើតឲ្យបាននូវសេវាឯកទេសបេះដូង និងសរសៃឈាមមួយក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលអាចមានលទ្ធភាពព្យាបាល និងជួយសង្គ្រោះអ្នកជំងឺ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប និងក្នុងតំបន់ជុំវិញ។
ជាមួយគ្នានេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប ក៏បានលើកឡើងដែរ អាគារមជ្ឈមណ្ឌលជំងឺបេះដូងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នេះនឹងក្លាយជាសមិទ្ធផលមួយថ្មីស្រឡាងបន្ថែមទៀត លើវិស័យសុខាភិបាលរបស់ខេត្ត ហើយនឹង ជួយសម្រួល ឲ្យការផ្តល់សេវាសុខភាពជូន ប្រជាពលរដ្ឋ កាន់តែមានផាសុខភាព និង ប្រកបដោយប្រសិទ្ធភាព។ លោកថា ការសាងសង់អាគារមជ្ឈមណ្ឌលជំងឺ បេះដូងនាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងការលើកកម្ពស់វិស័យសុខាភិបាលខេត្តមួយនេះ ឲ្យកាន់តែមានភាពទំនើបស៊ីវីល័យ ៕
ដោយ៖ គឿនវេត



-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


